ភ្នំពេញ៖ ឃ្លាំងលក់សម្ភារៈ នាំចូលពី ប្រទេសជប៉ុន យីហោ សាគូរ៉ា បឹងត្របែក ដែលមាន ទីតាំងស្ថិតនៅ ផ្ទះលេខ៧ ផ្លូវ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ទល់មុខ ភោជនីយដ្ឋានបឹងមាស ក្បែរស្ថានីយវិទ្យុ ១០២ ត្រូវបានអគ្គិភ័យ នាវេលាម៉ោងប្រហែលជា ៤ និង៣០នាទី រហូតដល់ម៉ោងជាង ៦ ព្រឹកព្រលឹម ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១២ បានរលត់វិញហើយ។
សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា និស្សិតសាកលវិទ្យាល័យច្បាប់ម្នាក់ ឈ្មោះ ណុល សុខា មានស្រុកកំណើត នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានស្លាប់នៅក្នុងឃ្លាំងនោះ ខណៈជនរងគ្រោះផ្សេងទៀត ត្រូវបានជួយសង្រ្គោះ។
ទោះមានការអន្តរាគមន៍ពីសមត្ថកិច្ចយ៉ាងណាក៏ដោយ អគ្គិភ័យមិនត្រូវបានពន្លត់ឲ្យទាន់ពេលវេលានោះទេ ពោលគឺបានឆាបឆេះឃ្លាំងនេះ អស់ទាំងស្រុងតែម្តង។ ដោយឡែកមូលហេតុនៃការឆាបឆេះនេះ មិនទាន់បានដឹងនៅឡើយទេ គ្រាន់តែសង្ស័យថា បណ្តាលមកពីទុស្សេខ្សែភ្លើង។
ចំពោះទំហំ នៃការខូចខាតក្នុងគ្រោះអគ្គិភ័យ ក៏មិនទាន់បានដឹងផងដែរ៕