តេអ៊ីរ៉ង់៖ អគ្គមេបញ្ជាការ នាយទាហាន ប្រទេស អ៊ីរ៉ង់ លោក Mohammad Reza Naqdi បាននិយាយកាលពីថ្ងៃសុក្រ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១២កន្លងទៅនេះថា ប្រទេស អ៊ីរ៉ង់ នឹងមិនព្រមចុះចាញ់សហរដ្ឋអាមេរិកនោះទេ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១២នេះបានឲ្យដឹងថា លោកNaqdi បានលើកឡើងបែបនេះ ទៅកាន់ហ្វូងមនុស្ស កាលពីថ្ងៃសុក្រ ទី០២ ខែវិច្ឆកា ឆ្នាំ២០១២កន្លងទៅនេះ ក្នុងឱកាសនៃបុណ្យរំលឹកខួបប្រចាំឆ្នាំ នៃការចាប់ខ្លួនមន្ត្រីទូតរបស់សហរដ្ឋអាមេរិក ក្នុងទីក្រុងតេអ៊ីរ៉ង់ កាលពី៣៣ឆ្នាំមុន ដោយនិស្សិតរបស់ប្រទេស អ៊ីរ៉ង់។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានកាត់ផ្តាច់ទំនាក់ទំនង កាទូតជាមួយប្រទេស អ៊ីរ៉ង់ ចាប់តាំងពីឆ្នាំ១៩៨០ បន្ទាប់ពីក្រុមនិស្សិតអ៊ីរ៉ង់ បានចាប់ខ្លួនមន្ត្រីទូតរបស់សហរដ្ឋអាមេរិក ៦០រូបក្នុងឆ្នាំ១៩៧៩។ ដោយមានវិបត្តិកើតឡើង មន្ត្រី៥២រូប ក្នុងចំណោមមន្ត្រីទូតទាំងអស់ត្រូវបានគេឃុំឃាំងអស់រយៈពេល៤៤៤ថ្ងៃ។
លោក Naqdi បានលើកឡើងថា ដើម្បីបន្តទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ប្រទេសមហាអំណាចមួយនេះ ចាំបាច់ត្រូវតែ ទទួលយកលក្ខខ័ណ្ឌ របស់ប្រទេស អ៊ីរ៉ង់ ព្រមទាំងពិចារណាសារជាថ្មីទៅលើគោលនយោបាយរបស់ខ្លួនចំពោះបណ្តាប្រទេសដទៃទៀតលើពិភពលោក ព្រមទាំងបញ្ចប់ ការតាំងមូលដ្ឋានទ័ពក្នុងប្រទេសទាំង៥០លើពិភពលោក។
មេបញ្ជាការរូបនេះបានបន្តថា ប្រទេស អ៊ីរ៉ង់ នឹងមិនចុះចាញ់ការដាក់សម្ពាធរបស់សហរដ្ឋអាមេរិក រួមជាមួយគោលនយោបាយអាក្រក់របស់សហរដ្ឋអាមេរិកប្រឆាំងប្រទេសនោះទេ។ ថ្មីៗនេះ បណ្តាអ្នកនិរទេ្ទសនានា និងអ្នកនយោបាយអ៊ីរ៉ង់ មានបំណងចង់ភ្ជាប់ទំនាក់ទំនងសារជាថ្មី ជាមួយសហរដ្ឋអាមេរិក គោលដៅដើម្បីសម្រាលនូវការដាក់សម្ពាធសេដ្ឋកិច្ច ដែលបានបង្កការប៉ះពាល់យ៉ាងខ្លាំង ដោយសារបញ្ហាវិវាទ រឿងកម្មវិធី អាវុធនុយក្លេអែររបស់អ៊ីរ៉ង់។
គួររំលឹកផងដែរថា កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១២កន្លងទៅនេះ ប្រធានាធិបតីអ៊ីរ៉ង់ លោក Mahmoud Ahmadineijadបានថ្លែងដោយផ្ទាល់ទៅកាន់ សហរដ្ឋអាមេរិកថា ទំនាក់ទំនងទ្វេភាគីរវាងប្រទេស ទាំងពីរ អាចឈានទៅមុខបាន តែលុះត្រាតែសហរដ្ឋអាមេរិកយល់ព្រម ទទួលតាមលក្ខខ័ណ្ឌរបស់ប្រទេស អ៊ីរ៉ង់៕