ស្វាយរៀងៈ ស្រ្តីជាកម្មករោងចក្រម្នាក់ បានស្លាប់ យ៉ាងអាណោចអាធម ជាទីបំផុត បន្ទាប់ពីបានឆ្លងទន្លេ បានប្រមាណ៣ម៉ោង កាលពីយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១២ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។
លោក ទេព សាមី អាយុ ៣៤ឆ្នាំ ជាប្តីនារីរងគ្រោះ បានបញ្ជាក់ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅ ព្រឹកថ្ងៃទី០៨ ខែវិច្ឆិកានេះថា ប្រពន្ធរបស់គាត់ឈ្មោះ នន់ សុជាតា អាយុ ៣១ បម្រើការងារនៅរោងចក្រស្វាយរៀងហ្កាមិន មានទីតាំងនៅក្នុងក្រុងស្វាយរៀង ហើយបច្ចុប្បន្នមានទីលំនៅក្នុងភូមិស្រះវង្ស សង្កាត់ ស្វាយរៀង ក្រុងស្វាយរៀង។
បុរសជាប្តីរូបនេះ បានរៀបរាប់ទាំងទឹកភ្នែកយំស្តាយស្រណោះថា ក្រុមគ្រូសារខ្លួន គឺជាក្រុមគ្រូសារ ដ៏ក្រី ក្រ ដោយរស់នៅជាមួយឪពុកម្ដាយ ហេតុដូច្នោះហើយ បានជាប្រពន្ធរបស់ខ្លួន បានទៅធ្វើការនៅរោង ចក្ររៀងរាល់ថ្ងៃ ទោះបីជាពោះជិតគ្រប់ខែក៏ដោយ នៅតែប្រឹងទៅធ្វើការដែរ ដើម្បីសន្សំលុយទុកសម្រាប់ យកមកឆ្លងទន្លេ។
បុរសរូបនេះបានបន្តថា នៅយប់ថ្ងៃកើតហេតុ ប្រពន្ធរបស់ខ្លួនបានឈឺពោះ ហើយ ក៏ត្រូវបានរូបលោក និង ក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង លុះដល់ម៉ោងប្រមាណ ១១ និង៣០នាទីយប់ ក៏សម្រាលបានកូនប្រុសម្នាក់ ប៉ុន្តែក្រោយឆ្លងទន្លេហើយ ប្រពន្ធរបស់លោក ចេះតែធ្លាក់ឈាមរហូតដល់ បញ្ចូលឈាមអស់៦កំប្លោក តែឈាមនៅតែធ្លាក់ដដែលជាហេតុធ្វើឲ្យក្រុមគ្រូរពេទ្យ មិនអាចជួយសង្គ្រោះ បាន ក៏ស្លាប់បាត់បង់ជីវិតនៅវេលាម៉ោង ៣ និង៣០នាទីទៀបភ្លឺថ្ងៃទី៨ ខែវិច្ឆិកា ។
បើតាមបុរសជាប្ដី កូនប្រុសនេះ ដែលទើបនឹងកើតនេះ គឺជាកូនទី២ហើយបន្ទាប់ពីកូនស្រី របស់គាត់ អាយុ បាន ៧ឆ្នាំ ដូច្នោះហើយវាធ្វើឲ្យខ្លួនគាត់ មានការអាឡោះអាល័យប្រពន្ធយ៉ាងខ្លាំង ជាពិសេស អាណិតកូនប្រុស ដែលទើបតែកើតមកមិនទាន់បានឃើញមុខម្ដាយ ហើយមិនមានអ្វីបៅនោះទេ៕