ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២នេះ ព្រះសង្ឃជាង៨០០០អង្គ និមន្តមកពី ទូទាំងរាជធានី-ខេត្ត នឹងនិមន្តដង្ហែក្បួន ចេញពីវត្តបទុមវត្តី ឆ្ពោះទៅមុខ ព្រះបរមរាជវាំង ដើម្បីធ្វើសមាធិក និងសូត្រមន្ត ឧទ្ទិសព្រះរាជកុសលជូន ព្រះករុណាព្រះបាទ សម្តេចនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។
លោក ងិន ធន ហៅតាប់ កូនសិស្សជំនិត្យរបស់ ព្រះតេជគុណ ឃឹម សន ជាមេគុណ រាជធានីភ្នំពេញ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ឲ្យ ដឹងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២នេះថា នៅល្ងាចម៉ោង៤ និង៣០នាទី ថ្ងៃនេះ ព្រះសង្ឃជាង ៨០០០អង្គ រួមទាំងសម្តេចសង្ឃ គ្រប់គណៈ នឹងធ្វើការ ដង្ហែក្បួន ចេញវត្តបទុមវត្តី ឆ្ពោះទៅកាន់មុខ ព្រះបរមរាជវាំង ដើម្បីគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេចនរោត្តម សីហនុ ព្រះមហា វីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ដែលជាថ្ងៃចុងក្រោយ នៃការកាន់ព្រះរាជមរណទុក្ខទី៧ នៃការយាងសោយ ទិវង្គតរបស់ព្រះអង្គ។
លោកបន្តថា “សម្រាប់កម្មវិធីដែលនិងត្រូវធ្វើគឺ ចាប់ផ្តើមនៅម៉ោង ៥និង៣០នាទី ថ្ងៃដដែល ដោយមាន ការធ្វើសមាធិក ចំនួនកន្លះម៉ោង បន្ទាប់មកធ្វើ ពិធី បង្សុកូល និងផ្សាយមេត្តាធម៌ ឧទ្ទិសកុសលជូន សម្តេចតាផងដែរ”។
នៅថ្ងៃទី២៣ ខែតុលា ដែលថ្ងៃទី៧ នៃការកាន់ព្រះរាជមរណទុក្ខ ចំពោះការសោយ ទិវង្គតរបស់ព្រះ ព្រះករុណាព្រះបាទ សម្តេចនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាព ជាតិខ្មែរនេះផងដែរ គេសង្កេត ឃើញថា នៅមុខព្រះបរមរាជវាំង មាន ប្រជាពលរដ្ឋ ទាំងក្មេងចាស់ ប្រុសស្រីយ៉ាងច្រើនសន្ធឹកសន្ធាប់ ពោពេញដោយ ទឹកមុខក្រៀមក្រំ បាននាំគ្នាអុជធូប គោរពព្រះវិញ្ញាណក្ខន្ធ សម្តេចតា ខុសពី ថ្ងៃធម្មតាផងដែរ។
ដោយឡែកសហជីពសេរីកម្មករ ដែលដឹកនាំដោយលោក ជា មុន្នី ក៏បានដឹកនាំក្រុម កម្មករ ជាច្រើនពាន់នាក់ មកពីគ្រប់បណ្តា រោងចក្រទូទាំង ប្រទេស កម្ពុជា ដើរដង្ហែ ដោយថ្មើជើង ទៅគោរពព្រះ វិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេចនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិ។
លោក ជា មុន្នី ប្រធានសហជីព សេរីកម្មករនៃ ព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ឲ្យដឹងនៅព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២ថា ក្បួនដង្ហែ ដែលបានធ្វើឡើង នៅថ្ងៃនេះ គឺចាប់ពីការិយាល័យ សហជីពសេរីកម្មករ ចាប់ពីម៉ោង៨ និង៣០នាទី ព្រឹក ឆ្ពោះទៅបរមរាជវាំង ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេចនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាព ទឹកដី និងឯកភាពជាតិខ្មែរ។
លោកជា មុន្នី បន្ថែមថា “នៅថ្ងៃទី២៣នេះ គឺមានកម្មករយ៉ាងច្រើន លើសលុបដែលបាន ចូលរួមដើរ ដង្ហែក្បួន យកកម្រងផ្កា ទៅគោរពព្រះវិញ្ញាណក្ខន្ធ របស់សម្តេចតា ហើយក្រុមកម្មករ ដែលបានមក ចូលរួមនេះ គឺមកពីតាម បណ្តារោងចក្រ នានានៅ ក្នុងព្រះរាជាណាចក្រ កម្ពុជា”។
ទន្ទឹមនិងគ្នានេះដែរ ព្រះសង្ឃ តាជី យាយជី និងប្រជាពលរដ្ឋរាប់ម៉ឺននាក់ នៅតាមបណ្តាខេត្តទូទាំង ប្រទេសកម្ពុជា បាននាំគ្នា ធ្វើពិធីដង្ហែក្បួន គោរព ព្រះវិញ្ញាណក្ខន្ធ សម្តេចតា ដែលទ្រង់បានយាង សោយទិវង្គត កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង១ និង២០នាទី អាធ្រាត នៅមន្ទីពេទ្យនៃ ទីក្រុងប៉េកាំង ប្រទេសចិន។
ចំពោះសកម្មភាពដែលបានធ្វើទាំងនេះ គឺស្តែងចេញពី ទឹកចិត្តស្វាមីភក្តិ របស់ពួកគាត់ ក៏ដូចជា ប្រជារាស្ត្រខ្មែរ គ្រប់រូប ចំពោះអង្គព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យជាតិខ្មែរ ដែលព្រះអង្គបានបំពេញ ព្រះរាជបូជនីកិច្ច ដ៏ធំធេងចំពោះកម្ពុជា ចំពោះប្រជារាស្ត្រ របស់ព្រះអង្គ ហើយស្នា ព្រះហស្ថ ទាំងនោះ ត្រូវបានចារទុក ជាប្រវត្តិសាស្ត្រ ក្នុងក្រាំងមាសកម្ពុជា ដែលជនគ្រប់រូប បានចងចាំគ្រប់ៗគ្នា ចំពោះវីរភាព ក្នុងការបណ្តេញ អាណានិគម និយមបារាំង ចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ និងបានបណ្តេញ របបហ្វាស៊ីស ចេញពីកម្ពុជា ព្រះអង្គ ជាហត្ថលេខី ដ៏ សំខាន់ចំពោះ កិច្ច ព្រមព្រង ទីក្រុងបារីស ក្នុងការបញ្ចប់ជម្លោះ ប្រដាប់អាវុធនៅកម្ពុជា ព្រះអង្គជាស្ថាបនិកទី៥ ដែលបាន ប្រមូល ប្រទេសក្នុងលោក ចូលរួម ចលនា មិនចូលបក្សសម្ព័ន្ធ ព្រះអង្គបានបង្កើតច្បាប់ ធម្មនុញ្ញទី២ សម្រាប់ឲ្យអនុវត្តន៍ សព្វថ្ងៃនេះ ហើយព្រះអង្គក៏បានបញ្ចប់ ការជាប់គាំង នយោបាយ ឆ្នាំ២០០៣ រួមនឹងស្នាព្រះហស្ថ មួយចំនួនទៀត៕