ភ្នំពេញៈ ជនដែលបួសជាព្រះសង្ឃ គឺជាអ្នកប្រតិបត្តិតាមឧវាទរបស់ព្រះពុទ្ធ ហើយក៏ជាអ្នកទូន្មាននិងណែនាំដល់ ពុទ្ធបរិស័ទ និងជាអ្នកផ្សព្វផ្សាយ ព្រះពុទ្ធសាសនា ជាបន្ត ដើម្បីឲ្យកូនចៅជំនាន់ក្រោយ បានយល់អំពីព្រះពុទ្ធសាសនា ប៉ុន្តែព្រះសង្ឃគង់នៅវត្តគោកខ្សាច់ បែរជាប្រកាន់បក្ខពួកបង្កជាជម្លោះ វាយតប់គ្នាបែកក្បាលហូរ ឈាមសម្រាកពេទ្យ ធ្វើឲ្យពុទ្ធបរិស័ទមានការមិនពេញចិត្តយ៉ាងខ្លាំង ។ ហេតុការណ៍វាយតប់គ្នានេះកើតឡើង កាលពីថ្ងៃ១៧ ខែតុលា ឆ្នាំ២០១២ ស្ថិតនៅក្នុងបរិវេណ វត្តគោកខ្សាច់ សង្កាត់ភ្លើងឆេះរទះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មាន ពីពុទ្ធបរិស័ទចំណុះជើងវត្តវិញ បានឲ្យដឹងថា ព្រះសង្ឃដែលរងគ្រោះនោះ មានព្រះនាមថា ជាង វណ្ណរ៉ា មានព្រះជន ៣១ព្រះវស្សា មានតួនាទី ជាព្រះគ្រូសូត្រឆ្វេងប្រចាំវត្ត ។ ចំណែកឯកព្រះសង្ឃ ជាជនដៃដល់នោះ មានព្រះនាម ជឹង អេងធិ មានព្រះជន ២៦ព្រះវស្សា ដែលត្រូវជាប្អូនបង្កើត របស់ព្រះចៅអធិការវត្តគោកខ្សាច់ព្រះ ជឹង អេងជើ ។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា មុនពេលកើតហេតុព្រះសង្ឃ ដែលជានេនបានឡើងលើកុដិឆាន់បាយ រួមនិងគ្រូ សូត្រឆ្វេង ស្តាំ ក៏នៅទីនោះផងដែរ លុះពេលឆាន់ ចប់ស្រាប់តែគ្រូសូត្រឆ្វេង បានសួរថា តើឆាន់រួចហើយឬនៅ ពេលនេនឆ្លើយថា ឆាន់រួចហើយ គ្រូសូត្រឆ្វេងបានប្រាប់វិញថា បើឆាន់រួចហើយចុះទៅ ពេលនោះ ទើបមាននេនមួយអង្គឆ្លើយថា ចុះខ្លាចបែកក្បាល ពេលនោះគ្រូសូត្រឆ្វេងឆ្លើយថា ខា្លចអីចុះទៅ ស្រាប់តែព្រះសង្ឃជាប្អូន របស់ចៅអធិការបែរជាស្រែកថា បើហ៊ាន ចុះបែកក្បាល ពេលនោះគ្រូសូត្រឆ្វេងងើប ក៏ត្រូវប្អូនចៅអធិការគប់និងកំប៉ុងទឹកក្រូច កូកាកូឡានៅទឹកពេញ បណ្តាលឲ្យរងរបួសពកព្រះកេស រួចហើយស្ទុះបោក ចំបាប់ បណ្តាលឲ្យសង្ឃព្រះនាម ជាង វណ្ណរ៉ា ផ្ងារក្រោយ ដួលបោកទៅនឹងឥដ្ឋការ៉ូ បែកព្រះកេស រយះហូរឈាមកក្លាក់ ត្រូវបានព្រះសង្ឃផ្សេងទៀត រួមនឹង ពុទ្ធបរិស័ទ ដឹកបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យកាល់ម៉ែតជាបន្ទាន់ ។
ប្រភពបានបន្តថា ព្រះចៅអធិការវត្ត ដែលបានដឹងឮ ក្នុងហេតុការណ៍នោះ ពុំបានឃាត់ទេ បែរជាពន្យុះ ឲ្យសង្ឃទាំងសងខាងចាប់ដៃគូ វាយគ្នាឲ្យដឹងឈ្នះ ចាញ់ម្តងទៅមើល មិនគិតបង្រួបបង្រួមភាគីទាំងពីរ ដើម្បីបញ្ចប់រឿង ហើយអ្វីដែលពុទ្ធបរិស័ទ មានការងឿងឆ្ងល់នោះ គឺព្រះសង្ឃដែលជាជនដៃដល់នោះ មិនមែនជាសង្ឃ នៅវត្តគោកខ្សាច់នេះទេ គឺគង់ចាំព្រះវស្សា នៅវត្តសារ៉ាវ័ន្តតេជោឯណោះទេ ប៉ុន្តែចាប់តាំងពីថ្ងៃបិណ្ឌ១មក គឺព្រះសង្ឃដែលជាប្អូន របស់ព្រះចៅ អធិការ បាននិមន្តមកគង់ នៅវត្តគោកខ្សាច់នេះរហូត ប្រហែលជាមករកលាភសក្តារៈហើយមើលទៅ ។
ពុទ្ធបរិស័ទបានរិះគន់ថា ចាប់តាំងពីចៅអធិការព្រះនាម ជឹង អេងជើ នេះមកកាន់ពេលណាមក របស់របរវត្តមួយចំនួន ដូចជាដើមឈើធំៗ មួយចំនួននៅក្នុងវត្ត តម្លៃ រាប់ពាន់ដុល្លារ ត្រូវកាប់លក់ខ្ទេចខ្ទីអស់ ធ្វើឲ្យពួកគាត់ មានការមិនពេញចិត្តយ៉ាងខ្លាំង ហើយម្យ៉ាងវិញទៀត ព្រះសង្ឃគង់នៅវត្តនេះ គឺចេះតែមានរឿងរកាំរកូសជា បន្តបន្ទាប់ស្ទើរតែបែកផ្សែង ហើយកាលពីជំនាន់ ចៅអធិការព្រះនាម ឡុង សុផាត ក៏ធ្លាប់មានរឿងជាច្រើនផងដែរ ដូចេ្នះពួកគាត់ជាពុទ្ធបរិស័ទ ពុំដែលបានធ្វើបុណ្យ ដោយស្រួលនោះទេ។
ពួកគាត់បានបញ្ជាក់ជាចុងក្រោយថា ពេលនេះពួកគាត់ជាពុទ្ធបរិស័ទ ចំណុះជើងវត្តចំនួន៤ភូមិ គឺរង់ចាំមើលដំណោះស្រាយ របស់ក្រសួងធម្មការ តើមានចំណាត់ការ របៀបណា ទៅលើសង្ឃជាបងប្អូននឹងគ្នាបែបណា ហើយទោះបីជាមានការសម្រុះសម្រួល បែបណាក៏ដោយ ក៏ពួកគាត់ពុំយល់ព្រមដែរ៕