ភ្នំពេញៈ ក្រោយពីទទួល បាននូវដំណឹង ដ៏គ្រោតគ្រាត ទាក់ទងនឹងការធ្លាក់ ដុនដាប ទៅលើកម្រិត ជីវភាព របស់ តារាចម្រៀង ធ្លាប់ ចាយលុយពេញៗដៃ នាង អ៊ុំ គន្ធា ដែលត្រូវ ជាអតីតភរិយា របស់តារាចម្រៀង ផាន សុផាត ដែលកំពុង តែធ្លាក់ខ្លួន ដើរ រាវខ្យង ខ្ចៅ នឹងបេះត្រកួន ដើម្បីយកមកធ្វើ ជាអាហារ បរិភោគចិញ្ចឹមជីវិត ស្ទើរមិនគួរ ឲ្យជឿរួចមក នៅរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១២ នេះ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បាននាំយក ថវិកា មួយចំនួន ដែលបានមកពី សប្បុរសជននានា និងថវិកា មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ផ្ទាល់ទៅឧបត្ថម្ភ ជូនគ្រួសាររបស់ តារាចម្រៀង អ៊ុំ គន្ធា ដែលកំពុងតែជួបប្រទះ នូវការខ្វះខាត យ៉ាងធ្ងន់ធ្ងរ ទៅលើការទិញថ្នាំ ព្យាបាលជំងឺ នឹងផ្គង់ផ្គងជីវភាពប្រចាំថ្ងៃ ដែលផ្ទះនាងស្នាក់នៅ មានអាសយដ្ឋាននៅ ក្នុងភូមិ បាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ខាងក្រោយ បុរីពិភពថ្មី។
ថវិកាដែលសប្បុរសជន ជួយឧបត្ថម្ភតារាចម្រៀង អ៊ុំ គន្ធា តាមរយៈមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល មានដូចជាកញ្ញា លីដា ណាលីស (Lida Nalish) ឧបត្ថម្ភតាម រយៈក្រុម ប្រហុកខ្មែរ ថវិកា ១០០ ដុល្លារអាមេរិក ។ លោក វី នៅភ្នំពេញ ថវិកា៦ម៉ឺនរៀល ។ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ថវិកា ១០ម៉ឺនរៀល និងអង្ករ ៤៥គីឡូក្រាម និង លោក ហុក ចាន់លីណូ ថវិកា ៥ដុល្លារ ផង ដែរ ។ ក្នុងឱកាសនោះ អ្នកនាង អ៊ុំ គន្ធា ក៏ដូចជាម្ដាយ របស់នាង បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្ត ទុក ដាក់ ពីសំណាក់ សប្បុរស ជននានា ទាំងទឹកភ្នែក រលីងរលោង ជាប់ថ្ពាល់ ហើយនេះជាទឹកចិត្ត ដែលមិនអាច កាត់ថ្លៃបានរបស់ សប្បុជន ដែលបានជួយសង្គ្រោះ នាង និងគ្រួសារ ក្នុងពេលក្រខ្សត់នេះ ។
ជាមួយគ្នានេះដែរ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ក៏សូមអំពាវនាវដល់សិល្បករ-សិល្បការិនី និងសប្បុរសជននានា ដែលមាន សុទ្ធាជ្រះថ្លា សូមជួយឧបត្ថម្ភ ដល់តារាចម្រៀង អ៊ុំ គន្ធា ដែលកំពុងជួបបញ្ហាទីទាល់ក្រ ដើម្បីបង្ហាញពីទឹកចិត្ត ចេះជួយគ្នា ទៅវិញ ទៅមក ក្នុងនាមជា ប្រជាពលរដ្ឋខ្មែរ និងក្នុងនាមជាអ្នកសិល្បៈ ដូចគ្នា ព្រោះមនុស្សគ្រប់រូប ពិតជាមិនអាច មើលឃើញ ពីជោគវាសនា របស់ខ្លួនបានឡើយ។ ជាក់ស្ដែងដូចជានាង អ៊ុំ គន្ធា នេះជាដើម រហូតដល់ថ្នាក់ ថ្ងៃមួយមានជនពិកា ពីនាក់ ប្ដីប្រពន្ធ បាន ដឹកដៃគ្នាដើរកាត់ទឹក កាត់ភក់ ដើម្បីយកថវិកា បន្តិចបន្តួច ទៅជូននាងដល់ផ្ទះ ដោយសារតែពួក គាត់មានការក្ដី អាណិតអាសូរនាង ជាពន់ពេក ធ្វើឲ្យនាងស្រក់ទឹកភ្នែក ខ្សឹបខ្សួលនិយាយ លេងចេញ ព្រោះមិននឹក ស្មានថា ជីវិតនាងធ្លាក់ដល់ ថ្នាក់នេះសោះ។
គួរបញ្ជាក់ថា រឿងរ៉ាវដែលមិននឹកស្មានមិនដល់មួយ នៅក្នុងខ្សែជីវិត របស់តារាចម្រៀងស្រី ដែលធ្លាប់ល្បីឈ្មោះ ដោយសារតែ ការឡើង ច្រៀងស្លៀកពាក់ ដ៏សិចស៊ី គឺអ្នកនាង អ៊ុំ គន្ធា អតីតភរិយាតារាចម្រៀង ដែលចូលចិត្ដ ច្រៀងបទពីដើមៗបានពីរោះ គឺលោក ផាន សុផាត នោះ ត្រូវបានបែកធ្លាយ ធ្វើឲ្យមជ្ឈដ្ឋាន អ្នកដែលធ្លាប់ស្គាល់ ពីជីវិតហ៊ឺហារបស់នាង ស្ទើរតែនាំគ្នា មិន ជឿសោះឡើយថា តារាចម្រៀងដែលធ្លាប់ រស់នៅក្នុងជីវភាព ធូរធារថ្កុំ ថ្កើង ស្គាល់តែពាក្យចូល ហាងតុបតែងខ្លួន ស៊ីវីល័យ ទៅណាមកណាជិះរថយន្ដ និងដើរស៊ីចាយ ហ៊ឺហានោះ បែរជា ធ្លាក់ខ្លួនរហូតដល់ថ្នាក់ ស្ទើរតែរកលុយ ចិញ្ចឹមជីវិត ខ្លួនឯង មិនរស់ ដល់ថ្នាក់ ដើររើស ខ្យង ខ្ចៅ និងបេះត្រកួន ព្រលឹត យកស្លហូបចម្អែតក្រពះ។
អ៊ុំ គន្ធា សព្វថ្ងៃឆាក ជីវិតនាង និងកូនប្រុសទាំង ២ធ្លាក់ខ្លួន ស្ទើរតែរកអង្ករច្រក ឆ្នាំងគ្មាន និងមានជំងឺ ជាប់កាយ ជ្រកកោន ក្នុងផ្ទះប្អូនស្រី មិនអាចធ្វើការ ធ្ងន់ធ្ងរបានទេ។ ប្រឈមនឹងបញ្ហាជីវិត នាងត្រូវបង្ខំចិត្ដនាំ កូនចុះរាវខ្ចៅ ខ្យង និងដកព្រលឹត បេះត្រកួន ក្នុងបឹងបាយ៉ាប យកទៅលក់។ នាងតូចចិត្ដ នឹងវាសនា ណាស់ថា តើពីជាតិមុន នាង បានសាងកម្មពៀរអ្វី បានជា ជាតិនេះ ធ្លាប់ល្បីល្បាញ ឡើងកប់ពពក បែរជាជ្រកអាចម៍ជន្លេន ស្ទើរមិនគួរ ឲ្យជឿយ៉ាងនេះ ។ អ៊ុំ គន្ធា បានផ្ដាំផ្ញើទៅដល់ លោក ផាន សុផាត ជាអតីតស្វាមី ថា នាងមិនចង់បានអ្វីក្រៅតែអំពីឲ្យលោក ផាន សុផាត ជួយជាថវិកាចេញថ្លៃ សាលាឲ្យកូន រៀន ដើម្បីឲ្យកូនមាន អនាគតនឹងគេ ចំណែកលោកដែល បានប្រកាន់ចិត្តខឹងនាង ធ្ងន់ធ្ងរយ៉ាងណា នោះ ក៏ខឹងទៅ សម្រាប់ នាងផ្ទាល់ គឺលេងគិតហើយ ចំពោះរឿងនេះ៕