យុំាងហ្គន៖ កាសែតរដ្ឋមួយចំនួននៅប្រទេស មីយ៉ាន់ម៉ា ដែលធ្លាប់តែបម្រើផ្តាច់មុខដល់អតីតរបបយោធា និង ថ្នាក់ដឹកនាំទាំងឡាយនៅប្រទេសនេះ នឹងចុះហត្ថលេខាជាប្រវត្តិសាស្ត្រមួយ ដើម្បីក្លាយខ្លួនជាសារព័ត៌មាន ដែលបម្រើសេវាកម្មជាសាធារណៈវិញ នៅថ្ងៃសៅរ៍ ទី២០ ខែតុលា ឆ្នាំ២០១២នេះ។
កាសែតរដ្ឋចំនួនបី ដែលគ្រប់គ្រងដោយរដ្ឋ បានគ្រោងចុះហត្ថលេខា ដើម្បីក្លាយខ្លួនជា គ្រឹះស្ថានបម្រើការងារ សាធារណៈនោះមានដូចជា កាសែតពន្លឺថ្មី នៃមីយ៉ាន់ម៉ា ជាភាសា អង់គ្លេស, កាសែត អាលីន មីយ៉ាន់ម៉ា និង កាសែត គ្យេម៉ុន (កញ្ចក់) ជាដើម។
កាសែតពន្លឺថ្មី នៃមីយ៉ាន់ម៉ា បានចេញផ្សាយថា ការប្រែក្លាយកាសែតរដ្ឋមួយចំនួនឲ្យទៅជាកាសែតសាធារណ វិញនោះ តម្រូវឲ្យយើងបង្កើតនូវគណៈកម្មាធិការមួយ ដើម្បីសម្រួលផ្លូវច្បាប់ និង ក្រឹត្យក្រមនានា ឲ្យបានត្រឹម ត្រូវ។
គួរបញ្ជាក់ផងដែរថា ប្រទេសមីយ៉ាន់ម៉ា ឬ ភូមា បានចាប់យកកំណែទម្រង់ប្រកបដោយលទ្ធិប្រជាធិបតេយ្យ ជិត ២ឆ្នាំកន្លងមកហើយ ដោយប្រទេសនេះ បានទទួលការគាំទ្រយ៉ាងខ្លាំងពីបណ្តាប្រទេសលោកខាងលិច និង អង្គ ការសហប្រជាជាតិផងដែរ៕