បច្ចុប្បន្ននេះកម្ពុជា កំពុងរីកចម្រើនលើ វិស័យបច្ចេកវិទ្យា ក្នុងនោះអ្នកនិយមប្រើប្រាស់ប្រព័ន្ធ Internet ក៏មានការកើនឡើង គួរអោយគត់សំគាល់ ដោយក្នុងនោះមាន ប្រើប្រាស់ដើម្បីការងារ និងការកំសាន្តផងដែរ ។ ប៉ុន្តែអី្វដែលជាបញ្ហា និងក្តីកង្វល់ដ៏ធំដល់សង្គមនោះគឺ ការលេង
ហ្គេម Online តែម្តង ។
សិស្សសាលាមួយចំនួនធំ បានគេចសាលា ដោយសារការអូសទាញ និងឈ្លក់វង្វេងភ្លេចការសិក្សា ព្រោះតែការលេងហ្គេម លើប្រព័ន្ធអ៉ីនធើណែត ហើយអ្នកលេងទាំងនេះត្រូវបានគេ ប្រាប់អោយដឹងថា បាននិងកំពុងលេងយ៉ាងវក់វី ភ្លេចបាយ ភ្លេចទឹក និងភ្លេចការសិក្សា ក្មេងៗខ្លះប្រាប់ឪពុកម្តាយថា ទៅសាលារៀន ប៉ុន្តែតាមពិត ពួកគេនាំគ្នាទៅលេងហ្គេម នៅតាមហាង អ៉ីនធើណែតទៅវិញ ។
អ្នកស្រី ណារី បានត្អូញត្អែរប្រាប់ដើមអម្ពិលថា កូនៗរបស់គាត់ ២នាក់ បច្ចុប្បន្នបាននឹងកំពុង ឈ្លក់វង្វេងយ៉ាងខ្លាំង និងការលេងហ្គេមតាមប្រព័ន្ធ Online មិនចូលសាលារៀនទេ ដោយប្រាប់ថាទៅរៀន ប៉ុន្តែបែរជាទៅហាងអ៉ីនធើណែត លេងហ្គេមទៅវិញ ! អ្នកស្រីបានបញ្ជាក់ថា រូបគាត់បានតាមកូនៗរបស់គាត់ កំពុងលេងហ្គេម ៥-៦ ដងហើយ នៅម្តុំ ក្បែរសាលាទួលស្វាយព្រៃ នៅទីនោះមាន កុំព្យូទ័រជាច្រើនគ្រឿង ហើយមានក្មេងៗ លេងពេញទូទាំងអស់ ។ រូបគាត់ពិតជា មានការព្រួយបារម្ភណាស់ អំពីការសិក្សារបស់កូនគាត់ ហើយស្នើសុំអោយអាជ្ញាធរ និងថា្នក់ដឹកនាំ រាជធានីភ្នំពេញ មេត្តាពិចារណា ក្នុងការបិទហាង ហ្គេម ដែលកំពុងលេងយ៉ាងវក់វី ពេញទីក្រុងដ៏ល្អត្រកាលមួយនេះ ។
សូមជំរាបថា ហាងអ៉ីនធឺណិតមួយចំនួន ដែលធ្លាប់តែបម្រើសេវាកម្មអ៉ីនធើណិតបាន ផ្លាស់ប្តូរមកបម្រើសេវាកម្ម ល្បែងហ្គែមអនឡាញវិញ ពីព្រោះអតិថិជនមួយចំនួនធំ មានសេវាកម្មអ៉ីនធើណែត និងគណនីពីក្រុមហ៊ុន ផ្តល់សេវាកម្ម ហ្គេម Online នៅក្នុងហាងស្រាប់ ។
ប្រជាពលរដ្ឋមួយចំនួន នៅរាជធានីភ្នំពេញ បាននិយាយថា ល្បែងហ្គេមអនឡាញ តាមប្រព័ន្ធអ៉ីនធឺណិតនេះ គឺបង្កការគ្រោះថ្នាក់ដ៏ធំចំពោះកុមារ និងយុវវ័យ ពីព្រោះពួកគេមួយចំនួនបាន និងកំពុងចំណាយពេលយ៉ាងច្រើន ខាតលុយកាក់ និងរំខានដល់ការងារសិក្សា ជាមួយនឹងហ្គេមនេះ៕