ក្រចេះ៖ លោក អ៊ឹម ឈុនលឹម ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីសម្ភោធ ដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវព្រះវិហារ អាល់ម៉ូបារឹក និងសាលា នូរ៉ុលហ៊ូដា ស្ថិតនៅភូមិត្នោត ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ កាលពីសៀលថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១២ ។
បន្តាប់ពីសន្ទារកថា ស្វាគមន៍របស់លោក ស ចំរុង អភិបាលខេត្ត លោក អូស្មាន ហាស្សាន់ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទីប្រឹក្សាផ្ទាល់សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអង្គការ មូលនិធិអភិវឌ្ឍន៍ មុស្លិមកម្ពុជា បានឡើងអាន របាយការណ៍សរុប ពីការសាង់សង់រួចជាស្ថាពរ ដែលចំណាយថវិការអស់ប្រមាណជា ២០១,៥៥៧ដុល្លា ។
លោក អូស្មាន ហាស្សាន់ មានប្រសាសន៍ឲ្យដឹងទៀតថា ដោយសារមានថ្ងៃជ័យជំនះ ៧មករា ឆ្នាំ១៩៧៩ មក ទើបសាសនិក ឥស្លាមកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ នៅទូទាំងប្រទេសត្រូវបានទទួលនូវ សិទ្ធសេរីភាព ដ៏ពេញលេញ ពិសេសការគោរពជំនឿ សាសនារៀងៗខ្លួន ដែលត្រូវបានបាត់សូន្យឈឹងនៅក្នុង របបប្រល័យពូជ សាសន៍ ប៉ុល ពត ។ ដូច្នេះថ្ងៃជ័យជំនះ ៧មករា បាននាំមកឲ្យរស់រានឡើងវិញលើគ្រប់វិស័យ ប្រជាពលរដ្ឋ គ្រប់ៗ រូបកំពុងត្រូវបានទទួលនូវសិទ្ធិសេរីភាព និងការរួមចំណែកក្នុងការអភិវឌ្ឍន៍ កំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ ។
លោក ទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម រដ្ឋមន្រ្តីក្រសួងរៀប ចំដែនដី នគររូបនីយកម្ម និងសំណង់ បានមាន ប្រសាសន៍ថា៖ សមិទ្ធិផលនេះ គឺជាមោទនៈភាពមួយ សម្រាប់បងប្អូនសាសនិក ឥស្លាមនៅក្នុងខេត្តក្រចេះយើង ហើយសំណង់នេះ គឺជាការួមចំណែកអាចលើកកំពស់ វិស័យស្ថាបត្យកម្ម សោភ័ណ្ឌភាព របស់ខេត្តផងដែរ ការរួមវិភាគទានដ៏ថ្លៃថ្លា ជាថវិកាសាងសង់ក្តី ការចូលរួមជាអធិបតី ក្នុងពិធីសាសនាឥស្លាមធំ តូច សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ កិត្តិព្រឹទ្ធិបណ្ឌិត ក៏ដូចជាថ្នាក់ដឹកនាំផ្សេង ទៀតដែលមិនមែន ជាសានិកឥស្លាម បានបង្ហាញច្បាស់ នូវមនោសញ្ចេតនាដើម្បី ផ្សាភ្ជាប់និស្ស័យ ដោយឥតមានប្រកាន់ជាតិសាសន៍ ពណ៌សម្បុរឡើយ ។ ប្រការនេះ គឺបានឆ្លុះបញ្ចាំងនូវការ ដឹកនាំដ៏ត្រឹមត្រូវ និងជាគោលនយោបាយឈ្នះៗរបស់ គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចទាំងបីជា ប្រមុខដឹកនាំ ៕