កំពត៖រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២នេះ នៅរង្វង់មូលធូរ៉េន ខេត្តកំពត បានប្រារព្ធ ពិធីរំលែក ព្រះរាជមរណៈទុក្ខ ការសោយទីវង្គត របស់ព្រះករុណា ព្រះបាទសម្តេចនរោត្តម សីហនុ ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតាជាតិ ឯករាជ្យ បូរណៈភាពទឹកដី និងឯកភាពជាតិខ្មែរ ។
ក្នុងពិធីរំលែកព្រះរាជមរណៈទុក្ខ និងកាន់ទុក្ខនេះ លោក ខួយ ឃុនហួរ អភិបាល នៃគណៈអភិបាលខេត្ត , ក្រុមប្រឹក្សាខេត្ត , កងកម្លាំងប្រដាប់អាវុធ ,ព្រះសង្ឃ,មន្ត្រីរាជការ និងប្រជារាស្ត្រទូទាំងខេត្តកំពត បានថ្លែងសារ រំលែកព្រះរាជមរណៈទុក្ខ របស់ព្រះករុណា ព្រះបាទនរោត្តមសីហនុ ព្រះមហាវីរៈក្សត្រខ្មែរ ដែលព្រះអង្គបាន សោយទីវង្គត នាថ្ងៃទី១៥ រោជ ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ ត្រូវនឹង ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង ១និង២០នាទី រំលងអធ្រាត្រ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា ដោយព្រះជរាពាធ នៅមន្ទីរពេទ្យ ទីក្រុង ប៉េកាំង នៃសាធារណៈប្រជាមានិតចិន ។
ក្នុងអង្គពិធី ទាំងមូល បានសម្តែងថ្វាយនូវដ៏មហាទុក្ខយ៉ាងជា្រលជ្រៅ ព្រមទាំងក្តីសង្វេគ ដ៏មហាធំធេង និងពោលពេលដោយ ក្តីសោកស្តាយ ស្រណោះអាឡោះអាល័យ ក្រៀមក្រំបំផុតរកគ្មាន ចំពោះ ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតា ជាទីសក្ការៈដែលព្រះអង្គបានសោយទីវង្គតលាចាកលោក ។
ក្នុងពិធីនេះដែរលោក ខួយឃុនហូរ ក៏បានប្រកាសកាន់ទុក្ខ និងរំលែក ព្រះរាជមរណៈទុក្ខ រយៈពេល ៧ថ្ងៃចាប់ ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២ ស្របតាមសារាចរណ៍របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា៕