ភ្នំពេញ៖ ក្នុងនាមជាប្រធានអាស៊ាន កម្ពុជា មិនចង់ឲ្យបញ្ហានៅឧបទ្វីបកូរ៉េ ដោះស្រាយបញ្ហា ដោយការប្រើប្រាស់ កម្លាំងបាយនឹងអាវុធនោះទេ ធ្វើយ៉ាងណាត្រូវដោះ ស្រាយដោយសន្តិវិធី។
រដ្ឋលេខាធិការក្រសួងការបរទេស និងជាប្រធានកិច្ចប្រជុំមន្ត្រី ជាន់ខ្ពស់អាស៊ាន លោក ស្រី សឿង រ័ត្នចាវី មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំ ឧត្តមមន្រ្តីជាន់ខ្ពស់អាស៊ាន នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២ថា គោលជំហររបស់ប្រទេសកម្ពុជា ក្នុងនាមជាប្រធានអាស៊ាននោះ មិនចង់ឲ្យប្រទេសកូរ៉េដោះ ស្រាយបញ្ហា ដែលកើតមានឡើង ដោយអាវុធនុយក្លេអ៊ែរនោះទេ ចង់ឲ្យឧបទ្វីបមួយនេះ ចរចាគ្នាដោយសន្តិវិធី ជៀសវាងការប្រើប្រាស់អាវុធជាតិផ្ទុះ។
លោកស្រីបន្តថា កម្ពុជាចង់ឲ្យឧបទ្វីបកូរ៉េ ជាតំបន់ដែលមានសន្តិភាព ស្ថិរភាព “ជាវិបុលភាព នេះជាគោលបំណងរបស់កម្ពុជាយើង យើងចង់ឲ្យមានការចាប់ផ្តើម ធ្វើការចរចា៦ភាគីឡើងវិញ ឲ្យបានឆាប់រហ័ស ដើម្បីឲ្យភាគីទាំងអស់ បានស្រុះស្រួលគ្នាកុំឲ្យមានបញ្ហាបន្តទៀត យើងចង់បន្ធូរបន្ថយបញ្ហាទាំងនេះ ឲ្យបានទាបបំផុត”។
លោកស្រីបន្ថែមថា អាស៊ានទាំងមូល ចង់ឲ្យភាគីនីមួយៗ ត្រូវធ្វើការដោះស្រាយ ដោយសន្តិវិធី ជៀសវាងការដោះស្រាយ ដែលបង្កឡើងដោយភាពតានតឹង ហើយ ភាគី មានការជាប់ពាក់ព័ន្ធ ទៅនឹងឧបទ្វីបកូរ៉េ មិនត្រូវបង្កើតសកម្មភាពណាមួយ ដែលជះឥទ្ធិពលអាក្រក់ប៉ះពាល់ ទៅលើឧបទ្វីបកូរ៉េឡើយ។
បញ្ហានៅឧបទ្វីបកូរ៉េ បានកើតមានឡើង តាំងពីឆ្នាំ១៩៥៣ ដោយកូរ៉េ ត្រូវបានបែងចែងទឹកដីជាពីរចំណែក មួយកូរ៉េខាងត្បូង និងមួយទៀតកូរ៉េខាងជើង ដោយ កូរ៉េជើងជាសម្ព័ន្ធមិត្តរបស់ចិន និងរុស្ស៊ី ចំណែកកូរ៉េខាងត្បូង ជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក៕