រតនគិរី ៖ គ្រោះថ្នាក់ចរាចរមួយកើតឡើង កាលពីវេលាម៉ោង ១និង៣០នាទី យប់ថ្ងៃទី១៨ ខែតុលា ឈានចូល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១២ រវាងរថយន្ដម៉ាកស៊ើប ពណ៌ក្រហម និងម៉ូតូកែច្នៃបណ្ដាលឱ្យជនរងគ្រោះ ជិះម៉ូតូ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ គ្រោះថ្នាក់ចរាចរនេះ កើតឡើងត្រង់ផ្លូវបំបែកជា៤ ស្ថិតក្នុងភូមិសោមត្រប់ថ្មី ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្ដរតនគិរី ។
តាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋដែលមានលំនៅ ក្បែរកន្លែងកើតហេតុ ប្រាប់ឱ្យដឹងថា រថយន្ដម៉ាកស៊ើប ពណ៌ ក្រហម ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-0834 ធ្វើ ដំណើរក្នុងទិសដៅពីកើតមកលិច មានល្បឿនយ៉ាងលឿន តាមបណ្ដោយផ្លូវជាតិលេខ ៧៨ ស្របពេលដែលជនរងគ្រោះ ជិះម៉ូតូចេញពីកម្មវិធីបុណ្យក្នុងភូមិ មាន សភាពស្រវឹងស្រាផងដែរ ជិះម៉ូតូឆ្លងកាត់ចំការស្វាយចន្ទី មានបំណងឆ្លងកាត់ទទឹងផ្លូវ ត្រង់ចំណុចផ្លូវបំបែកជា៤ មកផ្ទះរបស់ខ្លួន ដែលមានចម្ងាយពីផ្លូវជាតិ លេខ ៧៨ ប្រហែល ១០០ម៉ែត្រ ក៏ត្រូវរថយន្ដខាងលើបុកចំ ពាក់កណ្ដាលទ្រូងផ្លូវ ខ្ទាតទាំងមនុស្ស ទាំងម៉ូតូ និងរថយន្ដផ្លោងមកមុខផ្ទះប្រជាពលរដ្ឋ នៅក្បែរកន្លែងនោះ ប្រហែល ១០ម៉ែត្រ មកខាងឆ្វេង ដែលលាន់ឮសូរដូចផ្ទុះគ្រាប់អ៊ីចឹង ធ្វើឱ្យប្រជាពលរដ្ឋរស់ នៅក្បែរកន្លែងកើតហេតុ មានការភ្ញាក់ផ្អើល នាំគ្នាក្រោកពីដំណេក ទៅមើលហេតុការណ៍នេះ។
បន្ទាប់ពីហេតុការណ៍ គ្រោះថ្នាក់ចរាចរនេះកើតឡើង សមត្ថកច្ចិមូលដ្ឋាន ក៏បានទៅដល់ភ្លាមៗ ធ្វើការត្រួតពិនិត្យកន្លែងកើតហេតុ ឃើញអ្នកជិះម៉ូតូស្លាប់បាត់ទៅហើយ ចំណែកម៉ូតូខូចខ្ទេចខ្ទី មើលលែងយល់ រថយន្ដខូចខាតស្ទើរទាំងស្រុង រួចនាំយកមករក្សាទុក នៅប៉ុស្ដិ៍នគរបាលឃុំសោមធំ។
ប្រភពពីប្រជាពលរដ្ឋដដែល ប្រាប់បន្ដទៀតថា ជនរងគ្រោះមានឈ្មោះ រម៉ាស់ ណោះ ជនជាតិចារ៉ាយ អាយុ ៣២ឆ្នាំ និងមានប្រពន្ធឈ្មោះ សេវ ចាន់ ជនជាតិចារ៉ាយ អាយុ ២០ឆ្នាំ រស់នៅភូមិសោមត្រប់ថ្មី ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្ដរតនគិរី។
បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យ តាមប្រពៃណីជនជាតិចារ៉ាយ។ ជាមួយគ្នានេះដែរ បងប្អូនជនជាតិចារ៉ាយខាងលើ សំណូមពរទៅ អាជ្ញាធរស្រុកអូរយ៉ាដាវ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ សូមជួយស្វែងរកម្ចាស់រថយន្ដ មកប្រឈមមុខដោះស្រាយ ជាមួយច្បាប់ ពីព្រោះថា រថយន្ដបង្កគ្រោះថ្នាក់នេះ គឺមានស្លាកលេខសម្គាល់ច្បាស់លាស់។
ទាក់ទិនទៅនឹងករណី គ្រោះថ្នាក់ចរាចរខាងលើ សមត្ថកិច្ចជំនាញមិនទាន់ ស្វែងរកម្ចាស់រថយន្ដឃើញនេះ ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល មិនអាចសុំការ បំភ្លឺពីលោកម៉ា វិចិត្រ អធិការនគរបាលស្រុកអូរយ៉ាដាវ បានទេ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១២នេះ។
មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នឹងស្វែងរកប្រភពព័ត៌មានខាងលើ ដើម្បីចុះផ្សាយបន្ដទៀត៕