កូឡំបូៈ រដ្ឋាភិបាលស្រីលង្ការ មានគម្រោងក្នុងការកសាង ទំនាក់ទំនងកាទូត ជាមួយប្រទេសឥណ្ឌា ដើម្បីស្វែងរកដំណោះស្រាយទាក់ទងទៅនឹង បញ្ហារោងចក្រថាមពល នុយក្លេអែរ Kundankulam និង បញ្ហាសុវត្ថិភាព។ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីប្រទេស ស្រីលង្ការបានឲ្យដឹងកាលពី ថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១២កន្លងទៅនេះ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១២នេះ បានឲ្យដឹងដោយ លើកឡើង នូវសំដីរបស់អគ្គលេខាធិការ ក្រសួងកិច្ចការបរទេសប្រទេស ស្រីលង្ការ លោក K Amunugama ដែលបានឲ្យដឹងថា ការបង្កើនទំនាក់ទំនងការទូត ជាកិច្ចដ៏មានសារៈសំខាន់សម្រាប់ប្រទេស ស្រីលង្ការ ក្នុងការដោះស្រាយបញ្ហារោងចក្រនុយក្លេអែរ របស់ប្រទេសឥណ្ឌា ដែលបានកសាងនៅក្នុងតំបន់ភាគខាង ត្បូង នៃប្រទេស។
ប្រភពព័ត៌មាន បានឲ្យដឹងថា រោងចក្រ Kundakulamកំពុងក្លាយជាបញ្ហាជម្លោះរវាងស្រីលង្កា និងឥណ្ឌា ដោយសារតែរោងចក្រនេះ ស្ថិតនៅជាប់ប្រទេសស្រីលង្កា។ គួរបញ្ជាក់ថា រោងចក្រនេះស្ថិតនៅក្នុងចម្ងាយ ប្រមាណត្រឹមតែ២៥០គីឡូម៉ែត្រប៉ុណ្ណោះ ពីភាគខាងជើងនៃទីក្រុងMannar។
អ្នកជំនាញខាងបរិស្ថាន របស់ប្រទេសស្រីលង្កា បានស្នើសុំឲ្យមានវិធានការណ៍រក្សាសុវត្ថិភាពរោងចក្រ ព្រមទាំងទាមទាររដ្ឋាភិបាលឥណ្ឌា បង្កើននូវវិធានការណ៍ ការពារគ្រោះមហន្តរាយនានា បន្ទាប់ពីមានគ្រោះ មហន្តរាយធម្មជាតិនៅរោងចក្រ ហ្វូគូស៊ីម៉ារបស់ប្រទេស ជប៉ុន។
លោកបានបន្តថា ប្រទេស ឥណ្ឌាមានសិទ្ធក្នុងការរៀបចំកម្មវិធីអាតូមិក ដោយឡែកប្រទេសស្រីលង្ការ ក៏មានប្រសិទ្ធិ ក្នុងការការពារផលប្រយោជន៍របស់ខ្លួនដូចគ្នា។ ហេតុនេះ ការបង្កើននូវទំនាក់ទំនងរវាង ប្រទេស ទាំងពីរ ជាការចាំបាច់ ក្នុងការការពារប្រយោជន៍សម្រាប់ទាំងសងខាង។
គួរបញ្ជាក់ថា នៅដើមខែនេះមន្ត្រី AEA របស់ប្រទេសស្រីលង្ការ បានធ្វើដំណើរទៅកាន់ប្រទេស ឥណ្ឌា ដើម្បីធ្វើការពិភាក្សាពីបញ្ហារោងចក្រថាមពលនុយក្លេអែរ។ ក្នុងអំឡុងនៃកិច្ចប្រជុំនេះ ភាគីទាំងពីរបានចុះ កិច្ចព្រមព្រៀងជាមួយគ្នា ដើម្បីដោះស្រាយបញ្ហារោងចក្រនុយក្លេអែរ និងប្តេជ្ញាក្នុងការធ្វើការពិភាក្សា ពីបញ្ហានេះជាបន្តបន្ទាប់៕