ភ្នំពេញៈ សិល្បករ-សិល្បការិនី រាប់រយ នាក់បានប្រមូលផ្ដុំគ្នា រង់ចាំទទួលព្រះបរមសព សម្ដេចឪ សម្ដេចតា សម្ដេចតាទួតនៃយើង ដែលនឹងយាងមកដល់ នៅ រសៀលថ្ងៃទី១៧ ខែតុលាឆ្នាំ២០១២ នៅចន្លោះវេលាម៉ោង ២និង៤០នាទី ដល់ម៉ោង ៣ ពីទីក្រុងប៉េកាំង ប្រទេសចិន ដោយស្លៀកសំលៀកបំពាក់កាន់ ទុក្ខបាន នាំគ្នា ត្រៀមទទួលព្រះបរមសព ទាំងទឹកមុខក្រៀមក្រំ និងសោកស្ដាយជាទីបំផុត ។
ប្រធានសមាគមសិល្បៈខ្មែរ លោក សុះ ម៉ាច បានប្រាប់ដើមអម្ពិល ឱ្យដឹងនៅវេលា ម៉ោង២ៈ៣០នាទីនេះថា ពេលនេះលោក និងសិល្បករ-សិល្បការិនីខ្មែរ ប្រមាណ ជា ជិត៣០០នាក់ បានប្រមូលផ្ដុំគ្នា ឈរនៅជិត វិមានឯករាជ្យ ដើម្បីរង់ចាំទទួលព្រះបរម សពសម្ដេចឪ សម្ដេចតា សម្ដេចតាទួត ដែល យាងមកដល់ប្រទេស កម្ពុជា និងដង្ហែពីព្រលាន យន្ដហោះអន្ដរជាតិភ្នំពេញ ឆ្ពោះមកព្រះបរម រាជវាំង ក្នុងនាមលោកក៏ដូចជាសិល្បករខ្មែរ ទាំងអស់ពិតជាមានអារម្មណ៍តក់ស្លុតរន្ធត់ ក្រៃលែង នៅពេលដែលបានទទួលព័ត៌មាន ដ៏ទុក្ខសោកនិងក្រៀមក្រំបែបនេះ។
លោក សុះ ម៉ាច បានប្រាប់ឱ្យដឹងទៀតថា ក្នុងនាមលោកក៏ដូចជា អ្នកសិល្បៈទាំងអស់ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ រកទីបំផុតគ្មាន ថ្វាយជូនចំពោះ ព្រះវិញ្ញាណក្ខន្ធព្រះ ករុណា សម្ដេចព្រះបាទនរោត្ដម សីហនុ ព្រះ មហាវរក្សត្រ ដែលព្រះអង្គបានសោយទិវង្គត កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ វេលា ម៉ោង ១ៈ២០នាទី នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន ដោយព្រះរោគាពាធ។
ប្រធានសមាគមរូបនេះ ក៏បន្ដអំពាវនាវ ទៅដល់អ្នកសិល្បៈទាំងអស់ ដែលមិនទាន់បាន មកចូលរួម សូមមេត្ដារួសរាន់ឡើងដើម្បីមក រង់ចាំទទួលព្រះបរមសពសម្ដេចឪ សម្ដេចតា ព្រោះថា អស់រយៈពេលជាច្រើនឆ្នាំណាស់ មកហើយ ដែលព្រះអង្គខំប្រឹងពុះពារគ្រប់ ឧបសគ្គការពារជាតិមាតុភូមិ ស្វែងរកឯករាជ្យ ជូនប្រទេសជាតិ ហើយក្នុងនាមយើងជាកូន ខ្មែរ ក៏គួរណាស់តែមកដង្ហែ ព្រះរាជសពទ្រង់ ជាលើកចុងក្រោយផង៕