ខេត្តក្រចេះ៖ នៅសាលាខេត្តក្រចេះ នារសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១២ នេះ បានប្រកាសនូវសមាសភាព មន្រ្តីចំនួន ៨រូប ចូលកាន់តំណែងថ្មី ដើម្បីចូលរួមបម្រើការងារអភិវដ្ឍន៍នៅក្នុងខេត្ត។
ពិធីប្រកាសតែងតាំងនូវមុខតំណែងជាអភិបាល អភិបាលរងក្រុង ស្រុក និងនាយករដ្ឋបាល នាយកនាយករង សាលាខេត្តក្រចេះ ធ្វើឡើងដោយមានការអញ្ជើញចូលរួមពី លោក នូ ភឿង ប្រធានក្រុមប្រឹក្សាខេត្ត លោក សរ ចំរ៉ុង អភិបាលខេត្តក្រចេះ ។
មន្រ្តីចំនួន ៨រូប ដែលទទួលបានការតែងតាំងថ្មី ដើម្បីចូលរួមចំណែក កែប្រែមុខមាត់ ក៏ដូចជាការអភិវឌ្ឍន៍នៅ ក្នុងខេត្តក្រចេះឲ្យបានរីកចម្រើនថែមទៀតនេះ រួមមាន៖ លោក ហង់ ចាន់ឌី ជាអភិបាលក្រុងក្រចេះ លោក អ៊ាន ណារម្យ ជាអភិបាលស្រុកព្រែកប្រសព្វ លោក គង់ គឹមនី ជាអភិបាលស្រុកស្នួល លោក សាមុត លីម៉ា ជានាយក ទីចាត់ការផែនការ និងវិនិយោគ លោក ហង់ មន្ទីរ ជានាយកទីចាត់ការដ្ឋបាល លោក ម៉ុត មេងហ៊ាង ជានាយក រងទីចាត់ការរដ្ឋបាល លោក នូ សុផល ជាអភិបាលរងក្រុងក្រចេះ និងលោក ប៉ែន លីណាត ជានាយករដ្ឋបាល សាលាខេត្តក្រចេះ។
លោក ហង់ ចាន់ឌី តំណាងឲ្យមន្ត្រី ដែលទើបតែងតាំងតំណែងថ្មី បានឡើងប្តេជ្ញាចិត្តថា នឹងខិតខំបំពេញការងារ និងអនុវត្តនូវតូនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អ ជាពិសេសបង្កើនកិច្ចសហប្រតិបត្តិការល្អជាមួយដៃគូអភិវឌ្ឍន៍នា នា ទាំងថ្នាក់ជាតិ អន្តរជាតិ និងជាមួយមន្ទីរការិយាល័យ ជុំវិញខេត្ត ក្រុង ស្រុក ខិតខំផ្តល់សេវាសាធារណៈក្នុង ដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានរលូន ដើម្បីបង្កើនជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋលើការដឹកនាំរបស់រាជរដ្ឋា ភិបាល។ ជាពិសេសការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីពង្រឹងនូវ សុខសន្តិភាព សណ្តាប់ ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ។
មានប្រសាសន៍សំណេះសំណាល និងផ្តាំផ្ញើនៅក្នុងពិធីនោះ លោក សរ ចំរ៉ុង អភិបាល ខេត្តក្រចេះ បានមាន ប្រសាសន៍ថា មន្រ្តីដែលទើបទទួលបានការតែងតាំងពីរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃត្រូវខិតខំបំពេញការ ងារប្រកបដោយស្មារតីទទួលខុសត្រូវ គ្រប់បែបយ៉ាង ធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុត្ថិភាព ស្ថិរភាព ព្រមទាំងអនុវត្តនូវផែនការអាទិភាពខ្ពស់របស់ខេត្ត គ្រប់ដំណាក់កាលសម្រេចឲ្យបាននូវលទ្ឋផលល្អ ពិសេស ផ្អែកលើរចនាសម្ព័ន្ឋរូបវន្ត័ ជំរុញបាននូវការលើកកម្ពស់ជីវភាព ឆ្ពោះទៅរកការកាត់បន្ថយភាពក្រីក្ររបស់ប្រជា ពលរដ្ឋ៕
លោក សរ ចំរ៉ុង អភិបាលខេត្តក្រចេះ ឡើងថ្លែងតាស់តឿនដល់មន្រ្តីចូលកាន់តំណែងថ្មី
លោក ហង់ ចាន់ឌី អភិបាលក្រុងក្រចេះ ឡើងប្រកាសប្តេជ្ញាចិត្ត ខិតខំបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ