បូហ្គោតាៈ យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ ចុះផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១២ថា ភ្លៀងធ្លាក់មួយមេធំ នៅកូឡុំប៊ី បណ្ដាលឱ្យស្លាប់ ពលរដ្ឋអស់ចំនួន ១២នាក់ និងជាង ៣៥០០នាក់ បាត់បង់ផ្ទះសម្បែង។ អាជ្ញាធរកូឡុំប៊ី បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា មានភ្លៀងធ្លាក់មួយមេធំ រួមទាំង ព្យុះបោកបក់យ៉ាងខ្លាំងបណ្ដាលឱ្យ ពលរដ្ឋកូឡុំប៊ីចំនួន ១២នាក់ បាត់បង់ជីវិត និងពលរដ្ឋប្រមាណជាង ៣៥០០នាក់ រងការខូចផ្ទះសម្បែង ដោយសារបាក់ ដួលរលំដោយសារ ខ្យល់បោកបក់ខ្លាំង ខណៈដែលមានភ្លៀងធ្លាក់នោះ។
ក្រុមអាជ្ញាធរជាតិបានឱ្យដឹងថា ”មានពលរដ្ឋប្រមាណជាង ៣៥០០នាក់ រងនូវផលប៉ះពាល់ដោយសារ ភ្លៀងមួយមេធំ នេះ ព្រោះលំនៅដ្ឋានរបស់ពួកគេ ត្រូវបំផ្លិចបំផ្លាញ ដោយខ្យល់បោកបក់ ហើយមានមនុស្ស ១២នាក់ បាត់បង់ជិវិត នៅក្នុងហេតុការណ៍នោះ ១៨នាក់រងរបួសធ្ងន់ និងនៅបាត់ខ្លួន ៦នាក់ ផ្សេងទៀតខណៈដែលភ្លៀងបង្អុរធ្លាក់ខ្លាំង ពេកនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ”។
ក្រុមអាជ្ញាធរខាងលើបានបញ្ជាក់ថា ”យើងបានផ្ដល់ការផ្គត់ផ្គង់ ម្ហូបអាហារដល់ពលរដ្ឋ ដែលបាត់បង់ផ្ទះសម្បែង ទាំងនោះទាន់ពេលវេលា” ។ ក្រោយពីមាន ភ្លៀងធ្លាក់ខ្លាំងបែបនេះ ក្រុមអាជ្ញាធរ ពិសេសមន្ត្រី ឧតុនិយមកូឡុំប៊ី បានប្រកាសដល់ពលរដ្ឋ របស់ពួកគេ ឱ្យដឹងអំពីការប្រុងប្រយ័ត្ន ចំពោះព្យុះភ្លៀងដែល នឹងបន្ដកើតមានឡើងនៅក្នុង តំបន់នៅក្នុងអំឡុងពេលប៉ុន្មានថ្ងៃ ខាងមុខទៀត ពិសេសអ្នកដែលរស់នៅ តំបន់ឆ្នេរសមុទ្រ ការីបៀន៕