ឧត្តរមានជ័យ ៖ ពលរដ្ឋខ្មែរ២នាក់ បានស្លាប់ដោយសារគ្រាប់កាំភ្លើង របស់នគរបាលការពារព្រំដែន ថៃទៀតហើយ កាលពីវេលាម៉ោង ៣និង៣៥នាទី រសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១២ ស្ថិតនៅ ភូមិនួនថង ឃុំគោកតាឃាន ស្រុកកាប់ជើង ខេត្តសុរិន្ទ ខណៈពលរដ្ឋខ្មែរទាំងនេះ បានចាញ់បោកឈ្មួញ ហើយត្រូវគេជួល យកទៅអូសឈើគ្រញូងនៅលើភ្នំ ហើយវង្វេងដើរចូលដីថៃ។
សេចក្តីរាយការណ៍ពីសមត្ថកិច្ច និងមន្ត្រីយោធា កម្ពុជាឈរជើងតាមព្រំដែន ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នោះ រួមមានទី១-ឈ្មោះ សុទ្ធ វិត អាយុ២៣ឆ្នាំ រស់នៅភូមិជុំគគីរ ឃុំគោកមន ស្រុកបន្ទាយអំពិល និងជនរងគ្រោះទី២-ឈ្មោះ នាត អាយុ៥៥ឆ្នាំ រស់នៅភូមិជ្រឹង សង្កាត់កូនគ្រាល ក្រុងសំរោង ។
ប្រភពបានបន្តថា ជនរងគ្រោះទាំងពីរនេះ ចាញ់បោកឈ្មួញ ហើយត្រូវគេជួលឡើងទៅអូសឈើ គ្រញូង ដោយឡើងតាមចំណុចខ្នារ ក្នុងសង្កាត់បន្សាយរាក់ ក្រុងសំរោង ពេលនោះស្រាប់តែវង្វេងផ្លូវ ចូលទឹកដីថៃ ក៏ពើបនឹងនគរបាលការពារព្រំដែនថៃ ស្រាប់តែត្រូវគេបាញ់សម្លាប់តែម្តង ដោយជនរងគ្រោះ សុទ្ធ វិត ត្រូវគ្រាប់កាំភ្លើងមួយគ្រាប់ចំដើមទ្រូងខាងឆ្វេង និងជនរងគ្រោះនាត ចំគ្រាប់កាំភ្លើង២គ្រាប់ ចំទ្រូងខាងឆ្វេង។
បច្ចុប្បន្នក្រុមគ្រួសារ បានទៅទទួលសពជនរងគ្រោះ បន្ទាប់ពីអាជ្ញាធរនៅតំបន់នោះ ជួយទាក់ទងទៅ ភាគីថៃដើម្បីបញ្ជូនសពមកវិញ៕