ភ្នំពេញ៖ មន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ៤រូប ក្នុងនោះមានម្នាក់ ឋានៈ ជាអគ្គ នាយករង ដែលបានចាប់ខ្លួន ដោយអង្គភាព ប្រឆាំងអំពើពុករលួយ កាលពីពេលថ្មីនេះៗ និងត្រូវជាប់ ពន្ធនាគារ ជាបណ្តោះអាសន្ន នោះ ស្រាប់តែនៅ ល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១២ នេះ មានព័ត៌មានថា មន្រ្តីទាំង៤នាក់នេះ ត្រូវបានដោះលែង ឲ្យមានសេរីភាពវិញ ។
យ៉ាងណាក៏ដោយ ចំពោះព័ត៌មាន ខាងលើនេះ ដែលត្រូវ បានផ្សព្វផ្សាយ តាមវិទ្យុបរទេស ក្នុងស្រុកមួយនោះ មិនមានមន្រ្តីណាម្នាក់ របស់ក្រសួងរៀបចំដែនដី ចេញមក បញ្ជាក់អះអាងជា ផ្លូវការនោះឡើយ បូករួមទាំង មន្រ្តីដែលស្និទ្ធ នឹងលោកទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម ទៀតផង។
យោងតាម សេចក្តីរាយការណ៍ មួយចំនួនបានឲ្យដឹងថា មន្រ្តីទាំង៤នាក់ នៅក្រសួងរៀបចំដែនដី រួមមាន ថ្នាក់អគ្គនាយករង ប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋាន ដែលសុទ្ធ តែជាប្រធានគម្រោង និងអនុប្រធានគម្រោង ត្រូវបានដោះលែង ឲ្យនៅក្រៅឃុំ ក្រោយពេលដែល ជាប់ឃុំឃាំង ជាបណ្តោះអាសន្ន មួយរយៈពេលថ្មី ក្រោយពេល ដែលពួកគេ ត្រូវបានចាប់ខ្លួន ជាប់ពាក់ព័ន្ធ នឹងអំពើ ពុករលួយ ក្នុងសំណុំរឿងដីធ្លី សង្គមកិច្ច។
ចំពោះព័ត៌មានខាងលើនេះ ត្រូវបាន មន្រ្តីមួយរូបសូម មិនបញ្ចេញឈ្មោះ បានឆ្លើយថា លោកមិនដឹងនោះទេ ហើយរហូតមកដល់ម៉ោង ៦ល្ងាចថ្ងៃទី១៣ ខែសីហា នេះ ខណៈរូបលោក នៅក្រសួង ក៏មិនទាន់ មានការនិយាយពីព័ត៌មាន នេះឡើយ។
មន្រ្តីរូបនេះ បានបន្តថា លោកមិនទាន់ដឹងនោះទេ ផ្ទុយទៅវិញ គ្រាន់តែដឹងថា ជនទាំង៤នាក់ នឹងត្រូវ តុលាការ យកមកជម្រុំជម្រះ នៅពេលខាងមុខដ៏ខ្លីនេះ ។
ប៉ុន្តែមន្រ្តីរូបនេះ បានបង្ហើបថា ក្នុងរយៈពេលថ្មីនេះៗ នៅក្នុងក្រសួងដែនដី ចេះតែឮគេនិយាយ ខ្សឹបខ្សៀវថា មន្រ្តីទាំង៤ នាក់ខាងលើនេះ អាចនឹងមានសេរីភាព ផងដែរ។ ជាមួយគ្នានេះ ទាំងមន្រ្តីអ្នកនាំពាក្យ និងមន្រ្តី ដែលស្និទ្ធ នឹងលោកទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម សុទ្ធតែឆ្លើយថា មិនទាន់ដឹងពីព័ត៌មាននេះទេ ។
ដោយឡែក លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យនៃរាជរដ្ឋាភិបាល មិនស្វែងរក ចម្លើយណាមួយនោះទេ តាមសារទូរស័ព្ទនៅយប់ថ្ងៃទី១៣ ខែសីហា នេះ។
សូមបញ្ជាក់ថា មន្រ្តីក្រសួងរៀបចំដែនដី ទាំង៤នាក់នោះរួមមានទី១ ឈ្មោះ សារ៉េត បូរ៉ាមី អគ្គនាយករង នៃគណកម្មការ រៀបចំដែនដី សម្បទានសង្គមកិច្ច និងជាប្រធានគម្រោង,ទី២ ឈ្មោះ ទុយ ឡៃរិទ្ធី នាយករង នាយកដ្ឋានហិរញ្ញកិច្ច និងជាអនុប្រធានគម្រោង,ទី៣ ឈ្មោះ អ៊ី សារ៉ា នាយករង នាយកដ្ឋានហិរញ្ញកិច្ច និងអនុប្រធានគម្រោង និងទី៤ ប្រធាននាយករដ្ឋាន ហិរញ្ញកិច្ច ត្រូវបាន ចាប់ខ្លួន ដោយអង្គភាពប្រឆាំងពុករលួយ ដោយជាប់ពាក់ព័ន្ធ និងអំពើពុករលួយ ក្នុងសំណុំរឿងដីធ្លី៕