ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាថ្មីម្តងទៀត បានក្រើនរំលឹក ដល់មន្ត្រីនៅគ្រប់ខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ អំពីការរស់នៅ សុវត្ថិភាព ចំពោះយុវជនស្ម័គ្រចិត្ត វាស់វែងដីធ្លីរបស់សម្តេច។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃ២ ខែវិច្ឆិកានេះ បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន បានសម្តែង ការសោកស្តាយយ៉ាងខ្លាំង ចំពោះការទទួលមរណភាពរបស់យុវជនស្ម័គ្រចិត្ត ឈ្មោះ ច័ន្ទ មារឌី ដោយសារឧបទ្ទវហេតុខ្យល់ព្យុះ នៅស្រុកឆ្លូង ខេត្តក្រចេះ កាលពី ពេលកន្លងទៅនេះ។ ដូច្នេះសម្តេច “ស្នើឲ្យស្ថាប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរដែនដី ត្រូវបង្កើនការយកចិត្តទុកដាក់ដល់ជីវភាព និង សុវត្ថិភាព របស់ក្រុមយុវជនស្ម័គ្រ ចិត្តឲ្យបានល្អ”។
សម្តេចបានមានប្រសាសន៍បន្តថា ក្រុមអាជ្ញាធរត្រូវហាមជាដាច់ខាត មិនត្រូវអនុញ្ញាតឲ្យក្រុមយុវជនស្ម័គ្រចិត្ត ចូលវាស់វែងដីនៅកន្លែងណា ដែលសង្ស័យថា មានមីន នោះឡើយ។
សូមជ្រាបថា យុទ្ធនាការរបស់ក្រុមយុវជនស្ម័គ្រចិត្ត វាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ របស់សម្ដេចតេជោ ហ៊ុន សែន ចាប់តាំងពីខែមិថុនា រហូតដល់ខែតុលា ឆ្នាំ២០១២ កន្លងទៅនោះ បានធ្វើកិច្ចការងារសម្រេចជាង ១៧ភាគរយហើយ លើផែនការណ៍ដីចំនួន មួយលានប្រាំបីសែនហិកតា ចំពោះប្រជាពលរដ្ឋ ជាងបួនសែនគ្រួសារ ទូទាំងប្រទេស៕