Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ស្វែងយល់អំពី សំណង់ វិមានឯករាជ្យ

$
0
0

ភ្នំពេញ៖ ប្រទេសនីមួយ រមែងមានទីកន្លែង និងមានសំណង់ដែលមានរចនាបថ ទៅតាមវប្បធម៌របស់ខ្លួន ដើម្បីប្រារព្ធទិវាឯករាជ្យជាតិ ឬ សម្រាប់គោរពវិញ្ញាណក្ខន្ធ ប្រពលរដ្ឋ ដែលបានពលីជីវិតក្នុងបុព្វ ហេតុជាតិមាតុភូមមិរបស់ខ្លួន។

ចំពោះប្រទេសកម្ពុជា មានវិមានឯករាជ្យ ដែលភាសាអង់គ្លេស (Independence Monument) ត្រូវបានកសាងឡើងរួចរាល់ និងសម្ពោធដាក់ឲ្យប្រើប្រាស់នៅឆ្នាំ១៩៥៨ ក្នុងរាជ្យព្រះបាទ នរោត្តម សុរាម្រិត (១៩៥៥-១៩៦០) ជាព្រះវរាជបិតា របស់ សម្តេចព្រះ នរោត្តម សីហនុ ជានិមិត្តរូបបញ្ជាក់ថា ប្រទេសកម្ពុជា បានទទួលឯករាជ្យ ពីប្រទេសបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ វិមានឯករាជ្យ កាលពីមុនគេហៅថា អនុស្សាវរីយ៍វិមានឯករាជ្យ ឈរយ៉ាងខ្ពស់ត្រដែតនៅទីតាំងស្ថិតចំកណ្តាលរង្វង់ មូលចរាចរ រវាងមហាវិថីព្រះនរោត្តម និង រុក្ខវិថីព្រះសីហនុ ចំកណ្តាលរាជធានីភ្នំពេញ។

វិមានឯករាជ្យ រចនាប្លង់ (គូរប្លង់) ដោយស្ថាបត្យករខ្មែរដ៏ល្បីល្បាញ គឺលោក វណ្ណ មូលីវណ្ណ (Vann Molyvann) មានកម្ពស់ ២០ម៉ែត្រ មាន ៥ជាន់ ដោយយកលំនាំតាម រាងផ្កាឈូកក្រពុំ តាមគំរូរចនាបថរបស់អង្គរ លំអដោយក្បាលពស់នាគរាជចំនួន ១០០ (១ជាន់២០, ១ជ្រុង៥) ដែលរំលេចចេញយ៉ាងច្បាស់នូវម៉ូដ (រចនាបថ) របស់ប្រាង្គប្រាសាទ អង្គរវត្ត។ ចំណែកអ្នកកសាងវិមានឯករាជ្យ តាមប្លង់របស់លោក វណ្ណ មូលីវណ្ណ គឺលោក តឹង វឿត ជាស្ថាបត្យករដ៏ល្បីល្បាញ។

ចំពោះក្បាលពស់នាគរាជចំនួន ១០០នេះ មានឯកសារខ្លះ បានពន្យល់ថា យកតាមចំនួនឆ្នាំ ដែលប្រទេសកម្ពុជា ស្ថិតនៅក្រោមអាណានិគមនិយមបារាំង ជិតមួយសតវត្សរ៍ (១សតវត្សរ៍ មាន ១០០ឆ្នាំ) គឺ៩០ឆ្នាំ (១១ សីហា ១៨៦៣-០៩ វិច្ឆិកា ១៩៥៣)។ រីឯលោក តឹង វឿត មានស្រុកកំណើតនៅខេត្តបាត់ដំបង គាត់ប្រកបរបរជា ជាងកំបោរ និង ជាងចម្លាក់ ជាមួយក្រុមហ៊ុនម៉ៅការសាងសង់ក្នុងខែត្រ។ លោកបានស្លាប់នៅសម័យកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម)។

មូលហេតុនាំឲ្យជ្រើសរើស យកលោក តឹង វឿត ជាអ្នកស្ថាបនាវិមានឯករាជ្យ ដែលមានលោក វណ្ណ មូលីវណ្ណ ជាអ្នកគូរប្លង់នេះ មានឯកសារខ្លះបានឲ្យដឹងថា គឺតាមការអញ្ជើញពីសម្ដេចព្រះមហាវរក្សត្រ ព្រះបាទ នរោត្តម សីហនុ ដោយកាលនោះ សម្ដេចឪ បានយាងសម្ពោធសមិទ្ធផលក្នុងវត្តពោធិវាល មានការចាប់អារម្មណ៍ចំពោះស្នាដៃរបស់គាត់ ក៏ហៅគាត់ចូលទៅសាងសង់វិមានឯករាជ្យតែម្ដង។

ស្នាដៃរបស់លោក តឹង វឿត៖ វិមានឯករាជ្យ, ចេតិយព្រះនាង គន្ធបុប្ផា, ចេតិយព្រះបាទ សុរាម្រឹត និង មហាក្សត្រិយានី កុសុមៈ, វត្តស្លាកែត (បាត់ដំបង) និងសារមន្ទីរ ខែត្របាត់ដំបងជាដើម។ គាត់បានបន្សល់ទុកគ្រាប់ពូជជាច្រើនគ្រាប់ ក្នុងនោះ មានរូបលោក វឿត សុវណ្ណ ដែលជាអ្នកបន្តវេនពីឪពុករបស់គាត់ ហើយសព្វថ្ងៃមាន ឈ្មោះបោះសំឡេងល្បីនៅខេត្តបាត់ដំបងក្នុងការគូររូប,ចម្លាក់ឈើ-ថ្មគ្រប់ប្រភេទ។

នៅចុងឆ្នាំ២០០៧ សាលារាជធានីភ្នំពេញ បានស្ថាបនាកែលំអរវិមានឯករាជ្យឲ្យមានសំរស់កាន់តែប្រសើរឡើងថែមមួយកំរិតទៀត គួរជាទីទាក់ទាញដូចជា ដាក់ភ្លើង ពណ៌ចម្រុះភ្លឺនៅពេលយប់ និងសួនបាញ់ទឹកប្តូរពណ៌នៅជុំវិញខឿនជាដើម ដែលការកែលំអរនេះចំណាយថវិកាអស់ប្រហែល៥០០លានរៀល។ ដោយមាន សភាពចាស់ទ្រុឌទ្រោម ហើយពេលខ្លះបានធ្លាក់បំណែកស៊ីម៉ង់ត៍ទាំងផ្ទាំងៗ ដែលជាការព្រួយបារម្ភ ខ្លាចមានគ្រោះថ្នាក់ នាពេលណាមួយនោះ។ឆ្នាំ២០១២ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចជួសជុល និងកែលំអជាលើកទី២ ដោយចំណាយប្រាក់អស់ពី៨០ម៉ឺនដុល្លារ រហូតដល់ជាងមួយលានដុល្លារអាមេរិក ដែលជួសជុលរួចរាល់មុនពេលទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ២០១២នេះ។

វិមានឯករាជ្យ មានបាំ្រថ្នាក់ ដែលរំលេចទៅដោយពស់នាគរាជ្យ ចំនួន១០០នេះ គឺមានចំណុច មួយទៀតគួរឲ្យចាប់អារម្មណ៍បំផុតនៅថ្ងៃរសៀល ជាពេលដែល ព្រះអាទិត្យអស្តង្គត (ជិតលិច) ចោលនូវស្រមោលមកលើរូបចម្លាក់ ដោយបង្ហាញឲ្យឃើញនូវការចាក់ស្រេះនៃរចនាបថ និងធ្វើឲ្យវិមានឯករាជ្យទាំងមូល ភ្លឺចិញ្ចែងចិញ្ចាំង។ វិមានឯករាជ្យ ឥឡូវក៏ត្រូវបានប្រើជា វិមានសម្រាប់សំគាល់ការបញ្ចប់ សង្គ្រាមនៅកម្ពុជា ជាស្តូបគោរពវិញ្ញាណក្ខ័ន្ធចំពោះអ្នកស្នេហាជាតិ ក៏ដូចដើម្បីបា្ររព្ធនូវសេរីភាព និង ឯករាជ្យជាតិរួចពីការគ្រប់គ្រងរបស់បរទេស៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles