Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ពលរដ្ឋខ្មែរ នៅតែបន្តដំណើរ ទៅកាប់ឈើ ខុសច្បាប់ ក្នុងទឹកដីថៃ

$
0
0

ភ្នំពេញ៖ បើទោះបីជាមានការអំពាវនាវ ពីប្រមុខរាជរជ្ឋាភិបាល ព្រមទាំងមានកាតហាមឃាត់ និងអប់រំពី អាជ្ញាធរខ្មែរ មិនឲ្យប្រជាពលរដ្ឋធ្វើដំណើរខុសច្បាប់ ទៅរក ការងារធ្វើនៅប្រទេសថៃយ៉ាងណាក៏ដោយ ប៉ុន្តែគេសង្កេតឃើញមានពលរដ្ឋ នៅតែបន្តធ្វើដំណើរទៅទៀត ជាពិសេសទៅកាប់ឈើ ខុសច្បាប់ក្នុងទឹកដីថៃ។

លោក តូច រ៉ា ប្រធានទំនាក់ទំនងព្រំដែន កម្ពុជា-ថៃ ប្រចាំច្រកជាំ មានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១២ថា ជាច្រើន លើកជាច្រើនសារ ដែលរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរ នៅតាមបណ្តាខេត្តជាប់ព្រំដែន ហាមឃាត់ក្រុមប្រជាពលរដ្ឋ មិនឲ្យឆ្លងដែនខុសច្បាប់ ទៅរកកាប់ឈើខុស ច្បាប់នៅប្រទេសថៃក៏ដោយ ប៉ុន្តែពួកគេនៅតែលបលួចបន្តដំណើរទៀត ជាពិសេសទៅកាប់ឈើ ក្នុងតំបន់ហាមឃាត់របស់ប្រទេសថៃ ដែលជាហេតុធ្វើឲ្យមានការ បាញ់បោះ មកលើក្រុមប្រជាពលរដ្ឋខ្មែរ។

លោកបន្តថា ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីមានការហាមឃាត់ ពីប្រមុខរាជរដ្ឋាភិបាលនាពេលកន្លងមកនោះ ប្រជាពលរដ្ឋដែលធ្វើដំណើរទៅ រកការងារ នៅប្រទេសថៃ មានការថយចុះច្រើនហើយ តែមានកើនឡើងវិញ ចំពោះប្រជាពលរដ្ឋនៅតាមព្រំដែន ដែលពួកគេទៅកាប់ឈើ ដោយខុសច្បាប់នៅថៃបន្តទៀត។

លោកបញ្ជាក់ថា «ការឆ្លងដែនខុសច្បាប់ ទៅរកការងារធ្វើនៅថៃ មានចំនួនតិចតួចណាស់ ប៉ុន្តែការឆ្លងដែនទៅកាប់ឈើខុសច្បាប់ មានជាហូរហែ ហើយការបញ្ជូន ពលករខ្មែរខុសច្បាប់ត្រឡប់មកវិញក៏មានច្រើនដែរ»។

លោកបន្ថែមថា កាលពីប៉ុន្មានថ្ងៃមុន លោកបានទទួលពលរដ្ឋខ្មែរ៣នាក់ ដែលពីភាគីថៃ បានបញ្ជូនពួកគេត្រឡប់មកវិញ បន្ទាប់ពីពួកគេបានជាប់ឃុំឃាំងអស់ រយៈពេលជាច្រើនឆ្នាំ។

យោងតាមរបាយការណ៍ ពីក្រសួងមហាផ្ទៃ ដែលបានចេញកាលពីពេលកន្លងទៅ បានឲ្យដឹងថា ពលករខ្មែរ ប្រមាណជាង ១២.០០០នាក់ ត្រូវបាន គេបញ្ជូនត្រឡប់ មកវិញក្នុងឆ្នាំ២០១១ ពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ ម៉ូរីទីសជាដើម។ ដោយឡែកសម្រាប់ដើមឆ្នាំ២០១២ យ៉ាងហោចណាស់ មានពលករខ្មែរ ទាំងប្រុស ទាំងស្រីជាច្រើននាក់ ត្រូវបានបញ្ជូនត្រឡប់មកវិញជាបន្តបន្ទាប់។

សូមជម្រាបថា តាមរបាយការណ៍នាពេលកន្លងមក បានឲ្យដឹងថា ពលករខ្មែរស្របច្បាប់ដែលទៅបំរើការងារ នៅប្រទេសថៃ មានតែជាង៤ម៉ឺននាក់ប៉ុណ្ណោះ ក៏ប៉ុន្តែការ ធ្វើឯកសារឲ្យស្របច្បាប់ ដើម្បីអាចធ្វើការងារនៅប្រទេសថៃ មានជាង ១០ម៉ឺននាក់។ ដូច្នោះហើយ មានពលករដែលទៅធ្វើការងារ ដោយខុសច្បាប់យ៉ាងច្រើន ដោយមាន អ្នកខ្លះត្រូវបានអាជ្ញាធរថៃ បាញ់សម្លាប់ជាបន្តបន្ទាប់ ខណៈលួចចូលទៅកាប់ឈើ ដោយខុសច្បាប់ ធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជា អង្គការសង្គមស៊ីវិល និងប្រជាជនខ្មែរ ស្អប់ខ្ពើម ឈឺចាប់ ព្រមទាំងថ្កោលទោស យ៉ាងខ្លាំងនាពេលកន្លងមក៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>