ភ្នំពេញៈ ក្រោយជាប់ឆ្នោតរយៈពេល១៩ ថ្ងៃ លោកមេធាវី ប៊ុន ហុន នៅសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១២ ត្រូវបានប្រគល់តំណែងជូនជាប់ ប្រធានគណៈមេធាវីអាណត្តិទី៩ ជំនួសលោក មេធាវី ជីវ សុងហាក់ ក្រោមការចូលរួមជាកិត្តិយសរបស់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការ គណៈរដ្ឋមន្ត្រី លោក បណ្ឌិតសភាចារ្យ សុខ អាន ។
ប្រធានគណៈមេធាវីអាណត្តិទី៨ លោក ជីវ សុងហាក់ បានឲ្យដឹងថា លោក ប៊ុន ហុន បានទទួលជ័យលាភី ជាប្រធានគណៈ មេធាវីអាណត្តិទី៩ បន្ទាប់ពីទទួលជ័យជំនះ លើបេក្ខជនដែលបាន ឈរឈ្មោះចំនួន៨រូបទៀត ។
លោក ជីវ សុងហាក់ បានឲ្យដឹងទៀតថា បច្ចុប្បន្ន សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មានចំនួន៧៨៣ រូប ក្នុងនោះមេធាវីជាស្ត្រី ចំនួន ១៥០រូប និងមានការិយាល័យមេធាវីចំនួន ២៨៩ ការិយាល័យតាមរាជធានីខេត្តចំនួន២០ ។
ឩបកនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បណ្ឌិតសភាចារ្យ សុខ អាន បានថ្លែងថា វិជ្ជាជីវៈមេធាវីមានសារៈសំខាន់មិនអាចខ្វះបានទាំងនៅក្នុងសង្គមកម្ពុជា ដ៏ដូចជាប្រទេសនានាលើសកលលោក ។ លោកបណ្ឌិតសភាចារ្យ បន្តទៀតថា មេធាវីត្រូវបានគេទទួលស្គាល់ថា ជាអ្នកមានការយល់ដឹងជ្រៅជ្រះទៅលើខ្លឹមសារច្បាប់ នីតិវិធី និងបញ្ហានានាពាក់ព័ន្ធនឹងការអនុវត្តច្បាប់ ទើបមនុស្សគ្រប់រូបស្វែងរកការពិគ្រោះយោបល់ និងការការពារពីមេធាវី ។
ប្រធានគណៈមេធាវីអាណត្តិទី៩ ដែលទើបនិងជាប់ឆ្នោតលោក ប៊ុន ហុន បានសន្យាផងដែរថា និងធ្វើការសម្រេចកិច្ចការសំខាន់ចំនួន៧ ក្នុងនោះរួមមាន
ទី១.ចូលអន្តរគមន៍ជួយដល់មេធាវីក្នុងពេលមានឩបសគ្គក្នុងការងារប្រកវិជ្ជាជីវៈ ដើម្បីធានាឲ្យការប្រកបវិជ្ជាជីវៈ របស់មេធាវីអាចប្រព្រឹត្តទៅបានដោយរលូនស្របតាមច្បាប់កំណត់,
ទី២.ពង្រឹងទំនាក់ទំនងជាមួយស្ថាប័នជាតិ និងអន្តរជាតិដែលមានស្រាប់ និងពង្រីកទំនាក់ទំនង ជាមួយស្ថាប័នជាតិ និងអន្តរជាតិបន្ថែមទៀត,
ទី៣.រៀបចំការបណ្តុះបណ្តាលដំបូង និងការបណ្តុះបណ្តាលបន្តដល់មេធាវី ដើម្បីពង្រឹងសមត្ថភាពដល់ មេធាវីឲ្យឆ្លើយតបទៅនឹងការរីកចំរើនផ្នែកគតិយុត្តិ,
ទី៤.រៀបចំកែលម្អប្រព័ន្ធរដ្ឋបាល និងហិរញ្ញវត្ថុរបស់គណៈមេធាវីឲ្យបានសមស្រប និងមានប្រសិទ្ធភាព,
ទី៥.រៀបចំឲ្យមានផែនការយុទ្ធសាស្រ្តរបស់គណៈមេធាវី សម្រាប់ជាផ្នែកការអភិវឌ្ឍគណៈមេធាវីក្នុងរយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង,
ទី៦.រៀបចំសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវីឲ្យស្របតាមការវិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច និងនយោបាយរបស់ព្រះរាជាណាចក្រកម្ពុជា និងទី៧.ធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរបស់គណៈមេធាវីឲ្យស្របតាមការរីកចំរើន នៃវិជ្ជាជីវៈមេធាវី ។
នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២ កន្លងទៅនេះ លោកមេធាវី ប៊ុន ហុន ត្រូវជ្រើសតាំង ជាប្រធាន គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៩ ដោយបានឈ្នេះ គូប្រកួត គឺមេធាវី សួន វិសាល ដោយ ទទួលបានសម្លេង ៣៨០ (៥៧,៤០%) ទល់ និងសម្លេង ២១៤ (៣២,៣៣%) នៃចំនួនមេធាវី ដែលមាន វត្តមាន៥៨៧នាក់ ។
លោកមេធាវី ប៊ុន ហុន ត្រូវបានគេចាត់ទុកថាបុគ្គល ដែលមានសាមគ្គីផ្ទៃក្នុង ល្អជាមួយបណ្តា មេធាវីទាំងអស់, មានគោលការ ច្បាស់លាស់ល្អក្នុងការ រៀបចំគណៈមេធាវី មិនត្រឹមតែប៉ុណ្ណឹងទេ លោក ក៏ទទួលបានការ ទុកចិត្តពី ថ្នាក់ដឹកនាំមួយចំនួន ក្នុងជួររាជរដ្ឋាភិបាល កម្ពុជា មានបទពិសោធន៍ និងលក្ខណៈសម្បត្តិមួយចំនួន លោកមាន សញ្ញាបត្រជាន់ខ្ពស់ ផ្នែកនីតិសាស្រ្ត មានចំណេះដឹងផ្នែក ភាសាអង់គ្លេស និងភាសាបារំាង អាចប្រើប្រាស់បាន, ធ្លាប់ជាសមាជិក ក្រុមប្រឹក្សា គណៈមេធាវីនៃ ព្រះរាជាណា ចក្រកម្ពុជា, ធ្លាប់ធ្វើជាអគ្គលេខាធិកា នៃគណៈមេធាវី, ជាសមាជិកក្រុមប្រឹក្សា អ្នកច្បាប់កម្ពុជា, ជាអនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌, ជាស្ថាបនិក នៃមជ្ឈមណ្ឌល បណ្តុះ បណ្តាល វិជ្ជាជីវៈមេធាវី, បានចូលរួមធ្វើ សេចក្តីព្រាងច្បាប់ និងបានផ្សព្វផ្សាយច្បាប់ ហើយក៏ជាស្ថាប និកនៃកិច្ច ទំនាក់ទំនងអន្តរជាតិ រវាងសហព័ន្ធ គណៈមេធាវី ជប៉ុន គណៈមេធាវីកាណាដា និងគណៈមេធាវី សហរដ្ឋអាមេរិក ផងដែរ ។
សូមបញ្ជាក់ថា លោកមេធាវី សាយ បូរី ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានគណៈមេធាវី នៃព្រះរាជាណា ចក្រកម្ពុជា អាណត្តិទី១ និងអាណត្តិទី២ បន្ទាប់មក លោកមេធាវី អំាង អេងថុង ធ្វើជាប្រធានគណៈមេធាវី សម្រាប់ អាណត្តិទី៣ និង អាណត្តិទី៤, លោកមេធាវី គី តិច ធ្វើជាប្រធានគណៈមេធាវី សម្រាប់ អាណត្តិទី៥ និងទី៦ ហើយ លោក មេធាវី ជីវ សុងហាក់ បានធ្វើជាប្រធាន គណៈមេធាវីនៃព្រះរាជាណាចក្រ កម្ពុជា សម្រាប់អាណត្តិ ទី៧ និងអាណត្តិទី៨ ក្នុងពេល បច្ចុប្បន្ននេះ ៕