ព័ត៌មានចិនស៊ិនហួរ ចុះផ្សាយនៅរាត្រីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១២ថា ពលរដ្ឋហ្គី នៀ ប្រមាណជាង ៣លាននាក់ ប្រឈមមុខនឹង រោគងងុយដេក ។
ក្រសួងសុខាភិបាល របស់ប្រទេស ហ្គីនៀ បានប្រកាសឱ្យដឹងថា ពលរដ្ឋប្រមាណ ជាង៣លាននាក់ ប្រឈមមុខនឹង រោគងងុយដេក ភាសាបច្ចេក ទេសហៅថា ” trypanosomiasis ” ។
ជាទូទៅ រោគមួយនេះតែងតែ កើតមានឡើងនៅ ក្នុងតំបន់ក្ដៅ ក្នុងនោះមាន តំបន់សាហារ៉ា នៅអាហ្វ្រិក ពិសេសនៅ ក្នុងបណ្ដាប្រទេស ជាប់នឹងតំបន់ឆ្នេរខ្សាច់ ដូចជាៈ ហ្គីនៀ ហ្គាមប៊ី និងលីប៊ី ។
ក្រសួងសុខាភិបាល ប្រទេសខាងលើបានបញ្ជាក់ថា ប្រទេសហ្គីនៀ ប្រឈមមុខនឹងរោគនេះ ហើយជាជំងឺដែលបាន និងកំពុង រីកសាយភាយ នៅក្នុងតំបន់ ពិសេសតំបន់ឆ្នេរខ្សាច់ ។
តាមការស្រាវជ្រាវ បានរកឃើញថា រោគមួយនេះអាចឆ្លង ពីមនុស្សទៅសត្វ និងពីសត្វបក្សីទៅមនុស្សវិញ ដែលធ្វើ ឱ្យអ្នកជំងឺមាន អាការៈងងុយដេក និងអាចប្រកាច់ បានគ្រប់ពេល រួមទាំងអាចបំផ្លាញ ធ្ងន់ធ្ងរដល់ប្រព័ន្ធប្រសាទ៕