កំពង់ធំ៖ ជនសង្ស័យជាមេចោរមានឈ្មោះ តុង ហួន ដែលជាមេចោរល្បីជិត១០ឆ្នាំ មានស្រុកកំណើត នៅស្រុក បារាយណ៍ ខេត្តកំពង់ធំ ត្រូវបានកម្លាំងសមត្ថកិច្ច នគរបាលខេត្តកំពង់ធំ ធ្វើការឃាត់ខ្លួនកាល ពីវេលាម៉ោង ១៤:៣០នាទី រសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១២។
លោកអនុសេនីយ៍ឯក ស្រី ច័ន្ទស៊ីណា អធិការរងទទួលផែនការយុត្តិធម៌ ស្រុកបារាយណ៍ បានឲ្យដឹងថា ជន សង្ស័យមានឈ្មោះ តុង ហួន និងជនសង្ស័យម្នាក់ទៀតមានឈ្មោះ សូត្រ សឿន ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ស្ថិតក្នុងចំណុច ភូមិធម្មនាថ ឃុំតាំងក្រសាំង ស្រុកសន្ទុក ដែលកំពុងបើកបរម៉ូតូ លើកំណាត់ផ្លូវជាតិលេខ៦។
លោកអនុសេនីយ៍ឯក ស្រី ច័ន្ទស៊ីណា បានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ ត្រូវបាន សមត្ថកិច្ចតាមប្រម៉ាញ់ ចាប់តាំងពី ខេត្តសៀមរាប ដោយមានការបញ្ជាពីឧត្តមសេនីយ៍ត្រី ផាន់ សុផេង ស្នងការនគរបាល ខេត្តកំពង់ធំ ។
បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចបានរឹបអូសវត្ថុតាង បានលើខ្លួនជនសង្ស័យ មានអាវុធខ្លី KA 54 ចំនួន១ដើម និងមានគ្រាប់ចំនួន១៣គ្រាប់ ព្រមទាំងម៉ូតូម៉ាក់C125 ពណ៍ខ្មៅស៊េរី ២០០៧ ចំនួន១គ្រឿង ។
គួររំលឹកថាជនសង្ស័យឈ្មោះ តុង ហួន ភេទប្រុស អាយុ ៤៤ឆ្នាំ ស្រុកកំណើត ភូមិត្រពាំងជ្រៃ ឃុំបាល្លង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រូវបានប្រភពអះអាងថា ជាមេចោរ យ៉ាងសកម្មក្នុងករណី លួច ប្លន់ និងចាប់ជំរិត ក្នុងមុខសញ្ញានៅ ខេត្តកំពង់ធំ និងបណ្តាខេត្ត មួយចំនួនទៀត ។
យោងតាមប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យមានដីការចាប់ខ្លួន ចំនួន៦ករណីផងដែរ។ ក្រោយពី ដឹងថា សមត្ថកិច្ចចាប់បានជនសង្ស័យជាមេចោរឈ្មោះ តុង ហួន នេះប្រជាពលរដ្ឋ និងមហាជនបានកោត សរសើរ ចំពោះវិធានការ និងចុះអនុវត្តន៍ច្បាប់ និងស្របតាមគោលការណ៍ ភូមិ-ឃុំមានសុវត្ថិភាពរបស់ រាជរដ្ឋាភិបាលកម្ពុជាបានល្អប្រសើរ ។
គួរបញ្ជាក់ទៀតថា មេចោរល្បីប្លន់ ប្រដាប់អាវុធ ឈ្មោះ តុង ហួន ត្រូវជាបងមេចោរចាប់ជំរិត ឈ្មោះតុងហ៊ីម ដែលសមត្ថកិច្ច ឡោមព័ន្ធចាប់ខ្លួន កាលពីឆ្នាំ២០០៦ នៅភូមិត្រពាំងជ្រៃ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ប៉ុន្តែជនសង្ស័យឈ្មោះតុង ហ៊ីម ត្រូវជាប្អូនឈ្មោះ តុង ហួន នេះ មិនបានប្រគល់ខ្លួនឲ្យសមត្ថកិច្ច ហើយបាន បាញ់មកលើសមត្ថកិច្ច រំដោះខ្លួន ពេលសមត្ថកំពុងឡោមព័ន្ធ ហើយត្រូវបានសមត្ថកិច្ចបាញ់តបនិងគប់គ្រាប់ ចូលក្នុងផ្ទះដើម្បីការពារខ្លួន ហើយជនសង្ស័យ តុង ហ៊ីម ក៏ត្រូវបានស្លាប់ ក្នុងពេលប្រតិបត្តិការ បង្រ្កាបនោះ ទៅ ។
ប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍ បង្ក្រាបយ៉ាងក្តៅគគុក របស់សមត្ថកិច្ចខាងលើនេះ ប្រជាពលរដ្ឋ រស់នៅខាងលើ បានសម្តែងការ អរគុណ និងកោតសរសើរ ចំពោះសមត្ថកិច្ចនគរបាល។ ហើយប្រជាពលរដ្ឋ មានជំនឿថា តទៅពេលខាងមុខ ពួកគេ និងទទួលបាននូវសុវត្ថិភាពរហូត ៕