ភ្នំពេញៈ ក្រុមគ្រួសារសាច់ញាតិ និស្សិតស្រីម្នាក់ ដែលត្រូវរថយន្តលាយស៊ីម៉ង់ត៍កិនស្លាប់ កាលពីថ្ងៃទី២៧ ខែកក្កដា កន្លងទៅ នាពេលនេះ បានមកទទួលថវិកា រំលែកទុក្ខ ពីវិទ្យាស្ថាន ដែលជាទឹកចិត្តរៃអង្គៀសគ្នា របស់និស្សិត បុគ្គលិក និងសាស្រ្តាចារ្យ នៃវិទ្យាស្ថាននេះ។
ពិធីប្រគល់ថវិកា ដល់សាច់ញាតិជនរងគ្រោះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១២ នៅវិទ្យាស្ថានវ៉ាន់ដា ដែលមានថវិកាសរុប ចំនួន ២,២៨៨,៦០០រៀល និង៣៨ដុល្លារ ត្រូវបានប្រគល់ជូន ម្តាយ និងស្វាមីជនរងគ្រោះ ។
លោក រឿន សារ៉ុន ត្រូវជាប្តីរបស់ និស្សិតរងគ្រោះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់និស្សិត បុគ្គលិក និងសាស្រ្តាចារ្យ នៃវិទ្យាស្ថានវ៉ាន់ដា ដែលមានទឹកចិត្តជួយរំលែកទុក្ខ ដល់ក្រុមគ្រួសាររបស់លោក ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១២ កន្លងទៅ និស្សិតស្រីម្នាក់ រៀននៅវិទ្យាស្ថាន ជំនាន់ទី៩ ត្រូវបានរថយន្តលាយស៊ីម៉ង់ត៍មួយគ្រឿង បើកបុកពីក្រោយ និង កិនស្លាប់ នៅតាម បណ្តោយ ផ្លូវវ៉េងស្រេង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណៈរូបនាង កំពុងជិះម៉ូតូតាមផ្លូវ ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ ប្តីរបស់ជនរងគ្រោះ បាននិយាយថា ក្រុមហ៊ុន Asia Insurance ដែលផ្តល់ សេវាធានារ៉ាប់រង ដល់រថយន្តបង្កហេតុ បានសងជំងឺចិត្ត ចំនួន២លានរៀល នៅជំហានដំបូង ម្តងរួចមកហើយ និងបានសម្រេចសងថ្លៃជំងឺចិត្តផ្តាច់ ចំនួន ២លានរៀល បន្ថែមទៀត ប៉ុន្តែភាគីសាច់ញាតិជនរងគ្រោះ ពុំព្រមទទួលសំណងក្រោយនេះឡើយ ដោយយល់ថា ពុំសាកសម ហើយគ្រោងរៀបចំបណ្តឹង ទៅសាលាដំបូងរាជធានីភ្នំពេញ ៕