Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

បើកសិក្ខាសាលា ពិគ្រោះយោបល់ ស្តីពី សូចនាករសិទ្ធិកុមារ

$
0
0

ភ្នំពេញ៖ សិក្ខាសាលាពិគ្រោះយោបល់ស្តីពី សូចនាករសិទ្ធិកុមារ ត្រូវបានបើកធ្វើឡើង ដោយមានការចូលរួមពីមន្រ្តីមកពីក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិ ជាច្រើនរូប នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១២នេះ នាសណ្ឋាគារ អៀមភើរៀល រាជធានីភ្នំពេញ។

សិក្ខាសាលាពិគ្រោះយោបល់ស្តីពីសូចនាករសិទ្ធិកុមារនេះ ត្រូវបានរៀបចំធ្វើឡើងក្នុងគោលបំណង២យ៉ាង ១.ដើម្បីបង្ហាញពីលទ្ធផលដែលបានចងក្រង នៃសូចនាករពាក់ព័ន្ធនឹងសិទ្ធិកុមារ និង២.ដើម្បីពិនិត្យ ពិភាក្សាផ្តល់យោបល់លើសូចនាករ ដែលបានចងក្រងពាក់ព័ន្ធនឹងសិទ្ធិកុមារ។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ លោក នឹម ថូត បានមានប្រសាសន៍នៅក្នុងពិធីបើកនោះថា កម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញា ស្តីពីសិទ្ធិកុមារនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩២ ដោយមិនមានលក្ខខណ្ឌ ហើយបន្ទាប់មក ប្រទេសកម្ពុជា ក៏បាន ផ្តល់សច្ចាប័នលើពិធីសារបន្ថែមនៃអនុសញ្ញាស្តីពីសិទ្ធិកុមារចំនួន២ទៀត គឺស្តីពីការចូលរួមរបស់ កុមារនៅក្នុងជម្លោះប្រដាប់អាវុធ និងស្តីពីការជួញដូរកុមារ ពេស្យា កម្មកុមារ និងរូបភាពអាសអាភាសកុមារ ឆ្នាំ២០១២។

លោកបានបន្តថា «រាជរដ្ឋាភិបាល បានជំរុញការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារ ដោយផ្អែកលើគោលចម្បង ៣ យ៉ាងគឺ៖

១.ការដកហូតកុមារ ពីទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ដើម្បីឲ្យកុមារទទួលបានការអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាហរណកម្មកុមារទៅក្នុងសង្គម។

២.កិច្ចសហការជាមួយសង្គមស៊ីវិល និងការប្រយុទ្ធប្រឆាំងការជួញដូរស្រ្តីនិងកុមារ និងទី៣.លើកកម្ពស់ការងារសមរម្យ និងសុវត្ថិភាពការងារកុមារ ព្រមទាំងបានចេញប្រកាសចំនួន៤ ដើម្បីទប់ស្កាត់ពលកម្មកុមារ ក្នុងកសិកម្មមានលក្ខណៈជាគ្រួសារ។

លោកស្រី Robin Mauney ជំនាញការចងក្រងសូចនាករ ពាក់ព័ន្ធនឹងសិទ្ធិកុមារ បានមានប្រសាសន៍ថា បានជាយើងត្រូវបង្កើត សូចនាករសិទ្ធិកុមារ គឺដើម្បីត្រួតពិនិត្យ លើការអនុវត្តអំពីសិទ្ធិកុមារ របស់ប្រទេសកម្ពុជា ហើយជាការទទួលខុសត្រូវក្រោមច្បាប់កិច្ច ការពារកុមារអន្តរជាតិ ២០១២-២០១៣។

លោកស្រីបានបន្តថា ប្រទេសកម្ពុជា បានចូលរួមយ៉ាងសកម្ម ក្នុងការបញ្ជូនរបាយការណ៍ រៀងរាល់៥ឆ្នាំម្តង ជូនទៅគណៈកម្មាធិការ ការពារកុមារ។

សូមបញ្ជាក់ថា ប្រទេសកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញា ស្តីពីសិទ្ធិកុមារ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩២ ហើយតាមរយៈអនុសញ្ញានេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយន្តការជាច្រើន ដើម្បីឲ្យកុមារទទួលបាន នូវសិទ្ធិពេញលេញរបស់ខ្លួន ជាពិសេស សិទ្ធិជាមូលដ្ឋានទាំង ៤ គឺសិទ្ធិរស់រានមានជិវិត សិទ្ធិអភិវឌ្ឍ សិទ្ធិទទួលបានការការពារ និងសិទ្ធិចូល រួម។ ដើម្បីអនុវត្តអនុសញ្ញា ស្តីពីសិទ្ធិកុមារ រាជរដ្ឋាភិបាល បានបង្កើតក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ (ក.ជ.ក.) នៅឆ្នាំ ១៩៩៥ ដោយអនុក្រឹត្យ និងបានកែសម្រួល ទៅជាព្រះរាជក្រឹត្យនៅចុងឆ្នាំ២០០៩៕

www.dap-news.com

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles