ភ្នំពេញ ៖ ព្រះសង្ឃប្រមាណជា២៥០០អង្គ មកពីបណ្តាវត្តទូទាំងប្រទេស នឹងសូត្រធម៌បែបព្រះពុទ្ធសាសនា និងគោពព្រះវិញ្ញាណក្ខន្ធសម្តេចឪ នៅមុខព្រះបរមរាជវាំង ចាប់ពីម៉ោង ៣រសៀល ល្ងាចថ្ងៃទី២០ តុលានេះ ដើម្បីឧទ្ទិសកុសល ដល់ព្រះវិញ្ញាណក្ខន្ធអង្គសម្តេចឪ នៃយើង។
លោក ជិន ចាន់រតនា មកពីមូលនិធិក្រុមកេរដំណែលខ្មែរ បានឲ្យដឹងថា ព្រះសង្ឃចំនួន ២៥០០អង្គ មកពីគ្រប់បណ្តាវត្តអារាម ទូទាំងប្រទេស មកជួបជុំនៅមុខ ព្រះបរមរាជវាំងជាទី ដែលគោរពព្រះវិញ្ញាណក្ខន្ធសម្តេចឪ ដើម្បីសូត្រធម៌ថ្វាយ ក៏ដូចជាគោពព្រះវិញ្ញាណក្ខន្ធ របស់សម្តេចឪទៅកាន់បរមសុខ និងថែរក្សាកូនចៅ របស់ព្រះអង្គ។
លោកថា “ព្រះសង្ឃ២៥០០អង្គ នឹងសូត្រធម៌ជយន្តោ និងគោរពព្រះវិញ្ញាណក្ខន្ធសម្តេចឪ ជាទីសក្តារៈនៃយើង ដើម្បីឧទ្ទិសកុសលព្រះអង្គ ទៅកាន់បរមសុខ”។
លោកបន្តថា រីឯក្រុមកេរដំណែលខ្មែរ នឹងគោរពព្រះវិញ្ញាណក្ខន្ធ ដាក់កម្រងផ្កា នៅមុខព្រះបរមរាជវាំងផងដែរ នៅថ្ងៃទី២១ ខែតុលា ក្នុងនោះក្រុមកេរតំណែលខ្មែរ មានការចែកនំបុ័ង ទឹកសុទ្ធដោយឥតគិតថ្លៃ ដល់អ្នកមកគោរពព្រះវិញ្ញាណក្ខន្ធសម្តេចឪ។
ជាការកត់សម្គាល់រហូតមកដល់ថ្ងៃសៅរ៍ នេះ ប្រជារាស្រ្តរបស់អង្គព្រះមហាវីរក្សត្រជាច្រើនសន្ធឹកសន្ធាប់ នៅតែបន្តនាំគ្នាមកអុជធូប ថ្វាយផ្កា ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធ ក៏ដូចជាការចូលរួមរំលែកព្រះរាជមរណទុក្ខ ដ៏សែនក្រៀមក្រំ នៃការបាត់អង្គវីរបុរសដ៏ឆ្នើមនៅកម្ពុជា។
សូមជម្រាបថា ព្រះបាទនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះអង្គ បានយាងចូលទិវង្គត ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា ដោយព្រះជរាពាធ កាលពីរាត្រី រំលងអាធ្រាត្រថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ នៅមន្ទីរពេទ្យទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។ ព្រះបរម សពរបស់ព្រះអង្គ ត្រូវបានដង្ហែមកដល់ព្រះបរមរាជវាំង កាលពីល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ ដែលមានការចូលរូមពីប្រជានុរាស្រ្ត ជាច្រើនសែននាក់ ដោយក្តីរន្ឋត់ ក្តុកក្តួលចិត្តឥតឧបមា ដែលបាត់បង់ព្រះអង្គ។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាល បានចេញសារាចរតម្រូវទូទាំង ប្រទេសកាន់ព្រះរាជមរណទុក្ខ រយៈ ពេល៧ថ្ងៃ ក្នុងនោះតាមក្លឹបកម្សាន្តត្រូវផ្អាក កាប្រគុំតន្ត្រី ច្រៀងរាំរែក ដែលបង្ហាញពីការសប្បាយរីករាយ ជាសាធារណៈ៕