ព្រៃវែងៈ មិនខុសពីប្រជាពលរដ្ឋទូទៅក្នុងប្រទេស កម្ពុជា ក្រុមលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសាលា បឋមសិក្សា សម្តេចឪសម្តេចម៉ែ និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត មង្គលរតនារាម ហៅវត្តម៉ាំងសាលា ស្ថិតក្នុងភូមិព្រៃក្តួច ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង បាននាំគ្នាប្រារព្ធពិធីកាន់ព្រះរាជមរណទុក្ខ ក៏ដូចជាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ ដែលទើបនឹងយាងសោយទីវង្គតកាលពីពេលថ្មីនេះ។
ប្រកបដោយទឹកចិត្តគារវភក្តី និងការតបស្នងព្រះរាជាទិគុណ នៃព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទ សម្តេច ព្រះ នរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី ដែលបានបូជាអស់កម្លាំងកាយពល ដើម្បីជាតិ និង ដើម្បីប្រជារាស្រ្ត ក្នុងការទាមទារឯករាជ្យ ក៏ដូចកសាងប្រទេសជាតិឲ្យរីកចម្រើន និងល្បីខ្ទរខ្ទារលើសកលលោក នោះ ចាប់តាំងពីថ្ងៃទី១៧ ខែតុលា រហូតដល់ថ្ងែទី ២០ ខែ តុលា ឆ្នាំ ២០១២នេះ លោកស្រីនាយិកា វូ គា និង លោកនាយករង អ៊ិត សុទ្ធី ព្រមទាំងគណៈកម្មការវត្ត បានដឹកនាំលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំង ប្រជាពលរដ្ឋគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ និងបួងសួងឲ្យព្រះអង្គយាងទៅសោយសុខក្នុងព្រះបរម សុគតិភព។
ប្រកបដោយទឹកមុខក្រៀមក្រំ ពោរពេញដោយទុក្ខសោកសង្រេងគ្មានអ្វីប្រៀបផ្ទឹមនោះ ក្រុមលោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋក្នុងភូមិឃុំខាងលើ បានបួងសួងដល់ព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ តាមជួយបីបាច់ថែរក្សាកូនចៅ ចៅទួត ចៅលួត របស់ព្រះអង្គឲ្យជួបតែសេចក្តីសុខ ជាពិសេសតាមជួយបីបាច់ថែ រក្សាប្រទេសកម្ពុជាឲ្យជួបតែសុខសន្តិភាព ចៀសផុតពីការឈ្លានពាន និងកាប៉ុនប៉ងយាយីពីសត្រូវជិតឆ្ងាយទាំង អស់៕