ភ្នំពេញ៖ ឧត្តមមន្រ្តីជាន់ខ្ពស់អាស៊ាន បានបើកកិច្ចប្រជុំជាមួយ សមាជិកអាស៊ានទាំង១០ប្រទេស ដែលផ្តោតសំខាន់ទៅលើការរៀបចំ កិច្ចប្រជុំកំពូលអាស៊ាន លើកទី២១។ កិច្ចប្រជុំនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែតុលា នៅសណ្ឋាគារ Le Royal (លឺរូយ៉ាល់) នារាជធានីភ្នំពេញ។
រដ្ឋលេខាធិការ ក្រសួងការបរទេស និងជាប្រធានកិច្ចប្រជុំ ឧត្តមមន្ត្រីជាន់ខ្ពស់អាស៊ានលោកស្រី សឿង រ័ត្នចាវី មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន ក្រោយកិច្ច ប្រជុំនោះថា គោលបំណងក្នុងកិច្ចប្រជុំថ្ងៃនេះ ផ្តោតសំខាន់លើកាពិភាក្សា ដើម្បីត្រៀមរៀបចំ កិច្ចប្រជុំកំពូលអាស៊ានលើកទី២១ និងកិច្ចប្រជុំ ពាក់ព័ន្ធដទៃទៀត ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១២ខាងមុខនេះ «ថ្ងៃនេះឧត្តមមន្រ្តីអាស៊ានទាំង១០ប្រទេស បានបើកកិច្ចប្រជុំពិសេសមួយ ដែលមានគោលដៅ សំខាន់បំផុត ដើម្បីបញ្ចប់ការពិភាក្សាទៅលើការពិនិត្យ ត្រៀមរៀបចំកិច្ចប្រជុំកំពូល អាស៊ានលើកទី២១ នៅខែវិច្ឆិកា ខាងមុខ»។
លោកស្រីមានប្រសាសន៍បន្តថា នៅក្នុងកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ានថ្ងៃនេះ ក៏បានលើកយកបញ្ហាមួយ ចំនួនមកពិភាក្សាផងដែរ មានដូចជា ការជំរុញឲ្យមានការ ព្រាងក្របខណ្ឌប្រតិបត្តិ នៅសមុទ្រចិនខាងត្បូង និងបញ្ហារបស់ប្រទេសមួយចំនួន ដែលបានស្នើសុំចូលជាសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅអាស៊ីអាគ្នេយ៍។
លោក ស្រី សឿង រ័ត្នចាវី មានប្រសាសន៍បន្តទៀតថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ខាងមុខ ក៏នឹងលើកយកបញ្ហានៅសមុទ្រចិនខាងត្បូង, ឧបទ្វីបកូរ៉េ និងបញ្ហាតំបន់អាស៊ាន គ្មានអាវុធនុយក្លេអ៊ែ យកមកពិភាក្សាផងដែរ។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងប្រព្រឹត្តឡើង នៅថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២ ខាងមុខនេះ នឹងមានមេដឹកនាំប្រទេសមហា អំណាចមួយចំនួនចូលរួម មានប្រធានាធិបតីសហរដ្ឋអាមេរិក, លោកនាយករដ្ឋមន្រ្តីប្រទេសជប៉ុន និងអគ្គលេខាធិការអង្គការ សហប្រជាជាតិជាដើម៕