ភ្នំពេញ៖ កុមារ និងគ្រូបង្វឹកក្នុងស្រុក នឹងទទួលបានឱកាស ដែលកម្រជួបបំផុត ដោយមិនធ្លាប់មានពីមុនមកពី YKK ASAO ជាក្រុមហ៊ុនអភិវឌ្ឍ ផលិត ផ្គត់ផ្គង់ នៅទូទាំងពិភពលោក នូវផលិតផលសម្រាប់ពាក់ភ្ជាប់ (រូតទំពក់ ឡេវ ជ័រកឹប) និងផលិតផលសម្រាប់ស្ថាបត្យកម្ម ពីគ្លីនិកបាល់ទាត់កុមារ ដែលបានបើកសម្ពោធជា លើកដំបូងនៅកម្ពុជា។
ក្រុមហ៊ុន នឹងនាំគ្រូបង្វឹក របស់ Real Madrid Foundation មកកាន់រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១-៣ខែវិច្ឆិកា ដើម្បីធ្វើការបង្វឹកបន្ថែមជូនដល់គ្រូបង្វឹក និងកុមារក្នុង ស្រុក។ គ្រូបង្វឹកក្នុងស្រុកជាង ៣០រូប កុមារជាង២៥០នាក់ នឹងធ្វើការជួបជុំ ហើយហ្វឹកហ្វឺនជាមួយនឹងគ្រូបង្វឹក Pablo Gomez Revenga, Javier Garcia Torres និងIvan Garcia Sacritan ដែលមកពី RMF ក្លឹបបាល់ទាត់ Real Madrid Club De Futbol។
គ្រូបង្វឹករូបនេះ នឹងធ្វើការចែករំលែកនូវបច្ចេកទេស និងវិធីសាស្រ្ត ក្នុងការហ្វឹកហាត់ ដល់គ្រូបង្វឹកក្នុងស្រុកនៅថ្ងៃទី១ ខែវិច្ឆិកា ហើយនឹងរៀបចំការហ្វឹកហ្វឺន បាល់ទាត់ ដោយបែងចែកជាចំនួនបួនក្រុម សម្រាប់កុមារ ដែលមានអាយុ ចាប់ពី៧ដល់១៥ឆ្នាំ នៅថ្ងៃទី២-៣ ខែវិច្ឆិកា។
ព្រឹត្តិការណ៍នេះ មានឈ្មោះថា “សម្រាប់តែកីឡាបាល់ទាត់” និង” YKK ASAO គ្លីនិកបាល់ទាត់កុមារ” ដែលមានរយៈពេលបីថ្ងៃ ហើយកម្មវិធីនឹងត្រូវចាប់ផ្តើម ពីថ្ងៃ ទី១នេះ នៅសណ្ឋាគារអាំងទែកង់ទីណង់តាល់ ដឹកនាំដោយក្រុមការងាររបស់ YKK និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
ប្រធាន និងនាយកប្រតិបត្តិរបស់ YHA លោក Ken Nakano មានប្រសាសន៍ថា “គម្រោង CSR មានគោលបំណងគាំទ្រការលូតលាស់ ប្រកបដោយសុខភាពល្អ របស់កុមារតាមរយៈកីឡា ហើយយើងជឿថា កីឡាបាល់ទាត់ ជាកីឡារួមមួយ ដែលអ្នកគ្រប់គ្រងអាចលេងបានយ៉ាងរីករាយ ដោយមិនរើសអើងសាសនា ជាតិសាសន៍ ឬវប្បធម៌ អ្វីឡើយ។
លោកបន្ថែមថា YKK ASAO គ្លីនិកបាល់ទាត់ កុមារ អនុញ្ញាតឲ្យក្រុមហ៊ុនយើង ធ្វើការរួមចំណែក ជួយដល់សហគមន៍ក្នុងស្រុក ជាពិសេសនៅក្នុងតំបន់ ដែលយើង បានបើកដំណើរការិយាល័យ និងអគារបម្រើសេវាកម្មផ្សេងៗ៕