សៀមរាប : គណ:កម្មការអន្តរក្រសួង ដើម្បីរៀបចំការសម្ដែងសិល្ប:វប្បធម៌ចម្រុះអាស៊ានបូកបី (ASEAN Plus Three Joint Cultural Performances) និងរៀបចំកិច្ចប្រជុំពេញអង្គ វេទិការទេសចរណ៍អង្គរ តំបន់ អាស៊ីបូព៌ា បានប្រជុំក្នុងការរៀបចំសម្ដែងសិល្ប:វប្បធម៌ចម្រុះ អាស៊ានបូកបី កាលពីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១២នេះ នៅខាងក្រោយ (ខាងកើត) ជាប់នឹងប្រាង្គប្រាសាទអង្គរវត្ត។ ដែលកិច្ចប្រជុំនេះស្ថិតក្នុងអធិប តីភាពរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងមានការចូលរួមពី លោក ស៊ូ ភិរិន្ទ អភិបាល នៃ គណ:អភិបាលខេត្តសៀមរាប ក្នុងនោះមានរដ្ឋលេខាធិការ និងមន្ត្រី នៃក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: អាជ្ញាធរអប្សារា និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
កិច្ចប្រជុំដែលដឹកនាំដោយ លោករដ្ឋមន្ត្រី ថោង ខុន បានពិភាក្សា និងឯកភាព ព្រមទាំងសរុបនូវមតិយោបល់ មួយចំនួន ដើម្បីយកទៅឆ្លងនិងការសម្រេចពីក្រសួង ស្ថាប័ន និងអង្គភាព ព្រមទាំងប្រទេសសមាជិកអាស៊ាន ក៏ដូចជាដៃគូរអាស៊ានបូកបី។ សូមបញ្ជាក់ថា ប្រទេសសមាជិកអាស៊ានទាំង១០ ដែលនឹងនាំសិល្ប:មក ចូលរួមវប្បធម៌សម្រុះអាស៊ានបូកបី នៅរាត្រីថ្ងែទី៣ ខែវិច្ឆិកា ឆ្នាំ២០១២ ខាងមុខនេះមាន ប្រទេសប្រ៊ុយណេ កម្ពុជា ឡាវ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី ថៃ និងវៀតណាម ហើយប្រទេសបូកបីមាន ប្រទេសចិន ជប៉ុន និងប្រទេសកូរ៉េ។
បើតាមការគ្រោងទុក ពិធីសម្ដែងសិល្ប:វប្បធម៌ចម្រុះអាស៊ានបូកបី ក្រោមប្រធានបទ "ឯកភាពក្នុងពហុភាពវប្បធម៌" និងប្រធានបទ "សៀមរាបអង្គរ ទីក្រុងវប្បធម៌នៃអាស៊ីបូព៌ាឆ្នាំ២០១២" នៅក្រុងប្រវត្តិសាស្ត្រ សៀមរាប-អង្គរនេះ ស្ថិតក្រោមអធិបតីភាពរបស់ លោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីនៃទីស្ដីការ គណ:រដ្ឋមន្ត្រី ជាអធិបតី ក្នុងនោះ និងមានការអញ្ជើញចូលរួមពីលោក ប្រធានក្រុមប្រឹក្សា នៃសហភាព អឺរ៉ុបផងដែរ ព្រមទាំងប្រតិភូនៃបណ្ដាប្រទេសអាស៊ានបូកបី សិល្ប:ករ សិល្ប:ការនី និងភ្ញៀវជាតិ អន្តរជាតិជាច្រើនរូបផងដែរ។
សូមបញ្ជាក់ជាថ្មីថា ការសម្ដែងសិល្ប:វប្បធម៌ចម្រុះអាស៊ានបូកបី នឹងប្រារព្ធនៅរាត្រីថ្ងែទី៣ ខែវិច្ឆិកា ឆ្នាំ២០១២ នៅខាងក្រោយ (ខាងកើត) ជាប់នឹងប្រាង្គប្រាសាទអង្គរវត្ត (អង្គរតូច)៕