ភ្នំពេញ៖ ប្រទេសអាមេរិកគាំទ្រកម្ពុជា ដែលមានការរីកចំរើនយ៉ាងរលូន ក្នុងការអនុវត្តច្បាប់របស់ខ្លួន ស្តីពីការសុំកូនចិញ្ចឹមទៅក្រៅប្រទេស។
យោងតាមសេចក្តីថ្លែងការណ៍ របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១២នេះបានឲ្យដឹងថា ប្រទេសកម្ពុជាមានការរីកចំរើនទៅមុខច្រើន ក្នុងការអនុវត្តច្បាប់របស់ខ្លួនស្តីពី ការសុំកូនចិញ្ចឹមទៅក្រៅប្រទេស និងបទបញ្ញត្តិដែលមានការទាក់ទង ស្តីពីជំរើស ផ្សេងក្នុងការចិញ្ចឹមបីបាច់កុមារ តែក៏នៅមានការងារដែលត្រូវធ្វើនៅឡើយផងដែរ។
សេចក្តីថ្លែងការណ៍នោះបន្តថា “យើងសូមស្វាគមន៍ដំណើរជឿនលឿនទៅមុខ ដែលសំរេចបានកន្លងមក ហើយយើងសូមបន្តគាំទ្រ កិច្ចខិតខំរបស់ប្រទេសកម្ពុជា ក្នុង ការឈានទៅគោរពអនុសញ្ញាក្រុងឡាអេស្តីពី ការសុំកូនចិញ្ចឹម ឲ្យបានពេញលេញ”។
លោកស្រីឯកអគ្គរដ្ឋទូត Susan Jacobs ទីប្រឹក្សាពិសេសផ្នែកបញ្ហាកុមារ របស់សហរដ្ឋអាមេ រិក បានធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា កាលពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១២នោះ ដើម្បីបន្តការពិភាក្សាស្តីពី ផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាប់ផ្តើមឡើងវិញ នូវដំណើរការសុំកូនចិញ្ចឹមទៅក្រៅប្រទេស។ ក្នុង អំឡុងពេលទស្សនកិច្ច លោកស្រី បានជួបពិភាក្សាជាមួយមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងស្តារយុវនីតិសម្បទា។
សហរដ្ឋអាមេរិកបន្ត ធ្វើការពិភាក្សាជាមួយមន្រ្តីរដ្ឋាភិបាលកម្ពុជា ស្តីពីការបន្តឡើងវិញ នូវដំណើរការសុំកូនចិញ្ចឹមទៅក្រៅប្រទេស ហើយមិនបានធ្វើការសំរេចចិត្ត ឬក៏កំណត់ពេលវេលាសម្រាប់ ដំណើរការឡើងវិញនូវការសុំកូនចិញ្ចឹម ទៅបរទេសរវាងកម្ពុជានិងសហរដ្ឋអាមេរិកឡើយ។
បន្ទាប់ពីកម្ពុជា បានចូលជាសមាជិកអនុសញ្ញា The Hague convention ពេញសិទ្ធិមក នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១២នេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាត ឲ្យរដ្ឋាភិបាលអាមេរិក យកកុមារកម្ពុជា ទៅចិញ្ចឹមដោយស្របច្បាប់ តាមលក្ខណៈអន្តរជាតិឡើងវិញ ដែលគំរោងនេះ នឹងផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៣តទៅ។
ប្រទេសកម្ពុជា បានអនុញ្ញាតឲ្យជនបរទេសយកកុមារ ទៅចិញ្ចឹមជាច្រើនឆ្នាំមកហើយ ដែលរហូតមកដល់ពេលនេះ ប្រហែលជាង៥០០០នាក់។ ប្រទេសដែលត្រូវបាន អនុញ្ញាតមានដូចជាប្រទេស អ៊ីតាលី, បារាំង, អូស្រ្តាលី, អាល្លឺម៉ង់, អាមេរិក និងប្រទេសអង់គ្លេសជាដើម។ កម្ពុជា បានទទួលស្គាល់សន្ធិសញ្ញាឲ្យ អន្តរជាតិស្មុំកុមារ តាំងពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០០៧ ហើយនៅក្នុងខែសីហា ឆ្នាំដដែល បានចូលជាពេញសិទ្ធិជាស្ថាពរ៕