សូរិន្ទ៖ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១២ នេះ លោក ខៀវ កាញារីទ្ធ និងលោកស្រី ព្រមទាំង អង្គកឋិនទាន ទាំងមូល ដែលមានអ្នកចូលរួម ដង្ហែ ជិត១០០០នាក់ បាននិងកំពុងធ្វើដំណើរ ទៅកាន់វត្ត ព្រះពុទ្ធបាទភ្នំ ដែលមានចំងាយ ប្រមាណ ៥០គីឡូម៉ែត្រ ពីទីរួមខេត្តសូរិន្ទ ក្រោយពេលដែល អង្គកឋិនទាំងមូល បានធ្វើដំណើរមកដល់ ទីរួមខេត្តសូរិន្ទ កាលពីល្ងាចថ្ងៃទី២ ខែវិច្ឆិកា ។
បន្ទាប់ពីបានធ្វើដំណើរ មកដល់ ទីរួមខេត្តសូរិន្ទ រួមមកអ្នកចូលរួម ត្រូវបាន អាជ្ញាធរខេត្ត សូរិន្ទ និងក្រុមព័ត៌មាន ថ្នាក់ខេត្តរបស់ពួកគេ បានចេញមកទទួល រាក់ទាក់ និងទទួលអាហារ ពេលល្ងាច នៅសាលាក្រុងសូរិន្ទតែម្តង។ រួចមក ពុទ្ធបរិស័ទ ដែលបានដង្ហែមកជាមួយ តម្រូវឲ្យ ស្នាក់នៅ តាមសណ្ឋាគារ ផ្សេងៗ ដែលមានសណ្ឋាគារជិត១០ ។
សូមបញ្ជាក់ផងដែរថា ការស្នាក់នៅតាម សណ្ឋាគារ ហាក់មានការ លំបាកបន្តិច ពីព្រោះតែគ្រប់សណ្ឋាគារ ទៅទីរួម ខេត្តសូរិន្ទ ត្រូវបានកក់ ពេញអស់ហើយ ដោយសារតែ មានកិច្ចប្រជុំ គ្រូបង្រៀននៅទូទាំងប្រទេសថៃ ដែលតម្រូវធ្វើឡើង នៅខេត្តសូរិន្ទតែម្តង។
សូមបញ្ជាក់ថា ដើម្បីបង្ហាញពីកិច្ច សហប្រតិបត្តិការរវាងប្រទេស ដែលកាន់នូវ ព្រះពុទ្ធសាសនាដូចគ្នា និង បង្ហាញ ពីចំណង សាមគ្គីភាពរវាងព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទ ដែលគង់ក្នុងវត្តបង្កើតឡើង ដោយ ព្រះសង្ឃខ្មែរនោះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកស្រី បានផ្តួចផ្តើមធ្វើ និង ដង្ហែអង្គកឋិនទាន ទៅកាន់វត្តព្រះពុទ្ធបាទភ្នំដី ដែលស្ថិតនៅភូមិឡៅអយ ឃុំឡៅអយ ស្រុកថាទូម ខេត្តសុរិន្ទ នៃប្រទេសថៃ។