ភ្នំពេញ៖ លោកឧបនាយរដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី ក្រសួងការបរទេសកម្ពុជា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា កម្ពុជានៅមិនទាន់យល់ព្រម ជាមួយអូស្រ្តាលីនៅឡើយទេ លើសំណើទទួលយកជនភៀសខ្លួនរបស់ប្រទេសនេះ។
រដ្ឋលេខាធិការក្រសួងការបរទេស លោក អ៊ុច បូរិទ្ធ ថ្លែងថា នៅក្នុងជំនួបពិភាក្សាការងាររវាង លោកឧបនាយរដ្ឋមន្ត្រី ហោ ណាំហុង ជាមួយ លោក ហាវលាង ស៊ូ ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤នេះ នាទីស្ដីការក្រសួងថា រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការ ពិសេសមួយដើម្បីធ្វើការសិក្សា ទទួលសំណើអូស្ត្រាលីលើជនភៀសខ្លួននេះ។
លោក ថា" រាជរដ្ឋាភិបាលគ្រាន់តែយល់ព្រម ជាគោលការណ៍ប៉ុណ្ណោះលើបញ្ហានេះ អត់ទាន់ “OK” ទេ មានន័យថា យើងនៅពិនិត្យពិចារណាបន្ថែមទៀត ឲ្យសមស្របទៅ និងស្តង់ដាអន្តរជាតិ ពោលគឺឈរលើគោលការណ៍ស្ម័គ្រចិត្ត អត់មានការបង្ខំជុំវិញការទទួលយក ជនភៀសខ្លួនអូស្ត្រាលី"។
លោកបន្ថែមថា សម្រាប់ការរិះគន់មកកម្ពុជា លើសំណើជនភៀសខ្លួនអូស្ត្រាលី ជារឿងរបស់អ្នករិះគន់ ហើយរឿងរបស់រាជរដ្ឋាភិបាល ជារឿងរបស់រាជរដ្ឋាភិបាល។
លោក ហាវលាង ស៊ូ ថ្លែងថា "ខ្ញុំមានព័ត៌មានតិចតួច ជុំវិញបញ្ហាជនភៀសខ្លួននេះ ខ្ញុំមិនអាចធ្វើសេចក្ដីថ្លែងការណ៍ណាមួយ ជាក់លាក់បានទេលើបញ្ហានេះ"៕