ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានរំលឹកពីអតីតកាល នាឆ្នាំ១៩៧៩ ថា កាលនោះគ្មានអ្វីទាំងអស់ ត្រូវកសាងប្រទេសពីបាតដៃទទេ អ្វីដែលជា សមិទ្ធផល នៅសម័យសង្គមរាស្រ្តនិយម មួយផ្នែកធំ ត្រូវបានបំផ្លិចបំផ្លាញ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប នៅវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃទី២៩ ខែតុលានេះ ដោយបានធ្វើ ការរំលឹកពីអតីតកាល ជាពិសេសក្រោយឆ្នាំ១៩៧៩ គឺមិនមានអ្វីទាល់តែសោះ ត្រូវកសាងប្រទេសជាតិ ពីបាតដៃទទេ។
សម្តេចបានរំលឹកពីប្រវត្តិ ដ៏ជូរចត់ និងខ្លោចផ្សាមួយទៀត ក្រោយឆ្នាំ១៩៧៩ ពេលដែលសម្តេចធ្វើជារដ្ឋមន្រ្តីការបរទេស សម្តេចបានបង្ខំចិត្ត ទៅយួរទឹកពីទន្លេមេគង្គ មកផ្ទះរបស់សម្តេច ហើយមានថ្ងៃមួយនោះ ដោយសារតែជាប់រវល់ ភរិយារបស់សម្តេចបានយកទឹកពីក្រោមផ្ទះ ទៅលើផ្ទះ ធ្វើឲ្យរលូតកូនក្នុងផ្ទៃ ដែលមានអាយុទើប ២ខែ នេះជាការសោកស្តាយ និងសោកសៅបំផុត។ បើផ្ទះឲ្យគេ ក៏គ្មាននរណាយកផង តែឥឡូវវាមានការអភិវឌ្ឍច្រើន។
សម្តេចបានបន្តថា អ្វីដែលជាសមិទ្ធផល នៅសម័យសង្គមរាស្រ្តនិយមមួយផ្នែកធំ ត្រូវបានបំផ្លិចបំផ្លាញ ហើយអ្វី ដែលនៅសល់គ្មានអ្នកប្រើ ដែលតម្រូវឲ្យធ្វើការ អភិវឌ្ឍឡើងវិញ។
នាយករដ្ឋមន្រ្តីបញ្ជាក់ថា "នៅទីក្រុងភ្នំពេញនេះ សម្រាប់ខ្ញុំ ខ្ញុំនៅចងចាំនូវអារម្មណ៍ដិតដាម ទៅដោយអ្វីដែលជាសោកនាដកម្មក្នុងតំណាក់កាលនោះ ពេលដែល ខ្ញុំចូលមកដល់ភ្នំពេញ ពិតមែនហើយ អគារ ផ្សារ និងអ្វីៗផ្សេងទៀត នៅទីក្រុងភ្នំពេញ លើកលែងតែធនាគារជាតិទេ ដែលវាយបាក់រាបដល់ដីមួយផ្នែកធំ ប៉ុន្តែអគារ ទាំងឡាយក៏វានៅសេសសល់ តែការសេសសល់ដែលអត់មានមនុស្សនៅនេះ ពិបាកជាងការធ្វើថ្មីទៅទៀត"។
សម្តេចនាយករដ្ឋមន្រ្តីបន្តថា នៅវិទ្យាស្ថានជាតិអប់រំនេះ ជាទីកន្លែងដែលសម្តេច បានមកធ្វើជាគ្រូឧទ្ទេសនាម ក្នុងពេលដែលកម្ពុជាបានចាប់ផ្តើម អភិវឌ្ឍន៍ដំបូងពី បាតដៃទទេ។
ប្រមុខរាជរដ្ឋាភិបាលបន្ថែមថា ”បើយោងតាមលោកស្រី ជា វណ្ណាត ដែលបានលើកឡើងកាលពីប៉ុន្មានថ្ងៃមុនថា បាតដៃទទេហើយអត់ក្រចកទៀត បាតដៃអត់ម្រាម។ បានន័យថាយើងអត់មធ្យោបាយ ដូចជាមិនដឹងធ្វើម៉េច ខ្ញុំជួបប្រជាជនតែ៧០នាក់ទេ នៅម្តុំសួនកាណាឌីយ៉ា ភាគច្រើនទាំង៧០នាក់នោះ ជាមនុស្សចាស់ ស្រ្តី និងកុមារ ហើយមិនមែនជាប្រជាជននៅក្នុងទីក្រុងទេ ដូច្នេះយើងត្រូវចាប់ផ្តើម ពីស្ថានភាពមួយដែលលំបាក”។
សម្តេចបានលើកឡើងទៀតថា បើគ្មានរដ្ឋប្រហារឆ្នាំ១៩៧០ និងសម័យខ្មែរក្រហមទេ ប្រទេសកម្ពុជា រហូតដល់ពេលបច្ចុប្បន្ន អាចក្លាយជាប្រទេសអភិវឌ្ឍន៍ ឬ អភិវឌ្ឍន៍បង្គួរ ដោយសម្តេចបានបញ្ជាក់ថា កាលពីឆ្នាំ១៩៦២ GDP របស់កម្ពុជា ខ្ពស់ជាងប្រទេសកូរ៉េ ដោយកម្ពុជាមានកំណើន GDP ជាង២០០ រីឯប្រទេសកូរ៉េមាន ត្រឹម ១៦២ប៉ុណ្ណោះ។ សម្តេចបានបន្តទៀតថា នៅក្នុងរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ន តម្រូវការអគ្គិសនីមានរហូតដល់ ៤០០ មេហ្គាវាត់៕