តូក្យូៈ ប្រទេសជប៉ុន នឹងពង្រឹងការរក្សាសន្តិសុខ ជុំវិញដែនសមុទ្រ របស់ខ្លួនបន្ថែមទៀត នេះជាការលើកឡើងរបស់ នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihiko Noda។ លោកបានលើកឡើងបែបនេះ កាលពីថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១២កន្លងទៅនេះ ខណៈដែលនាវាប្រទេស ចិន បានធ្វើដំណើរក្បែរប្រជុំកោះកំពុងមាន ជម្លោះ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Channel News Asia ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១២នេះ បានឲ្យដឹងដោយលើកឡើងនូវសំដី របស់លោកនាយករដ្ឋមន្ត្រី Noda ថ្លែងក្នុងសភាថា ការស្រលាញ់សន្តិភាព ជាគោល ការណ៍ របស់ប្រទេស ជប៉ុន តែលោកនឹងបន្តប្រឹងប្រែង ក្នុងការពង្រឹងការ រក្សាសន្តិសុខជុំវិញ តំបន់ក្នុងដែនសមុទ្រ របស់ខ្លួន។
លោកបានបន្តថា វាមិនមែនជាកំហុសនោះទេ ដែលប្រទេសជប៉ុន ព្យាយាមការរក្សាសន្តិសុខជុំវិញដែនអធិបតេយ្យភាព របស់ខ្លួនកាន់តែតឹងរឹងជាងមុន ដោយសារបញ្ហាវិវាទដែនដី និងសិទ្ធិអធិតេយ្យភាព កំពុងកើតមានឡើង។ ថ្នាក់ដឹកនាំរូបនេះ បានបន្ថែមថា លោកនឹងកាន់តួនាទីក្នុងការពារដែនដី និងដែនសមុទ្រ របស់ខ្លួន ស្របពេលដែលជប៉ុន ព្យាយាមក្នុងការស្វែងរកការពារពីច្បាប់អន្តរជាតិ។
គួររំលឹកផងដែរថា កាលពីថ្ងៃអាទិត្យ ទី២៨ ខែតុលា ឆ្នាំ២០១២កន្លងទៅនេះ នាវាល្បាតរបស់ប្រទេស ចិន ៤គ្រឿង បានចូលចតនៅ ក្នុងដែលទឹកជុំវិញ ប្រជុំកោះដែលមានឈ្មោះថា កោះស៊ិនកាគូនោះ។
គួរបញ្ជាក់ថា ការលើកឡើងបែបនេះធ្វើឡើង បន្ទាប់ពីប្រទេស ជប៉ុន បានឲ្យដឹងកាលពីថ្ងៃសុក្រ ទី២៦ ខែតុលា ឆ្នាំ២០១២កន្លងទៅនេះថា រដ្ឋាភិបាលក្រុងតូក្យូមួយនេះ នឹងចំណាយទឹកប្រាក់ប្រមាណជា ១៧ពាន់លានយេន ដែលស្មើនឹង២១៣លានដុល្លារ ដើម្បីពង្រឹងការការពារតាមដែនសមុទ្ររបស់ខ្លួន ខណៈដែលការប្រឈមមុខដាក់គ្នា បានកើតមានឡើង នៅតាមប្រជុំកោះក្នុងសមុទ្រចិនខាងកើត៕