ម៉ូស្គូៈ ប្រទេស រុស្ស៊ី កំពុងត្រូវការជនអន្តោប្រវេស្តន៍ ចូលមកកាន់ប្រទេសរបស់ខ្លួន មូលហេតុដោយសារការខ្វះខាតកម្លាំងកម្មករ។ នេះបើយោងតាមការលើកឡើងរបស់ ភ្នាក់ងារជនអន្តោប្រវេស្តន៍សហព័ន្ធ បានឲ្យដឹងកាលពីថ្ងៃសុក្រ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១២កន្លងទៅនេះ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១២នេះបានឲ្យដឹងដោយយោងតាមការលើកឡើងរបស់ លោក Konstanin Romodanovaskyថា ការធ្វើវិសោធន៍កម្មច្បាប់ទាក់ទងទៅនឹងជនអន្តោប្រវេស្តន៍ ដែលនឹងចូលជាធរមាននាខែមករា ឆ្នាំ២០១៣ខាងមុខ បានកំណត់ថា តម្រូវឲ្យមានការធ្វើតេស្តន៍សមត្ថភាពភាសា ចំពោះអ្នកទើបមករស់នៅថ្មី ទាមទារការអប់រំកម្រិតទីពីរ ព្រមទាំងមានការរឹតបន្តឹង ដោយការដាក់ទណ្ឌកម្ម ទៅលើការជួញដូរមនុស្ស។
លោកបានបន្តថា ប្រទេសរុស្ស៊ីនឹងមិនមានការលើកលែងទោសសម្រាប់ជនអន្តោប្រវេស្តន៍ខុសច្បាប់នោះ ទេ ដោយប្រជាជនទាំងអស់ត្រូវគោរពច្បាប់ របស់រុស្ស៊ី។ជាមួយគ្នានេះដែរ មនុស្សដែលមករស់នៅក្នុងប្រទេស រុស្ស៊ី មានឱកាសច្រើនក្នុងការទទួលបានការងារស្របច្បាប់។
យោងតាមរបាយការណ៍ចេញពីភ្នាក់ងារជនអន្តោប្រវេស្តន៍ខុសច្បាប់បានបង្ហាញថា បច្ចុប្បន្នមានជនអន្តោប្រវេស្តន៍ខុសច្បាប់ប្រមាណជា៣,៥លាននាក់ដែលរស់នៅក្នុងប្រទេស រុស្ស៊ី ក្នុងចំណោមជនបរទេសប្រមាណជាពី១០ទៅ១២លាននាក់ ដែលរស់នៅក្នុងប្រទេស រុស្ស៊ីបណ្តោះអាសន្ន ឬជាអចិន្ទ្រៃយ។
គួរបញ្ជាក់ថា យោងតាមការធ្វើជំរឿនក្នុងឆ្នាំ២០១០កន្លងទៅនេះ បានបង្ហាញថាប្រទេស រុស្ស៊ីមានប្រជាជនប្រមាណជាំ១៤២,៨លាននាក់ ក្នុងនោះមានតែប្រជាជនប្រមាណ៧០ភាគរយប៉ុណ្ណោះ ដែលស្ថិតក្នុងវ័យជាប្រជាជនសកម្ម (ប្រជាជនដែលអាចមានលទ្ធភាព ស្វែងរកប្រាក់ចំណូលបាន)៕