សៀមរាប : នៅថ្ងៃ២កើត ខែអស្សុជ ឆ្នាំរោង ព.ស ២៥៥៦ ត្រូវនឹងថ្ងែទី១៧ ខែតុលា ឆ្នាំ២០១២នេះ ព្រះសង្ឃ ដូនជី តាជី ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ អាជីវករ លោកគ្រូ អ្នកគ្រួ សិស្សានុសិស្ស នៅក្រុងសៀមរាប ជាង ២០០០នាក់ ដែលមានស្មារតីគោរព ស្រឡាញ់ ចំពោះ ព្រះមហាវីរក្សត្រខ្មែរ ចូលរួមរំលែកនូវ ព្រះរាជមរណទុក្ខដ៏ក្រៀមក្រំរកទីបំផុតគ្មាន ចំពោះការសោយទីវង្គត របស់ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងថ្ងៃ និងពេលវេលាដែល ព្រះបរមសព របស់ព្រះអង្គ បានដង្ហែយាងមកដល់មាតុប្រទេស នៃព្រះរាជាណាចក្រកម្ពុជា ក្នុងរសៀលនេះ។
សម្រាប់ថ្ងៃនេះអ្នកយកព័ត៌មាន បានផ្ដិតយករូបភាព និងព័ត៌មាន ដែលទាក់ទងនឹងការចូលរួមរបស់ព្រះសង្ឃ ប្រជាពលរដ្ឋ នៅក្រុងសៀមរាប ប្រមាណជាង ២.០០០អង្គ/នាក់ ដែលបានចូលរួមដង្ហែក្បួន និងពិធីរំលែកនូវ ព្រះមរណៈទុក្ខដ៏ក្រៀមក្រំរកទីបំផុតគ្មាន ចំពោះការសោយទីវង្គត របស់ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅតាមវត្តអារ៉ាម លំនៅឋាន អង្គភាព ស្ថាប័នរដ្ឋ និងវិស័យឯកជនមួយចំនួនទៀតផងដែរ។
នៅថ្ងៃដដែលនេះ វត្តពោធិលង្កា ព្រះសង្ឃ ដូនជី តាជី ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ អាជីវករ លោកគ្រូ អ្នកគ្រួ សិស្សានុសិស្ស បានចួលរួមដង្ហែក្បួន ពីវត្តពោធិលង្កា កាត់តាមដងផ្លូវ ឆ្លងស្ពាន់មកកាន់ព្រះរាជដំណាក់ ខេត្តសៀមរាប ជិតព្រះអង្គចេក ព្រះអង្គចម ដើម្បីបានអុជធូប ស្មិងស្មាធិ៍ គោរពព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ។ រួចបានដង្ហែក្បួនបន្តកាត់តាមដងវិថីមួយចំនួន រហូតដល់ផ្សារកណ្ដាល ឆ្លងស្ពានវត្តរាជបូព៌ វិលមកប្រារព្ធពិធីនៅឯវត្ត បន្តទៀត។ ក្នុងពិធីអុជធូបនៅឯព្រះរាជដំណាក់ យើងបានឃើញវត្តមានរបស់ លោក ចន្ទ សុផល ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយ លោក លោកស្រី ដែលជាមន្ត្រីរាជការ អាជ្ញាធរ មួយចំនួនទៀតផងដែរ។
ចំណែកឯនៅវត្តរាជបូព៌ ក្រុងសៀមរាប មានការរៀបចំពិធី កាន់នូវព្រះរាជមរណទុក្ខ ដ៏ក្រៀមក្រំនេះ ផងដែរ ដែលមានអ្នកចូលរួមពី ព្រះសង្ឃ ដូនជី តាជី ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ សិស្សានុសិស្ស ប្រមាណជា ៥០០អង្គ និងនាក់ផងដែរ។ រីឯនៅសារមន្ទីរ ព្រះនរោត្តម សីហនុ-អង្គរ ខេត្តសៀមរាប ក៏មានពិធីកាន់នូវ ព្រះរាជមរណទុក្ខ និងបាននិមន្ដព្រះសង្ឃ សូត្រមន្ដផងដែរ ដែលពិធីនេះផ្ដួចផ្ដើម រៀបចំ ដោយមន្ត្រីនគរបាល ការពារបេតិកភណ្ឌ នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប ចំនួន៥៩នាក់។ ក្រៅពីនោះ យើងឃើញមានការរៀបចំ ពិធីនេះ នៅតាមគេហដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីដ្ឋាន អង្គភាព/ស្ថាប័នរដ្ឋ និងទីគោរពសក្ការ: មួយចំនួនទៀតផងដែរ។
និយាយជារួមនៅខេត្តសៀមរាប ក៏ដូចជាព្រះសង្ឃ មន្រ្តីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ទូទាំងប្រទេស បាននាំគ្នាទស្សនា ស្ដាប់ អាន ការផ្សាយបន្តផ្ទាល់ របស់បណ្ដាញព័ត៌មាននានា ដែលមាន វិទ្យុ ទូរទស្សន៍ គេហទំព័រ និងបណ្ដាញព័ត៌មានផ្សេងៗទៀត ដែលស្ដីពី ព្រឹត្តិការណ៍ នៃការដង្ហែយាងមកដល់របស់ ព្រះបរមសព ប្រកបដោយភាពក្តុកក្តួល ក្រៀមក្រំ និងរន្ធត់រកទីបំផុតគ្មាន ព្រមទាំងមានការបង្ហូរទឹកភ្នែក និងសំឡេងខ្សឹកខ្សួលយ៉ាងរន្ធត់រកទីបំផុតគ្មាន ពីសំណាក់ប្រជារាស្រ្តរបស់ព្រះអង្គ ជាមួយនឹងក្ដីគោរព អាលោះអាល័យបំផុត៕