ភ្នំពេញ ៖ តំណាងរាស្រ្ដគណបក្ស សម រង្ស៊ី បានឲ្យដឹងថា គណបក្សខ្លួន កំពុងតែរៀបចំឯកសារពាក់ព័ន្ធមួយចំនួន ដើម្បីប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ទាក់ទងនឹង ការលុបឈ្មោះ លោក សម រង្ស៊ី ចេញពីបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១២។
លោក ហូរ វ៉ាន់ តំណាងរាស្រ្ដមកពីគណបក្ស សម រង្ស៊ី បានមានប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១២ ថា លោកកំពុងរៀបចំឯកសារ ពាក់ព័ន្ធនានា ដើម្បីប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ចំពោះសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសង្កាត់បឹងរាំង ខណ្ឌដូនពេញ ដែលបានលុបឈ្មោះលោក សម រង្ស៊ី ចេញពីបញ្ជីឈ្មោះបោះឆ្នោត។
លោកបន្តថា ”ខ្ញុំកំពុងតែរៀបចំ ឯកសារហើយ មិនឲ្យហួសកំណត់របស់ច្បាប់បោះឆ្នោត រយៈពេល៥ថ្ងៃ ដូច្នេះក្នុង៥ថ្ងៃ នឹងខ្ញុំលៃយ៉ាងណាដាក់ឲ្យទាន់”។
គម្រោងនៃការដាក់ពាក្យ ប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ពីសំណាក់គណបក្ស សម រង្ស៊ីនេះ បន្ទាប់ពីក្រុមប្រឹក្សាជំនុំជម្រះ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១២ បានសម្រេចតម្កល់ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសង្កាត់បឹងរាំង ខណ្ឌដូនពេញ ដែលបានលុបឈ្មោះលោក សម រង្ស៊ី ចេញពីបញ្ជីឈ្មោះបោះឆ្នោតនោះ។
លោកមេធាវី ជួង ជូងី ដែលជាមេធាវីដើមបណ្តឹង តំណាងឲ្យលោក សម រង្ស៊ី បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយសេចក្តីសម្រេចនោះថា ជារឿងមិនត្រឹមត្រូវ ហើយលោកនឹងពិភាក្សា ជាមួយកូនក្ដីរបស់លោកបន្តទៀត ដើម្បីប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាសង្កាត់បឹងរាំង បានសម្រេច លុបឈ្មោះលោក សម រង្ស៊ី ចេញពីបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ២០១២ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១២។ បន្ទាប់មក មេធាវីការពារក្ដីឲ្យ លោក សម រង្ស៊ី គឺ លោក ជួង ជូងី នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១២ បានដាក់ពាក្យបណ្ដឹងទៅ គ.ជ.ប. ហើយត្រូវបាន គ.ជ.ប. ទទួល ពាក្យបណ្ដឹង នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១២ និងបានបើកសវនការនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១២ កន្លងទៅនេះ ដោយសម្រេចលុបឈ្មោះលោក សម រង្ស៊ី ចេញពីបញ្ជី ឈ្មោះឆ្នោត ដូចការសំរេច របស់ក្រុមប្រឹក្សាសង្កាត់បឹងរាំង ខណ្ឌដូនពេញដែរ៕