គែរ, អេហ្ស៊ីប៖ កិច្ចប្រជុំត្រីភាគី ដែលចូលរួម ដោយលោកអគ្គលេខាធិការ នៃសម្ព័ន្ធអារ៉ាប់ ណាប៊ីល អែល អា រ៉ាប៊ី, រដ្ឋមន្ត្រីការបរទេសស៊ីរី ស៊ឺហ្គេ ឡារ៉ូវ និង ប្រេសិតតំណាងអង្គការសហប្រជាជាតិ លោក ឡាកដា ប្រាហ៊ីមី មិនបានផ្តល់អ្វីថ្មី សម្រាប់ដំណោះស្រាយបញ្ហា ដែលកំពុងតែដុនដាបនៅប្រទេសស៊ីរីនោះទេ។ នេះបើតាមការ ផ្សាយរបស់សារព័ត៌មានអារ៉ាប់ កាលពីថ្ងៃអាទិត្យ ទី០៤ ខែវិច្ឆិកា កន្លងទៅនេះ។
ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ បានផ្សាយឲ្យដឹងនៅថ្ងៃចន្ទ ទី០៥ ខែវិច្ឆិកាថា បន្ទាប់ពីកិច្ចប្រជុំត្រីភាគីនោះដែរ លោក អារ៉ាប៊ី មេដឹកនាំសម្ព័ន្ធអារ៉ាប់ បាននិយាយនៅក្នុង សន្និសីទសារព័ត៌ មានថា «យើងបានពិភាក្សាលើគ្រប់ផ្នែកទាំងអស់ នៃស្ថានការនៅក្នុងប្រទេសស៊ីរី ហើយជាលទ្ធផល នៃកិច្ចប្រជុំ ទីក្រុងហ្សឺណែវ និង ការលើកឡើងរបស់ភាគីនីមួយៗអំពីភាព ដែលអាចទៅរួច នៃការបោះជំហានទៅមុខនោះគឺ មិនអាចទៅរួចនោះទេ ហើយក៏មិនមានអ្វីថ្មីជុំវិញដំណោះស្រាយនោះដែរ»។
យោងតាមកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ដែលបានសម្រេចដោយមហាអំណាចពិភពលោក ទាំងអស់កាលពីខែ មិថុនា កន្លងទៅនេះ រដ្ឋាភិបាលអន្តរកាលមួយត្រូវតែបង្កើតឡើង ដោយមានការព្រមព្រៀងគ្នារវាងរដ្ឋាភិបាល និងក្រុមប្រឆាំងនៅប្រទេសស៊ីរី។ ទោះបីជាយ៉ាងណាក៏ដោយ ក៏លោក អារ៉ាប៊ី បានអះអាងថា ការឈប់បាញ់គ្នា គឺជាផលប្រយោជន៍មួយ ដែលប្រសើរបំផុត ហើយយើងគិតថា ការបញ្ឈប់ការបង្ហូរឈាមគ្នានោះ ជាកត្តាចម្បង មួយ។
គួរបញ្ជាក់ផងដែរថា ការឈប់បាញ់គ្នាជាបណ្តោះអាសន្នមួយ ធ្លាប់បានធ្វើឡើងផងដែរកាលពីចុងខែតុលា កន្លង ទៅនេះ ដែលត្រូវនឹងថ្ងៃបុណ្យ នៃសាសនាឥស្លាមចំនួនបួនថ្ងៃ ប៉ុន្តែត្រូវបានទទួលបានបរាជ័យ ដោយតែភាគី ទាំងពីរមិនបានគោរព ហើយអំពើហិង្សាបានអូសបន្លាយ មកកាន់តែខ្លាំងឡើងបន្ថែមទៀត ដែលធ្វើឲ្យអន្តរជាតិ ព្រួយបារម្ភជាខ្លាំង។ កិច្ចប្រជុំត្រីភាគីខាងលើនេះដែរ បានរៀបចំឡើងនៅក្នុងរដ្ឋធានីគែរ របស់ប្រទេសអេហ្ស៊ីប៕