ភ្នំពេញ៖ ប្រធានតុលាការ កំពូលនៃប្រទេសកម្ពុជា វៀតណាម និងឡាវ បានជួបប្រជុំពិភាក្សាគ្នា ដោយផ្តោតសំខាន់ ក្នុងការពង្រឹងពង្រឹង កិច្ចសហប្រតិបត្តិការ ក្នុងយុទ្ធសាស្ត្រប្រឆាំង បទល្មើសឆ្លងដែន រវាង ប្រទេស ទាំងបី។
កាលពីថ្ងៃទី ២៧ ខែ តុលា ឆ្នាំ២០១២ នៅខេត្តសៀមរាប បានរៀបចំសន្និសីទតុលាការ នៃខេត្តជាប់ព្រំដែន កម្ពុជា វៀតណាម និងឡាវ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងយុទ្ធសាស្ត្រ ប្រឆាំងបទល្មើសឆ្លងដែន ដោយមានការចូលរួមពី លោក ឌិត មុន្ទី ប្រធានតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា លោក ខាំផាញ់ ស៊ីធីដាំផា ប្រធានតុលាការប្រជាជនកំពូល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង លោក ទ្រឿង ហ្វាប៊ិញ ប្រធានតុលាការប្រជាជនកំពូល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងមន្រ្តីមួយចំនួននៃប្រទេស ទាំងបីផងដែរ។
លោក ឌិត មុន្ទី ប្រធានតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា សន្និសីទបែបនេះ ដែលបានធ្វើឡើងជាលើកដំបូង នៅវៀតណាមកាលពីពេលកន្លងមក សំដៅជម្រុញឲ្យមានកិច្ចសហប្រតិបត្តិការ ពហុភាគី និងទ្វេភាគី ក្នុងការតស៊ូប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន រួមមានបទល្មើសជួញដូរមនុស្ស ជួញដូរ គ្រឿងញៀន ព្រមទាំងបទល្មើសតាមដែនសមុទ្រ ការជួញដូរទំនិញខុសច្បាប់ ទំនិញក្លែងក្លាយ ក្លែងបន្លំម៉ាកសញ្ញាពាណិជ្ជកម្ម ភេវរកម្ម និងប្រាក់ក្លែងក្លាយជាដើម។
លោកបន្ថែមថា ការប្រយុទ្ធប្រឆាំងបទល្មើសទាំងនេះ ទាមទារការពិភាក្សាគ្នា ដើម្បីសម្របសម្រួល រវាងកម្លាំងការពារ សន្តិសុខ និងកិច្ចសហប្រតិបត្តិការទ្វេភាគី និង ពហុភាគី ក្នុងការរៀបចំផែនការសកម្មភាព ដើម្បីសន្តិសុខសមូហភាពនៅតាមតំបន់ព្រំដែន។
លោកអំពាវនាវឲ្យមានការ ប្រុងប្រយ័ត្នខ្ពស់ រាល់បទល្មើសឆ្លងដែន ដែលផ្តើមចេញពី ភូមិ-ស្រុក ដែល អាជ្ញាធរ ដែនដី ត្រូវធ្វើការតាមដាន ទប់ស្កាត់នូវរាល់មុខសញ្ញា មិនឲ្យពង្រីកបទល្មើសរហូតដល់ឆ្លងដែនបានឡើយ។ ដូច្នេះកិច្ចសហប្រតិបត្តិការរវាងប្រទេសមួយ និង ប្រទេសមួយ រវាងអាជ្ញាធរមានសមត្ថកិច្ច នៃប្រទេសមួយ ទៅប្រទេសមួយទៀតគឺជាការចាំបាច់បំផុត ។
លោ ទ្រឿង ហ្វាប៊ិញ ប្រធានតុលាការប្រជាជនកំពូល នៃសាធារណ រដ្ឋសង្គមនិយម វៀតណាម បានឲ្យដឹងដែរ ថា នេះជាវេទិកាមួយសម្រាប់ផ្នែក តុលាការនៃប្រទេសទាំង៣ ក្នុងការផ្លាស់ប្តូរបទពិសោធន៍ ដើម្បីលើកកម្ពស់ សមិទ្ធផលប្រយុទ្ធប្រឆាំងនឹងបទល្មើស និងជាទំនុកបម្រុងលើវិស័យច្បាប់ ក៏ដូចជាការពិភាក្សាពីយន្តការ សហប្រតិបត្តិការរវាងតុលាការប្រទេសទាំង៣ ក៏ដូចតុលាការគ្រប់ខេត្តជាប់ព្រំដែនផងដែរ។
លោក ខាំផាញ់ ស៊ីធីដាំផា ប្រធានតុលាការប្រជាជនកំពូល នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវក៏បានបញ្ជាក់ថា ឡាវ បានត្រៀមខ្លួនជាស្រេច ដើម្បីពង្រឹងការទំនាក់ទំនងមិត្តភាព នៃកិច្ចសហប្រតិបត្តិការ ឲ្យក្លាយជាមរតកដ៏មានតម្លៃ ដែលជាគូនឹងតុលាការប្រជាជនឡាវ ។ ការទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងតុលាការទាំង៣ប្រទេស នឹងទទួលបានការពង្រឹងខ្លួនឲ្យកាន់តែ ទូលំទូលាយ ស្របនឹងភាពរីកចម្រើនលើវិស័យសេដ្ឋកិច្ច វប្បធម៌ សង្គម៕