ភ្នំពេញៈ វិមានសុភមង្គល ដែលបើកដំណើរការ ដោយទទួលសេវា រៀបចំពិធីមង្គលការ ក៏ដូចជា ពិធីអបអរផ្សេងៗទៀត នៅខណ្ឌមានជ័យ មិនបានប៉ុន្មានខែផងនោះ នាពេលនេះ មានក្រុមហ៊ុន ពាណិជ្ជកម្ម ចំនួន៤ បានបង្ហាញពីការគាំទ្រ ដោយសហការផ្គត់ផ្គង់ តាមតម្រូវការ មួយចំនួន ដល់មជ្ឈមណ្ឌលមួយនេះ ។
ពិធីចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នា (MOU) របស់ក្រុមហ៊ុនទាំង៥ ជាមួយនឹង វិមានសុភមង្គល បានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១២ នៅក្នុងមជ្ឈមណ្ឌល វិមានសុភមង្គល ក្នុងខណ្ឌមានជ័យ ដើម្បីជូនភាព ងាយស្រួល ដល់អតិថិជននានា ក្នុងការរៀបចំពិធី ផ្សេងៗ ក្នុងនោះមានក្រុមហ៊ុនសិរីមង្គល ជាក្រុមហ៊ុនសម្អាងការ, ក្រុម CAMSING ចែកចាយស្រា Chivas , ក្រុមហ៊ុនទឹកសុទ្ធនិត្យ(Neat), ក្រុមហ៊ុន ស្រាបៀរសាមីហ្គែល (Sanmiguel) និងក្រុមហ៊ុន Farlin ផងដែរ ។
លោក វេង គីមសុង តំណាងគណៈគ្រប់គ្រង វិមានសុភមង្គល បានឱ្យដឹងថា អគារមជ្ឈមណ្ឌល វិមានសុភមង្គល គឺជាអគារមួយ ដែលរចនាឡើង យ៉ាងល្អប្រណិត និងមានទីធ្លាធំទូលាយ ព្រមទាំងមាន បរិក្ខាទំនើបៗ ដែលជាជម្រើស ដ៏ល្អបំផុតសម្រាប់អតិថិជន ក្នុងការរៀបចំ ពិធីរៀប អាពាហ៍ពិពាហ៍ និងកម្មវិធីអបអរ ផ្សេងៗទៀតផងដែរ។ លោកបានស្វាគមន៍យ៉ាងខ្លាំង ចំពោះកិច្ចសហការនេះ ។
លោក ហ៊ី វីរៈ អគ្គនាយកក្រុមហ៊ុន សិរីមង្គល បានមានប្រសាសន៍ថា កិច្ចសហការនេះ នឹងបង្កើននូវ កញ្ចប់ ដ៏ពិសេស ដើម្បីផ្តល់ជូនដល់អតិថិជន ក្នុងការរៀបចំពិធីអបអរផ្សេងៗ ឱ្យកាន់តែមានលក្ខណៈប្រសើរឡើង ។ ហើយអតិថិជនទាំងនោះ ក៏មិនសូវចំណាយពេលវាលាច្រើន ដើម្បីស្វះស្វែង រៀបចំពិធីអបអរនោះ ដោយខ្លួនឯង ព្រោះថា នៅទីនេះ មានអ្វីៗទាំងអស់ រួចទៅហើយ ។
ដោយឡែកលោក បាន ដារ៉ា តំណាងមកពីក្រុមហ៊ុន CAMSING ក៏បានបង្ហាញពី ចំណាប់អារម្មណ៍ ដូចគ្នា ទៅនឹងលោក ហុង រតនា តំណាងមកពី ក្រុមហ៊ុនស្រាបៀរ Sanmiguel ដែរថា កិច្ចសហការនេះ នឹងនាំមកនូវ ផលប្រយោជន៍ ទៅវិញទៅមក ទាំងអតិថិជន ក៏ដូចជាក្រុមហ៊ុនទាំង៦ ។ មិនតែប៉ុណ្ណោះ កិច្ចសហការនេះ ក៏ជាការរិតចំណងមិត្តភាព រវាងក្រុមហ៊ុន និងក្រុមហ៊ុនផងដែរ ៕