ភ្នំពេញៈ សាលាអង្គការជំនាញ យុវជនឈានមុខ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១២ បានប្រារព្ធពិធី គោរព្ធព្រះវិញ្ញាណក្ខន្ធ ថ្វាយដល់ ព្រះមហាវិរក្សត្រ សម្តេចតា សម្តេចទួត ដែលព្រះអង្គ ទ្រង់បាន សោយទិវង្គត កាលពីថ្ងៃព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២កន្លងទៅនេះ។
ពិធីគោរពវិញ្ញាណក្ខន្ធនេះ មានការចូលរួមពីបណ្តាថ្នាក់ដឹកនាំសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រមាណជាជាង៣០០នាក់ ក្នុងគោល បំណង់ឧទ្ទិសបុណ្យ កុសលទាំងឡាយ ថ្វាយដល់ព្រះវិញ្ញាណក្ខន្ធ សម្តេចតា ដើម្បីឲ្យព្រះអង្គ ទ្រង់យាងទៅ សោយសុខក្នុង ឋានសុគតិភព ។
ប្រធានអង្គការជំនាញយុវជនឈានមុខ លោក ម៉ិច សីហា បានថ្លែងថា ក្នុងនាមលោកជាកូនខ្មែរ ដែលធ្លាប់ រស់នៅក្រោមម្លប់ ដ៏ត្រជាក់ របស់ព្រះមហាវិរក្សត្រ សម្តេចព្រះនរោត្តម សីហនុ ហើយព្រះអង្គ ក៏ជាបិតាជាតិខ្មែរនោះ លោកក៏ដូចជាប្រជាពលរដ្ឋ ដទៃទៀតដែរ បានដឹកនាំបុគ្គលិក របស់ខ្លួន ថែមទាំង សិស្សានុសិស្សទាំងអស់ ប្រារព្ធពិធី កាន់ទុក្ខ ថ្វាយជូនព្រះវិញ្ញាណក្ខន្ធ របស់ព្រះអង្គ។ លោកបានបន្តទៀតថា ទាំងរូបលោកផ្ទាល់ បុគ្គលិកទាំងស្រីប្រុស សិស្សានុសិស្ស ទាំងអស់របស់ត្រូវបានបំពាក់បូរ កាន់ទុក្ខចំនួន៧ថ្ងៃ ដើម្បីឲ្យស្រប់ទៅតាម លក្ខណៈកូនខ្មែរ និងស្របតាមសេចក្តី ប្រកាសរបស់ រាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេសទាំងអស់ជាង១៤លាននាក់ និងប្រជាពលរដ្ឋខ្មែរ នៅទូទាំង ពិភពលោក បានកំពុងតែកាន់ទុក្ខគ្រប់គ្នា ដើម្បីគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះមហាវិរក្សត្រ ដែលព្រះអង្គ ទ្រង់សោយទិវង្គត កាលពីពេលកន្លង ទៅថ្មីៗនេះ ដោយព្រះរោគជរាពាធ ។ ព្រះបរមសពរបស់ព្រះអង្គ ត្រូវបាន ប្រកាសឲ្យ កាន់ទុក្ខចំនួន៧ថ្ងៃ ហើយតម្កល់មិន តិចជាងបីខែឡើយ ។ ទាំងមេដឹកនាំ មហាអំណាចមួយចំនួន ជាពិសេសប្រទេសចិន ទាំងប្រទេសមហាមិត្ត ជាច្រើន បានពោលនៅពាក្យ សោកស្តាយព្រះទ័យ របស់ព្រះអង្គ គ្រប់ៗគ្នា។ ព្រះអង្គត្រូវបាន គេចាត់ទុកថា ជាបិតាស្ថាបនិក បិតាឯករាជ្យ បិតាសន្តិភាព របស់ព្រះរាជាណាចក្រ កម្ពុជា៕