Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

បើកសិក្ខាសាលា ស្តីពី ការកសាង សមត្ថភាព និងការចាប់ដៃគូ ធុរកិច្ចលើវិស័យ យន្តការអភិវឌ្ឍ ស្អាត-អាស៊ានបូកបី

$
0
0

ភ្នំពេញ៖ សិក្ខាសាលា ស្តីពីការកសាងសមត្ថភាព និងការចាប់ដៃគូធុរកិច្ច លើវិស័យយន្តការ អភិវឌ្ឍស្អាត-អាស៊ានបូកបី ឆ្នាំ២០១២ (ASEAN+3 CDM Capacity Building and Business Match Making) បានបើកធ្វើឡើង នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២នេះ ដោយមានការចូលរួម ពីក្រុមហ៊ុនគ្រប់គ្រងថាមពលកូរ៉េ (KEMCO), មជ្ឈមណ្ឌលថាមពលអាស៊ាន (ACE), ក្រុមហ៊ុនវិនិយោគទុនកូរ៉េ (KIC), ទីប្រឹក្សាផ្នែក និងដៃគូពាក់ព័ន្ធជាច្រើនរូប នាសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។

លោក ទន់ លាន អគ្គនាយក នៃអគ្គនាយកដ្ឋានថាមពល នៃក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល បានមានប្រសាសន៍ នៅក្នុងពិធីបើកសិក្ខាសាលានោះថា សិក្ខា សាលា ស្តីពីការកសាងសមត្ថភាព និងការចាប់ដៃគូធុរកិច្ច លើវិស័យយន្តការអភិវឌ្ឍស្អាត-អាស៊ានបូកបី គឺជាវេទិកាសម្រាប់អ្នកទាំងអស់គ្នា ក្នុងការសិក្សា និងចែករំលែកនូវព័ត៌មាន លើបញ្ហារួម ឆ្ពោះទៅរកកម្មវិធីការ កសាងសមត្ថភាពយន្តការ ការអភិវឌ្ឍស្អាត ឲ្យកាន់តែមានភាពល្អប្រសើរឡើង។

លោកបន្តថា យើងចង់ជំរុញឲ្យអ្នកទាំងអស់គ្នា ប្រើប្រាស់វេទិកានៃសិក្ខាសាលានេះ ដើម្បីធ្វើឲ្យបានសំរេច នូវការយល់ដឹងឲ្យបានខ្លាំងក្លា ស្តីពី យន្តការអភិវឌ្ឍស្អាត «ខ្ញុំចង់ជំរុញផងដែរ ឲ្យបន្តនូវការងារដ៏ល្អ របស់យើង ដែលយើងបានចាប់ផ្តើមរួចហើយ ហើយខ្ញុំក៏សូមឲ្យអ្នកចូលរួមទាំងអស់ ឲ្យប្រើប្រាស់វេទិកានៃសិក្ខាសាលានេះ ដើម្បីសំរេចឲ្យបាន នូវការយល់ដឹងឲ្យបានខ្លាំងក្លាស្តីពី យន្តការអភិវឌ្ឍស្អាត (CDM) ហើយនិងចែករំលែកព័ត៌មាន ដើម្បីបន្តឆ្ពោះទៅមុខទៀត ក្នុងការរៀបចំកម្មវិធី ថ្នាក់ជាតិមួយឲ្យបានសមរម្យ»។

លោក គ្រីសស្តូហ្វើរ ហ្សាម៉ូរ៉ា (Christopher G.Zamora) តំណាង អគ្គនាយកមជ្ឈមណ្ឌល ថាមពលអាស៊ាន បានមានប្រសាសន៍ថា លោកសូមកោតសរសើរ ចំពោះ ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល នៃប្រទេសកម្ពុជា ដែលបានរៀបចំសិក្ខាសាលានេះឡើង ហើយជាពិសេស ទៅដល់ក្រសួងសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េ ដែល បានជួយគាំទ្រ និងអនុវត្តនូវគំរោងនេះ នៅក្នុងតំបន់អាស៊ាន ដើម្បីទទួលនូវភាព ជាដៃគូដ៏ប្រសើរបំផុត នៅក្នុងការអនុវត្តគំរោងនេះ តាំងពីឆ្នាំ២០០៩មក។

សូមបញ្ជាក់ផងដែរថា ការបើកសិក្ខាសាលានៅព្រឹកមិញនេះ ក៏មានការធ្វើពិធីធ្មឹងធ្មាត ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រកម្ពុជា ដែលព្រះអង្គ បានយាងចូលទិវង្គត កាលពីថ្ងៃទី១៥ រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស. ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង ០១:២០នាទី រំលងអធ្រាត្រ ម៉ោងនៅរាជធានីភ្នំពេញ ក្នុងព្រះជន្មាយុ ៩០ ព្រះវស្សា ដោយព្រះជរាពាធ នៅមន្ទីរពេទ្យក្រុងប៉េកាំង នៃសាធារណរដ្ឋ ប្រជាមានិតចិន៕

www.dap-news.com

www.dap-news.com

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>