Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ប្រជាពលរដ្ឋ នៅតែបន្តនាំគ្នា មកគោរពព្រះបរមសព របស់ព្រះមហា វីរក្សត្រ នៅថ្ងៃទីបី

$
0
0

ភ្នំពេញៈ ទោះបីជាព្រះបរមសពរបស់ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្តម សីហនុ បាន ដង្ហែមកដល់ព្រះបរមរាជរាំងតាំងពីថ្ងៃទី១៧ ខែតុលា នោះ ប្រជារាស្រ្ដខ្មែរ ទាំងក្មេង ទាំងចាស់ ព្រះសង្ឃ និង មន្រ្ដីរាជការជាច្រើន រហូតដល់ថ្ងៃសុក្រ ទី១៩ ខែតុលា នៅតែបន្តនាំគ្នាមកគោរព ព្រះបរមសព របស់សម្ដេចឪ ដដែល។ អ្នកខ្លះសូត្រធម៌ ខ្លះអុជធូបទានបួងសួងនៅព្រះអង្គដងកើ ខ្លះកាន់ព្រះឆាយាលក្ខណ៍សម្ដេចឪ និង ខ្លះទៀតស្រែកយំ ដើម្បីបង្ហាញពីការសោកស្ដាយ និងអាឡោះអាល័យជាទីបំផុត។

ក្នុងដៃកាន់ព្រះឆាយលក្ខណ៍សម្ដេចព្រះមហាវីរក្សត្រខ្មែរ និងបង្ហូរទឹកតិចៗផងនោះ លោកយាយ ស៊ុំ រ៉ាត់ មកពី ខេត្តសៀមរាប មានប្រសាសន៍ថា «ខ្ញុំមានការសោកស្ដាយជាខ្លាំងពេលទទួលដំណឹងថា សម្ដេចឪ យាងចូល ទិវង្គត ដោយសារសម្ដេចឪ មានគុណលើខ្ញុំជាច្រើន មិនអាចកាត់ថ្លៃបាន»។

លោកយាយបន្តថា ព្រះមហាវីរក្សត្រ បានទិញដី និងធ្វើផ្ទះឲ្យលោកយាយនៅ តែលោកយាយមិនបានសងគុណ អ្វីសោះដល់សម្ដេចឪ មានតែបួងសួងដល់ព្រះវិញ្ញាណក្ខន្ធរបស់សម្តេចឪ បានទៅកាន់ឋានសួគ៌ប៉ុណ្ណោះ។

លោកយាយបញ្ជាក់ថា លោកយាយបានមកតាំងពីថ្ងៃដែលគេដង្ហែព្រះបរមសពរបស់ព្រះមហាវីរក្សត្រ ព្រះករុ ណា ព្រះបាទ សម្ដេចព្រះនរោត្តម សីហនុ មកម្ល៉េះ ដោយលោកយាយបានខ្លីលុយគេធ្វើដំណើរមក ធ្វើយ៉ាងណា ឲ្យតែបានឃើញព្រះភក្ត្ររបស់សម្ដេចតាជាលើកចុងក្រោយ។

ព្រះតេជគុណ ព្រះនាម សុខេន ហ៊ាន គង់នៅវត្តឧណ្ណាលោម មានសង្ឃដីកាថា ព្រះអង្គបាននិមន្តមកព្រះបរម រាជរាំងតាំងពីថ្ងៃទីមួយ ដែលគេដង្ហែព្រះបរមសពសម្ដេចឪមកម្ល៉េះ ដោយសារថា ព្រះអង្គជាក្សត្រមួយអង្គ ដែល មានស្នាព្រះហស្ថជាច្រើនបន្សល់ទុកជូនកូនចៅជំនាន់ក្រោយ និងជាក្សត្រ ដែលបានទាមទារឯករាជ្យពេញបរិ បូរណ៍ជូនជាតិ ក៏ដូចជាបានទាមទារយកទឹកដីខ្មែរមកវិញ ពីប្រទេសថៃជាដើម។

ព្រះតេជគុណ មានថេរដីកាបន្តថា «ខ្ញុំចង់ឃើញព្រះបរមសពរបស់សម្ដេចឪ ជាលើកចុងក្រោយ ព្រោះនេះ ជា ពេលក្រោយបង្អស់ហើយ ដែលបានឃើញព្រះឆាយាលក្ខណ៍សម្ដេចឪ»។

យុវជនម្នាក់ឈ្មោះ ឯក គីមហុង ធ្វើការក្នុងស្ថាប័នមួយ បានមានប្រសាសន៍ថា ខ្លួនមកទីនេះ ដើម្បីអុជធូបបួង សួងដល់ព្រះវិញ្ញាណក្ខន្ធរបស់សម្ដេចតា ដើម្បីឲ្យព្រះវិញ្ញាណក្ខន្ធសម្ដេចតា បានទៅកាន់ឋានសួគ៌។

យុវជនរូបនេះ បានបន្តថា «ស្ថាប័នរបស់ខ្លួនបាន នាំគ្នាចែកទឹកសុទ្ធ នំបុ័ង បូពណ៌ខ្មៅ និងរបស់ផ្សេងទៀត ដោយឥតគិតថ្លៃ ដល់អ្នកមកចូលរួមគោរពព្រះបរមសពរបស់សម្ដេចតា នៃយើងនេះផងដែរ»។

លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្រ្ដី ដែលចូលរួមក្នុងការគោរពព្រះវិញ្ញា ណក្ខន្ធ ព្រះបរមសពសម្ដេចឪ បានមានប្រសាសន៍ ថា នៅតែមានប្រជាជនជាច្រើនមកចូលរួមគោរព ព្រះវិ ញ្ញាណក្ខន្ធ របស់ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្តម សីហនុ ទោះបីនេះជាថ្ងៃទីបី នៃការ ដង្ហែព្រះបរមសព របស់សម្ដេចឪ មកកាន់ព្រះបរមរាជវាំងក៏ដោយ។

លោកបញ្ជាក់ថា «នេះជាព្រឹត្តិការណ៍ទីពីរហើយ នៃការចូលរួមសាមគ្គី និងឯកភាពគ្នា របស់ប្រជាជនខ្មែរ ដែល ស្រលាញ់ប្រទេសជាតិ ទឹកដី និងគោរពស្រលាញ់ ព្រះមហាវីរក្សត្រនេះ បន្ទាប់ពីការចូលរួម ក្នុងការឈ្លានពាន របស់ប្រទេសថៃ»។

ព្រះរាជបរមសពរបស់អតីតព្រះមហាក្សត្រកម្ពុជា បានយាងនិវត្តន៍មកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី១៧ ខែ តុលា ឆ្នាំ២០១២ បន្ទាប់ពីព្រះអង្គ បានសោយទិវង្គត កាលពីយប់ថ្ងៃទី១៥ ខែតុលា វេលាម៉ោង១ និង៣០នាទី ដោយព្រះរោគាពាធ ក្នុងជន្មាយុ ៩០ព្រះវស្សា៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>