ខេត្តស្ទឹងត្រែង៖ កម្លាំងមន្រ្តីរដ្ឋបាលព្រៃ ឈើស្ទឹងត្រែង សហការជាមួយនគរបាល នៃស្នងការនគរបាលខេត្ត ធ្វើការចុះបង្រ្កាបបទល្មើសព្រៃឈើ តាមដងទន្លេសេកុង និងសេសាន រឹកអូសឈើប្រភេទធ្នុងបាន ចំនួនជាង៣០០កំណាត់ កាលពីថ្ងៃទី១៣ ខែ សីហា ឆ្នាំ២០១២។
តាមការឱ្យដឹងពីលោក សិទ្ធ សំណាង នាយផ្នែករដ្ឋបាលព្រៃឈើ ស្ទឹងត្រែងថា កំលាំងរដ្ឋបាលព្រៃ ឈើ សហការជាមួយនគរបាល ស្នងការនគបាលខេត្ត បានធ្វើការ រឹបអូសឈើនៅចំណុច ជួរអ្នកតា ភូមិ សាស្រ្តឃុំស្រែគ ស្រុកសេសាន បានចំនួនជាង ១០០កំណាត់ ជាប្រភេទឈើធ្នុង ដោយការប្រតិបត្តិការ បង្រ្កាបនេះ បានធ្វើ ឡើងរយៈពេល៣ថ្ងៃកន្លងមកហើយ និងបានប្រមូលឈើទាំងនោះ ទៅរក្សាទុកនៅ ថ្នាលបណ្តុះកូនឈើឃុំស្រែគរ។
លោកបន្តថា រហូតដល់ថ្ងៃទី១៣ សីហា មិនទាន់បានដឹង ពីចំនួនប៉ុន្មានម៉ែត្រគូបនៅឡើយទេ ហើយកំពុងតែស្វែងរកឈើទាំងនោះ ដែលឈ្មួញយកមកលាក់ទុក ក្នុង ព្រៃក្បែមាត់ច្រាំងទន្លេសេសានជា បន្តទៀត។
មន្រ្តីរដ្ឋបាលព្រៃឈើ បានឱ្យដឹងថា ឈើធ្នុងប្រភេទត្រូវប៉ានជាង ២០០កំណាត់ទៀត ត្រូវបានរឹបអូសនៅភូមិសាស្រ្ត ចំណុចទី៣ ចំណុច អូរឃ្លៀង អូរចំណាប កោះត្បែង ស្រុកសៀមប៉ាង។
មន្រ្តីរដ្ឋបាលព្រៃឈើ បានឱ្យដឹងថា ឈើដែលប្រមូលតាមដងទន្លេ ក្នុងភូមិសាស្រ្តខាងលើ គឺមិនទាន់មានចំណាត់ការថា នឹងប្រមូលទៅទុកនៅកន្លែងណា ច្បាស់ លាស់នៅឡើយ ដោយសារទីតាំង លាក់ស្តុកឈើរបស់ក្រុមឈ្មួញ វានៅឆ្ងាយពីទីតាំងរបស់រដ្ឋបាលព្រៃឈើពេក តែទោះជាយ៉ាងណាកម្លាំងជំនាញ នឹងរកមធ្យោបាយ ដឹកតាមកាណូតមករក្សាទុក នៅខណ្ឌរដ្ឋបាលព្រៃឈើ៕