ភ្នំពេញៈ ប្រជាពលរដ្ឋប្រមាណ២៥ គ្រួសារ រស់នៅចំណុចចំរាំង ភូមិកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលមានទំនាស់ដីធ្លីជាមួយលោក ជៀម ផែន បាន ប្រកាសជំហរ ស៊ូស្លាប់នៅលើដីរបស់ខ្លួន ដោយមិនព្រមអនុវត្តតាមដីកាបង្គាប់ ឲ្យរុះរើរបស់សាលាដំបូងខេត្ត ។
អ្នកស្រី វ៉ា ហ៊ល អ្នកភូមិចំរាំងម្នាក់ ដែលត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យរុះរើផ្ទះ ដែលសង់លើដីខ្លួនឯងចេញនោះ បានប្រាប់ជម្ឈមណ្ឌល ដើមអម្ពិល នៅថ្ងៃទី១១ ខែវិចិ្ឆកា ឆ្នាំ២០១២ នេះ ថា រូបគាត់ ក៏មិនខុសគ្នាជាមួយប្រជាពលរដ្ឋជាង២០ គ្រួសារ ទៀត នោះទេ មិនធ្វើការរុះរើផ្ទះជាដាច់ខាត គឺស៊ូស្លាប់ទាំងអស់គ្នា នៅលើដី របស់ខ្លួន ។ អ្នកស្រី វ៉ា ហ៊ល បន្តទៀតថា ដីនៅចំណុចចំរាំងនេះ គាត់បានចូលកាន់កាប់តាំងពីឆ្នាំ១៩៩៣ រួមជាមួយប្រជាជនដទៃទៀត ហើយបច្ចុប្បន្ន ហើយបានដំា ដំណាំជាច្រើន ប៉ុន្តែពេលនេះ ត្រូវបានតុលាការបញ្ជា ឲ្យរុះរើសផ្ទះដែលរស់នៅជាង១០ ឆ្នាំ ទៅហើយនេះ ចេញពីដីរបស់ខ្លួនយ៉ាងដូច្នេះ ។
ចំណែកឯអ្នកស្រី ហួរ ស៊ីវិណា ជាប្រជាពលរដ្ឋរស់នៅតំបន់ផ្សេង ដែលបានទិញដីនៅទីនោះ ក៏បានអះអាងថា លោកឧកញ៉ា ជៀម ផែន មិនត្រឹមតែបានរំលោភយកដី ប្រជាពលរដ្ឋចំនួន២៥ គ្រួសារនៅចំណុចចំរាំងនោះទេ ហើយថែមទាំងបានរំលោភ យកដីប្រជាពលរដ្ឋជាង ៥០ គ្រួសារ ដែលបាននាំគ្នាទៅទិញដីនៅម្តុំនោះ ទៀតផង។ លោកស្រី ហួរ ស៊ីវិណា បន្តទៀតថា ក្រុមបក្ខពួកលោក ជៀម ផែន មិនត្រឹមរំលោភយកដីប្រជាពលរដ្ឋនោះទេ ថែមទាំងបានបំផ្លាញសាលារៀន និង បំផ្លាញវិហារសាសនាគ្រឹស្តចោល ដើម្បីទន្ទ្រានយកដីទៀតផង ។
គួរបញ្ជាក់ដែរថា ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ នៅចំរាំង ភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជាមួយលោក ជៀម ផែន មិនទាន់ត្រូវបានបញ្ចប់ នៅឡើយទេ បើទោះបីជារាជរដ្ឋាភិបាល បានចេញដោះស្រាយកាលពីឆ្នាំ២០១១ យ៉ាងណាក៏ដោយក្តី។ រាជរដ្ឋាភិបាលបានដោះស្រាយនៅឆ្នាំ២០១១ នោះ បានធ្វើ ឡើងរវាងប្រជាពលរដ្ឋ៤៩គ្រួសារ ដែលតាំងទីលំនៅ និងមានដីធ្វើស្រែចំការ នៅតំបន់នោះ ជាមួយលោក ជៀម ផែន តែប៉ុណ្ណោះ ដោយឡែកទំនាស់រវាងលោក ជៀម ផែន នឹងប្រជាពលរដ្ឋ ៥០គ្រួសារផ្សេងទៀត ដែលមានដីចំការដំាដំណាំផ្សេងៗ មិនទាន់ត្រូវបានដោះស្រាយបញ្ចប់នៅឡើយទេ។
ប្រជាពលរដ្ឋទាំងនោះ បានឲ្យ ដឹងថា ពួកគាត់បានទិញដីពីប្រជាពលរដ្ឋមុនបណ្តឹងកើតឡើង ដែលមានទទួលស្គាល់ពីអាជ្ញាធរដែនដីរបស់រាជរដ្ឋាភិបាល ហើយដីខ្លះ ពួកគាត់បានទិញពីក្រុមហ៊ុន លោក ឧកញ៉ា ម៉ុង ឬទ្ធី ប៉ុន្តែបច្ចុប្បន្នពួកគាត់បានអះអាងថា លោក ជៀម ផែន បានធ្វើប្លង់គោល ព័ទ្ធយកដីរបស់ពួក គាត់ទាំងអស់ ។
ក្រុមប្រជាពលរដ្ឋ៥០ គ្រួសារបានឲ្យដឹងថា ដីពួកគាត់កន្លងមកបានដំាដំឡូងមី ធ្វើស្រែ ដាំដើមប្រេងខ្យល់ និង ដើមអាកាស្យា ហើយថែមទាំងបានធ្វើការលក់ដូរ នូវដំណាំទំាងអស់នោះទៀតផង មិនដែលកើតមានទំនាស់ទេ រហូតដល់ឆ្នាំ២០០៧ ទើបពួកគាត់ដឹងថា លោក ជៀម ផែន ចោទប្រកាន់ពួកគាត់ថា ដំាដំណាំទាំងនោះ នៅលើ ដីរបស់ ជៀម ផែន ខណៈប្រជាពលរដ្ឋទាំងអស់ មិនដែលឮឈ្មោះ និងស្គាល់លោក ជៀម ផែន ផង។
ទំនាស់បានបន្ត អូសបន្លាយរហូត មកទល់ពេលនេះ ដោយបានធ្វើឲ្យប្រជាពលរដ្ឋ៤៩ គ្រួសារខាងលើ នៅសល់ តែ២៥ គ្រួសារ ដែលនៅក្រាញ់តស៊ូ នៅលើទីតាំងភូមិ របស់ពួកគាត់ បើទោះបីជា២៤ គ្រួសារ ផ្សេងទៀត ត្រូវ បានពួកគាត់អះអាងថា លោក ជៀម ផែន បង្ខំឲ្យផ្តិចមេដៃលក់ដីភូមិ និងដីចំការ ក្នុងតម្លៃមិនសមរម្យក៏ដោយ ។
ថ្មីនេះ ប្រជាពលរដ្ឋដែលមានដីដាំចំការ ក៏បានបន្តដំាដំណាំនៅលើដីរបស់ខ្លួន ក៏កើតទៅជាបញ្ហា ខណៈដែល អាជ្ញាធរស្រុកស្ទឹងហាវ បានឃាត់ខ្លួនកម្មករចំាចំការ៤ នាក់ ថា ចូលទៅសង់កូនផ្ទះដោយខុសច្បាប់នៅលើដី របស់លោក ជៀម ផែន ទៅវិញ ហើយបានចោទម្ចាស់ដីថា ជាជនអនាធិបតេយ្យថែមទៀតផង។
ប្រជាពលរដ្ឋ បាននិយាយថា ពួកគាត់ឥឡូវនេះ ត្រូវបានគេចោទថា ជាជនអនាធិបតេយ្យនៅលើដីខ្លួនឯង។ ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋចំនួន៥០ គ្រួសារ ដែលបានទិញដី នៅក្នុងភូមិកែវផុសនេះ កំពុងមានវិវាទជាមួយលោក ជៀម ផែន អ្នកខ្លះបានអះអាងថា ត្រូវបាន លោក ជៀម ផែន ដាក់កម្លាំងប្រើអំណាចរំលោភយកស្រស់ៗ ដោយការឈួសឆាយ និងមានករណីខ្លះលួចដុតព្រៃ ដុតផ្ទះចាំ ដីជាដើម ហើយនៅក្នុងរឿងនេះដែរ សូម្បីតែប្រជាពលរដ្ឋ ៤៩ គ្រួសារ ដែលធ្លាប់ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញ ស.ជ.ណ សម្រេចឲ្យលោក ជៀម ផែន ប្រគល់ដីឲ្យនោះ ឥឡូវបែរ ជាត្រូវរងគ្រោះនៅលើដីខ្លួនឯង ខ្លះជាប់ពន្ធនាគារ ខ្លះរត់ចោលស្រុក តាមដីការចោទប្រកាន់ថា រំលោភ បំពាន និងបំផ្លាញទ្រព្យសម្បត្តិ នៅលើដី ដែលខ្លួនកំពុងកាន់កាប់ទៅវិញ ហើយ បច្ចុប្បន្ននេះដែរ ប្រជាពលរដ្ឋ៤៩ គ្រួសារនៅទីនោះ គឺនៅសល់តែ២៥ គ្រួសារប៉ុណ្ណោះ ដែលក្រាញននៀលមិនព្រមទៅណា ព្រោះគាត់ចង់រស់នៅ ប្រកបរបររកស៊ី និងស៊ូស្លាប់លើដីខ្លួនឯង លើកលែងតែប្រជាពលរដ្ឋ២៤ គ្រួសារទៀតប៉ុណ្ណោះ ដែលត្រូវបាន លោក ជៀម ផែន ធ្វើការគំរាម និងបង្ខំឲ្យលក់ដីឲ្យក្នុងតម្លៃថោកៗ (ពី៤ លានរៀល ទៅ ៨ លានរៀល) ។
ជាមួយគ្នានោះដែរ បក្ខពួកលោក ជៀម ផែន ក៏បានបំផ្លាញសាលារៀន នៅចំណុចចំរាំង កូនអ្នកភូមិ ដែលធ្លាប់តែមានឱកាសអង្គុយរៀនទល់ខ្នងគ្នា ក្នុងបន្ទុបមួយ ថ្នាក់ពីរ មិនបានប៉ុន្មានសាលារៀន របស់ពួកក្មេងក៏ត្រូវដួលរាបនៅលើស្មៅ ហើយត្រូវបានគេជីបបំបាត់ភស្តុតាង បន្ទាប់មកនៅពេលថ្មីៗនេះ អ្នកភូមិស្ម័គ្រចិត្ត បាន ចាប់ផ្តើមបង្រៀនក្មេងៗ ដែលកំពុសស្រែកឃ្លានចំណេះទាំងនោះ នៅក្រោមដើមឈើ ក្រោមផ្ទះ តែទីបំផុត ក៏ត្រូវបានតុលាខេត្តព្រះសីហនុ ចេញដីកា បណ្តេញចេញថែមទៀត ។
ទោះជាយ៉ាងណាក៏ដោយករណីនេះ ក៏ពុំអាចទម្លាក់កំហុសទៅលើលោក ជៀម ផែន ទាំងស្រុងនោះដែរ ភាគី លោក ជៀម ផែន អះអាងថា ការឈួសឆាយដី គឺសំអាងទៅលើប្លង់ដឺម៉ាសជាកម្មសិទ្ធិមួយរបស់លោក ដែល ចុះហត្ថលេខា នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៩៧ ដែលមានអតីតសពមេឃុំជ្រោយស្វាយ និងប្រធាន ការិយាល័យ ភូមិបាលស្រុកស្រែអំបិល លោក មាស សាបាន ហើយរឿងនៅចំណុចចំរាំង ក្នុងភូមិកែវផុស វិញ លោក ជៀម ផែន ក៏បានអះអាងថា ប្រជាពលរដ្ឋ ទំាងនោះបានលក់ដីឲ្យគាត់ ហើយខ្លះមិនព្រមរុះរើចេញ និងថា អ្នកខ្លះទៀត គឺជាជនអនាធិបតេយ្យ ដែលមករស់នៅក្នុងភូមិទន្ទ្រាន កាប់ឆ្ការរស់នៅលើដី លោកដោយខុសច្បាប់វិញ ។
ទំនាស់ដីធ្លី ដែលស្ថិតនៅចំណុចភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នេះ តាមពិតទៅគេស្មាន ថា បានចប់សព្វគ្រប់បាត់ទៅហើយ បន្ទាប់ពីសម្តេច តេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានចេញ ស.ជ.ណ សម្រេចឲ្យភាគីលោក ជៀម ផែន ប្រគល់ដីជូនប្រជាពលរដ្ឋតាំងពីឆ្នាំ២០០៨ ប៉ុន្តែស្រាប់តែ នៅឆ្នាំ ២០១១ នេះ ក៏លិចចេញនូវ ស.ជ.ណ មួយថ្មី សម្រេចឲ្យភាគីលោក ជៀម ផែន មានសិទ្ធិគ្រប់គ្រងទៅលើដីនៅ ចំណុចនោះវិញ មិនត្រឹមតែប៉ុណ្ណឹងទេ ថែម ទាំងមានប្រជាពលរដ្ឋខ្លះ ដែលពីមុនធ្លាប់បានធ្វើការតវ៉ា ហើយទទួល បានជោគជ័យ បែរជាម្នាក់ត្រូវជាប់ពន្ធនាគារជាង២ ឆ្នាំ មកហើយ ឯប្រជាពលរដ្ឋ៨ នាក់ ទៀត មានដីការតាម ចាប់ខ្លួន ដោយឡែក២៤ គ្រួសារទៀត បានចាកចេញពីភូមិ បន្ទាប់ពីត្រូវបានលោក ជៀម ផែន គំរាម សម្លត់ និង បង្ខំឲ្យលក់ដីឲ្យក្នុងតម្លៃថោកៗ ហើយបច្ចុប្បន្នប្រជាពលរដ្ឋដើម រស់នៅក្នុងភូមិគឺសល់តែ២៤ គ្រួសារប៉ុណ្ណោះ ដែលក្រាញននៀល មិនព្រមចាកចេញពីដីរបស់ខ្លួន ពោលគឺសុខចិត្តស្លាប់ លើដីដែល ពួកគាត់អះអាងថា ជាកម្ម សិទ្ធិស្របច្បាប់ និងក្នុងនោះក៏មានប្រជាពលរដ្ឋ៥០ គ្រួសារទៀត ក៏នៅតែបន្តធ្វើការតវ៉ាជាមួយ លោក ជៀម ផែន ដែលបានរំលោភបំពានដី ដែលពួកគាត់បានទិញស្រប់ច្បាប់ពីប្រជាជន និងបានទិញស្របច្បាប់ពីបុគ្គលិក របស់លោក ឩកញ៉ា ម៉ុង ឫទ្ធី ៕