បាត់ដំបងៈ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានសមាគមយុវជនកម្ពុជា ខេត្តបាត់ដំបងនិងសហការី បានដឹកនាំ និងអញ្ជើញចូលរួមជាមួយរដ្ឋបាលខេត្ត ប្រារព្ធ ពិធីគោរពព្រះវិញ្ញាណក្ខន្ធ សម្តេចឪ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១២នេះ នៅក្នុងបរិវេណវត្តពោធិ៍វាល ស្ថិតក្នុងភូមិ សង្កាត់រតនៈ ក្រុងបាត់ដំបង ដោយមានការ ចូលរួមពីថ្នាក់ដឹកខេត្ត មន្រ្តីរាជការមកពីមន្ទីរនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រជាពលរដ្ឋ សិស្សានុសិស្ស និងព្រះសង្ឃអង្គជាច្រើនអង្គចូលរួម ផងដែរ។
សម្រាប់ព្រឹកថ្ងៃនេះដែរ អ្នកយកព័ត៌មាន បានផ្ដិតយករូបភាព និងព័ត៌មានដែលទាក់ទង នឹងការចូលរួម គោរពព្រះវិញ្ញាណក្ខន្ធ ពីសំណាក់សមាគមយុវជនកម្ពុជា ខេត្តជាមួយរដ្ឋបាល ខេត្តរួមមាន អភិបាលខេត្ត ប្រធានក្រុមបឹ្រក្សាខេត្ត មន្រ្តីរាជការជុំវិញខេត្ត ប្រជាពលរដ្ឋ និងព្រះសង្ឃ នៅខេត្តបាត់ដំបង ជិត ២.០០០នាក់ ដោយ បង្ហាញពីព្រះរាជមរណទុក្ខ ដ៏ក្រៀមក្រំរក ទីបំផុតគ្មាន ចំពោះការសោយទិវង្គត របស់ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការសោយទិវង្គត របស់ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា ក្រោយពេលដែល
ព្រះអង្គ នៃយើងបានយាង សោយទីវង្គត កាលពីវេលាម៉ោង ១៖២០នាទី យប់រំលងអាធ្រាត ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ហើយព្រះបរមសព របស់ព្រះអង្គ ត្រូវបាន យាងមកកាន់ មកប្រទេសកម្ពុជា កាលពីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ កន្លងទៅនេះ។
ព្រះសង្ឃ មន្រ្តីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងប្រទេសបាននាំគ្នាទស្សនាស្ដាប់ អាន ការផ្សាយបន្តផ្ទាល់ របស់បណ្ដាញព័ត៌មាននានា ដែលមាន វិទ្យុ ទូរទស្សន៍ គេហទំព័រ និងបណ្ដាញព័ត៌មានផ្សេងៗទៀត ដែលស្ដីពីព្រឹត្តិការណ៍ នៃការដង្ហែយាងមកដល់របស់ ព្រះបរមសព ប្រកបដោយភាពក្តុកក្តួលក្រៀមក្រំ និង រន្ធត់រកទីបំផុតគ្មានព្រមទាំងមាន ការបង្ហូរទឹកភ្នែក និងសំឡេងខ្សឹកខ្សួលយ៉ាងរន្ធត់រក ទីបំផុតគ្មានពីសំណាក់ប្រជារាស្រ្ត របស់ព្រះអង្គ ជាមួយនឹងក្ដីគោរព អាឡោះអាល័យបំផុត។
ក្រោយពីគោរពព្រះវិញ្ញាណក្ខន្ធ រួចមកសមាគមយុវជនកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ មកពីអង្គភាពទាំងអស់ នៅទូទាំងខេត្តបាត់ដំបងទាំងអស់ បាននាំគ្នារាប់បាត ប្រគេនព្រះសង្ឃ គ្រប់អង្គជាកិច្ចបង្ហើយកម្មវិធី ៕