ដាម៉ាស់៖ គ្រាន់តែបទឈប់បាញ់គ្នា ដើម្បីប្រារព្ធពិធីបុណ្យ សាសនាឥស្លាម បានទទួលបរាជ័យ តាំងពីថ្ងៃសុក្រ ទី២៦ ខែតុលា នោះមក មនុស្សស្លាប់ក្នុងអំពើហិង្សា បានបន្ថែមចំនួនជិត១៥០ នាក់ទៀត លើចំនួនរាប់ម៉ឺននាក់ ដែលបានស្លាប់ក្នុងអំពើហិង្សាជាង ១៩ខែកន្លងទៅនេះក្នុង ប្រទេសស៊ីរី។ នេះបើតាមការអះអាង របស់ក្រុមអ្នកស៊ើបអង្កេត ស្ថានការណ៍សិទ្ធិមនុស្ស នៅ ប្រទេសស៊ីរី សម្រាប់ថ្ងៃសៅរ៍ ទី២៧ ខែតុលា ឆ្នាំ២០១២ នេះ។
ក្រុមតាមដានខាងលើនេះ បានអះអាងទៀតថា មនុស្សទាំងអស់ ១៤៦នាក់បានស្លាប់នៅក្នុង ការបំផ្ទុះគ្រាប់បែក កាលពីយប់ថ្ងៃសុក្រ កន្លងទៅនេះ ហើយក្នុងនោះមាន ៥៣នាក់ជាជន ស៊ីវិល, ៥០នាក់ ជាសមាជិកក្រុមឧទ្ទាម និង ៤៣ នាក់ផ្សេងទៀតជាសមាជិករបស់កង កម្លាំងដែល បញ្ជាដោយលោកប្រធានាធិបតី បាហ្សា អាល់ អាស្សាដ។
គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាល អាស្សាដ បានស្តីបន្ទោសការវាយប្រហារ ដោយគ្រាប់បែក កាលពីយប់ថ្ងៃសុក្រ ដែលបានបណ្តាលឲ្យមនុស្សជិត ១៥០នាក់ និង ជាង ៣០នាក់ទៀត របួសនោះ ទៅលើក្រុមបង្កភេរវកម្ម។ ដោយឡែកក្រុមឧទ្ទាមវិញ បានធ្វើការស្តីបន្ទោសទៅលើ រដ្ឋាភិបាលអាស្សាដ ថាបានវាយប្រហារដោយកំាភ្លើងធំ មកលើទីតាំង វ៉ាឌី ដេហ្វ ដែលមាន មួលដ្ឋានក្បែររដ្ឋធានី ដាម៉ាស។
ចំពោះរដ្ឋាភិបាលស៊ីរីវិញ បាននិយាយថា ខ្លួនបានធ្វើការ វាយប្រហារតបត ទៅវិញដោយសារ តែក្រុមប្រឆាំងមិនគោរពតាម កិច្ចសន្យាផ្អាក ការឈប់បាញ់គ្នា ដែលរៀបចំឡើងដោយ ប្រេសិតសន្តិភាពរបស់យូអិន និង សម្ព័ន្ធអារ៉ាប់ លោក ឡាកដា ប្រាហ៊ីមី ដើម្បីប្រារព្ធពិធី បុណ្យ អេដ អាល់ អេដហា ប្រកបដោយភាពស្ងប់ស្ងាត់នោះ។ យ៉ាងណាក៏ដោយ ធាតុពិតនៅពេលនេះ គឺប្រទេសស៊ីរីពិតជាមិនផ្តល់ ការទុកចិត្តដល់អ្នកណាទៀតឡើយ៕