ភ្នំពេញ៖ ក្រុមនិស្សិតមួយ ក្រុមដែល មានឈ្មោះថាក្រុម និស្សិត Fun-Runនឹងរៀបចំ ព្រឹត្តិការណ៍ មួយដែលមាន ឈ្មោះថា “I Like to Move It ” ក្រោមអត្ថន័យថា “រត់ និង ជួយសត្វព្រៃ” ដែលនឹងធ្វើឡើង នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១២ ឧទ្យានចំការព្រីង ក្នុងគោលបំណង ប្រមូលថរិកា ដើម្បីទៅជួយសត្វព្រៃ នៅភ្នំតាម៉ៅ និងដាស់តឿនរំលឹកដល់ ប្រជាជនកម្ពុជាទាំងអស់ ក៏ដូចជា ពិភពលោកទំាងមូល ចូលរួមជួយសង្គ្រោះសត្វព្រៃ ព្រោះសត្វទាំងនោះស្ថិត ក្នុងភាពគ្រោះថ្នាក់ហើយ មួយចំនួនទៀតស្ទើរ តែផុតពូជទៅហើយ។
យោងតាមប្រភព ព័ត៌មានពីក្រុមនិសិ្សត Fun Run បានឲ្យដឹងថា ព្រឹត្តិការណ៍នេះត្រូវបាន គាំទ្រដោយអង្គការ សង្គ្រោះសត្វព្រៃ (Wildlife Alliance) និង សួនសត្វភ្នំតាម៉ៅ និង រំពឹងមានមនុស្ស ចំនួន២,០០០ នាក់នឹងចូលរួម។ យោងតាមស្ថិតិរបស់ ភ្នំតាម៉ៅ នៅចុង កញ្ញានេះ បានដឹងថាភ្នំតាម៉ៅ មានទំហំប្រមាណ ២,៣០០ហិតតា មានសត្វព្រៃចំនួន ៩៦ប្រភេទ ដែលស្មើនឹង១៤៤១ សត្វ ក្នុងនោះមាន សត្វព្រៃចំនួន១៦ប្រភេទ ដែលប្រឈមមុខ នឹងការផុតពូជ។
ប្រភពព័ត៌មានបាន លើកឡើងទៀតថា «ក្នុងនាមយើងជាជនជាតិកម្ពុជា យើងមានមោទកភាព ដែលមានធម្មជាតិ និងសត្វ ដ៏ មានតម្លៃទាំងនេះ។ ត្វទាំងនេះរស់នៅជាមួយ មនុស្សយើង ហើយ វាក៏បាន បង្កើតនូវបរិយាកាសដ៏ល្អ។ វាក៏មានតួនាទី សំខាន់ ក្នុង ការរក្សាលំនឹងប្រព័ន្ធ អេកូឡូស៊ីផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ សត្វដ៏មានទតម្លៃទាំងនេះ នឹងត្រូវផុតពូជនៅ ពេល ខាងមុខ»។
សួនសត្វភ្នំតាម៉ៅជាសួនសត្វជាតិ គឺជាមណ្ឌលសង្រោះសត្វ ព្រៃតែមួយគត់ក្នុង ប្រទេសកម្ពុជា ដែលដើតួនាទីយ៉ាងសំខាន់ ក្នុង ការការពារសត្វព្រៃនិង ជាកន្លែងឃ្លាំមើលភាព មិនល្អលើសត្វព្រៃ។ ទន្ទឹមនឹងការរីកចម្រើន របស់សួនសត្វ និង ចំនួនសត្វព្រៃ កាន់កើនឡើង សួនសត្វនេះកំពុងប្រឈមមុខ នឹងការខ្វះមូលនិធិដើម្បីទិញ ចំនីសត្វជួសជុលទ្រុងសត្វ និង ថែរក្សារសត្វព្រៃ របស់កម្ពុជាជាដើម។ កត្កាទាំងអស់នេះហើយ ដែលជំរុញឲ្យសត្វព្រៃកាន់តែ ប្រឈមនឹងការ ផុតពូជហើយនឹង បណ្តាលឲ្យ មនុស្ស ជំនាន់ថ្មីមិនអាចយល់ពី តម្លៃនៃជីវិតរបស់ ទាំងនេះ។
ប្រភពដដែលបន្ថែមថា ដោយមើលឃើញពី ចំណុចដ៏គ្រោះថ្នាក់នេះ ពួកក្រុមនិស្សិតបាន បង្កើតគំរោងនេះទ្បើង ដើម្បី រំលឹក ដល់ប្រជាជនកម្ពុជា ទាំងអស់ឲ្យយល់ ដឹងថាកម្ពុជានឹង បាត់បង់សត្វព្រៃក្នុង ពេលខាងមុខដ៏ខ្លី។ គំរោងនេះត្រូវបាន បើកជា សាធារណៈ ហើយសាធារណៈជននឹង ត្រូវបានអញ្ជើញឳ្យចូលរួម ក្នុងរូបភាពជាការរត់ ប្រណាំងកំសាន្ត ការសំដែង និងកម្មវិធី ជាច្រើនទៀត ដែលនឹងប្រព្រឹត្តទៅ ចាប់ពីម៉ោងប្រាំមូយព្រឹក រហូតដល់ ថ្ងៃត្រង់។ សំបុត្រសំរាប់ចូលរួមតម្លៃ ៣ដុល្លាចំពោះជន ជាតិខ្មែរ និង១០ដុល្លាសំរាប់ ជនជាតិបរទេស។ ចំពោះព័ត៌មាន ការទិញសំបុត្រ អាចទាក់ទងតាមលេខ ០៧៧ ៧០ ៥៨ ៦៩ រឺ គេហទំព័រ cambodiafunrun.org។
សូមបញ្ជាក់ថា ការប្រកួតរត់ប្រណាំងនេះ មានចម្ងាយផ្លូវ៤គីឡូម៉ែត្រ ដោយធ្វើការបែងចែក ទៅតាមភេទប្រុសនិងស្រី រីឯ ចំណាត់ថ្នាក់វិញ គឺទាំងផ្នែកបុរស និងផ្នែកនារី គឺកំណត់យកពីលេខ១ ដល់លេខ៣ ដូចគ្នា។ មូលនិធិដែលទទួលបាន ពីគំរោង នេះនឹងយកទៅ ជូយដល់ការគាំទ្រសត្វព្រៃ នៅសួនសត្វភ្មំតាម៉ៅ។ នេះជាពេលដែល ប្រជាជនកម្ពុជាសង្រោះ សត្វព្រៃនៅ ប្រទេសកម្ពុជា។ ការចូលរួមចំនែកម្នាក់បន្តិចៗ នឹងជូយឲ្យមានភាព ប្រសើរទ្បើងដល់សត្វព្រៃ។ លោកអ្នក ក៏អាចចូលរួម ឧបត្ថម្ភ តាមរយៈធនាគារ CIMB គណនីលេខ ២-០១-០១២៤-០០០០០៤៤៥-៩។
គួរបញ្ជាក់ថានេះជាគំរោង លើកទីពីរបន្ទាប់ពី គំរោងកាលពីឆ្នាំមុន ដែលមានឈ្មោះថា “កម្មវិធីអាស៊ានរត់ប្រណាំង» ដោយភ្ជាប់ ជាមួយ ពាក្យស្លោកមួយឃ្លាថា «យើងរត់ដើម្បីពិភពពណ៌បៃតង” ដែលធ្វើទ្បើងក្នុងការបង្កើត មូលនិធិគាំទ្របរិស្ថាន។ គំរោង នោះបានដក់ជាប់ ក្នុងចិត្តរបស់អ្នកចូលរួម ទាំងអស់ហើយជាពេល ដ៏ជោគជ័យមួយដែលមាន អ្នកចូលរួមប្រមាន៥០០នាក់ ក្នុងនោះមាន៨៥ជា សមាជិកស្មគ្រ័ចិត្ត និងរួមសហការពីបណ្តា ក្រុមហ៊ុនគាំទ្រនិង អ្នកឧបត្តម្ភចំនួន១៤៕